ហ៊ុន សែន-សម រង្ស៊ី ជួប​មុខ​គ្នា​ប្រើ​ភាសា​«គ» ពេល​ដំណើរ​យាង​និវន្តន៍​នៃ​​​ព្រះមហាក្សត្រ

ដោយសារការយាងនិវត្តន៍ របស់ព្រះមហាក្សត្រសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ នារសៀលថ្ងៃទី១១ ខែកញ្ញានេះ មានវត្តមានទទួលព្រះអង្គដោយមេគណបក្សធំៗទាំងពីរ គណបក្សកាន់អំណាច និងគណបក្សប្រឆាំង។ គេចាត់ទុក ថានេះជាជំនួបមុខគ្នា ដោយផ្ទាល់លើកទីមួយ រវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី បន្ទាប់ពីបែកគ្នាជិតមួយអាណត្តិនោះ ប៉ុន្តែមិនមានការជួបជជែកគ្នាអ្វីមួយនោះឡើយ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: September 11, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដោយសារការយាងនិវត្តន៍ របស់ព្រះមហាក្សត្រសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ នារសៀលថ្ងៃទី១១ ខែកញ្ញានេះ មានវត្តមានទទួលព្រះអង្គដោយមេគណបក្សធំៗទាំងពីរ គណបក្សកាន់​អំណាច និងគណបក្សប្រឆាំង។ គេចាត់ទុក ថានេះជាជំនួបមុខគ្នា ដោយផ្ទាល់លើកទីមួយ រវាងលោក ហ៊ុន សែន និង​លោក សម រង្ស៊ី បន្ទាប់ពីបែកគ្នាជិតមួយអាណត្តិនោះ ប៉ុន្តែមិនមានការជួបជជែកគ្នាអ្វីមួយនោះឡើយ។


ដំណើរយ៉ាងត្រឡប់វិញ របស់ព្រះមហាក្សត្រនរោត្ដម សីហមុនី នៅព្រលានយន្ដហោះភ្នំពេញ ថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

អ្នកសារព័ត៌ជាតិ និងអន្តរជាតិរាប់សិបនាក់ បានចោលក្រសែរភ្នែកដូច«សត្វមៀម» រំពៃមើលគ្រប់ទិសទីដើម្បី​ដឹងពី​ស្ថាន​ការណ៍ នៃការមកដល់ចំពោះថ្នាក់ដឹកនាំកំពូលៗទាំងពីរបក្សនោះ ព្រោះតែចង់ដឹង ថាវាទំនងជាមានជំនួប ឬមានការ​«ចាប់ដៃ»គ្នា និងមើលមុខគ្នាឬយ៉ាងណា រវាងមេដឹកនាំគណបក្សទាំងពីរ។

វត្តមាននៃថ្នាក់ដឹកនាំគណបក្សទាំងពីរ

ក្នុងពេលមានវត្តមាន នៃថ្នាក់ដឹកនាំកំពូលរបស់គណបក្សសង្រ្គោះជាតិ បានមកដល់ព្រលានយន្តហោះ ក្នុងអំឡុងម៉ោង​ជាងពីរល្ងាច ដែលមានលោក សម រង្ស៊ី លោក កឹម សុខា ព្រះអង្គម្ចាស់ធម្មិកោ និងមន្រ្តីជាន់ខ្ពស់ផ្សេងៗទៀត។ លោកសម រង្ស៊ី ក៏បានចុះចេញពីឡាន និងផ្តល់បទសម្ភាសយ៉ាងខ្លីដល់អ្នកសារព័ត៌មានថា «មិនមានជំនួបអ្វីនោះទេ ការមកនេះ គ្រាប់​តែមកទទួលដំណើរនិវត្តន៍ នៃព្រះមហាក្សត្រសម្ដេចព្រះបរមនាថនរោត្ដម សីហមុនី និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ តែប៉ុណ្ណោះ។ ចំណោះជំហរគណបក្សសង្រ្គោះជាតិ នៅរក្សាការបង្កើតគណៈកម្មាឯករាជ្យ ឯមហាបាតុកម្ម​នៅតែបន្តមាន ដោយពុំមានផ្លាស់ប្តូរឡើយ។»

បន្ទាប់មកវេលាម៉ោងជាងបី ឃើញមានវត្តមាន លោក ហ៊ុន សែន លោក ហេង សំរិន លោក ស ខេង លោក ហោណាំហុង និងមន្រ្តីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលផ្សេងទៀត។ តែក្រុមមេដឹកនាំទាំងនេះ បានធ្វើដំណើរមកដល់ដោយស្ងាត់ស្ងៀម មិនបានផ្តល់បទសម្ភាសអ្វីដល់អ្នកសារព័ត៌មាននោះទេ។ បន្ទាប់សម្រាប់ការរងចាំ គេសង្កេតឃើញថា ថ្នាក់ដឹកនាំ​គណបក្សសង្គ្រោះជាតិរងចាំនៅខាងក្រៅ ធម្មតាដូចគេឯង រីឯក្រុមមន្ត្រីគណប្រជាជនកម្ពុជា នៅក្នងបន្ទប់វីអាយភី (VIP)។ អំឡុងពេលរង់ចាំនេះ មិនមានការជែកគ្នា អំពីមេគណបក្សទាំងពីនោះទេ ឯអ្នកកាសែតក៏មិនត្រូវបានអនុញ្ញាតិឲ្យចូលដែរ។

ការយាងមកដល់នៃព្រះមហាក្សត្រ

វេលាម៉ោងជាងបួនល្ងាច យន្តហោះដែលយាងដំណើរព្រះមហាក្សត្រ និងសម្ដេចម៉ែបានទម្លាក់ខ្លួនចុះ ឯឥស្សរជន​នយោបាយជាន់ខ្ពស់ ទាំងអស់បានចេញទៅទទួលព្រះរាជវត្តមានព្រះអង្គ នៅទាំងភ្លៀងរលឹមតក់ៗ នាឯជណ្ដើរនៃជើង​យន្តហោះ។ ការឈរទទួលព្រះរាជដំណើរនេះ ថ្នាក់ដឹកនាំទាំងពីបក្សឈរនៅម្ខាងម្នាក់ ហើយមិនមានការស្វាគមន៍ និង​ញញឹមរកគ្នានោះទេ។ ប៉ុន្តែដោយសារអ្នកសារព័ត៌មាន នៅឆ្ងាយ គេមិនអាចមើលដឹងថា តើរវាងគូរបដិបក្ខទាងសង មានការ«ញ៉ាក់ភ្នែក»ដាក់គ្នា ឬនិយាយភាសា«គ»ដាក់គ្នា ដែរឬក៏អត់ទេ។

ក្រោយពីយាងព្រះរាជដំណើរព្រះមហាក្សត្រហើយ មេបក្សទាំងពីរក៏បានបែកគ្នារៀងៗខ្លួន។ ថ្នាក់ដឹកនាំគណបក្ស​ប្រជាជនកម្ពុជា មិនបានផ្តល់បទសម្ភាសអ្វីទាំងអស់ ដល់អ្នកសារព័ត៌មាននោះទេ។ ប៉ុន្តែការមិនបានជជែកគ្នារវាង គណបក្សទាំងពីរសូម្បីតែនៅទល់មុខគ្នាហើយនេះក៏ដោយ ត្រូវបានបញ្ជាក់អះអាងដោយមេដឹកនាំគណបក្សប្រឆាំង លោកសម រង្ស៊ី និងលោកកឹម សុខា នៅមុនពេលលោកឡើងរថយន្ត។

សម រង្ស៊ី រោម៉ាស៊ីនបន្ថែម «ចេញពីព្រលានយន្ដហោះទៅខេត្តភ្លាម»

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានបន្ថែមថា ដោយពេលវេលាខ្លីព្រះមហាក្សត្រក៏មិន​បាននិយាយអ្វី​នោះ​ដែរ ដោយព្រះអង្គគ្រាន់តែថ្លែងអំណរគុណ ដែលបានមកទទួលព្រះរាជដំណើរយាងត្រឡប់ របស់ព្រះអង្គតែប៉ុណ្ណោះ។ លោកក៏បានបញ្ជាក់ថា «យើងគោរពព្រះមហាក្សត្រទាំងអស់គ្នា យើងរង់ចាំព្រះរាជបន្ទូល នឹងយកទៅគិតពិចារណា។ (...) ចាំទទួលព្រះរាជតម្រិះសិន ចាំពិភាក្សាជាក្រោយ»។

លោកបន្តរថា «ខ្ញុំចេញពីព្រលាននេះឆ្ពោះទៅខេត្តសៀមរាប បាត់ដំបង និងពោធិ៍សាត់។ យើងនឹងធ្វើបាតុកម្មដ៏ធំមួយ​នា​ថ្ងៃទី១៥-១៦-១៧ ខែកញ្ញានេះ តែមិនទាន់មានការកំណត់ថា នឹងត្រូវធ្វើយ៉ាងណានោះទេ។ តែអាចមានរូនភាពច្រើនយ៉ាង ដោយសន្តិវិធី និងអហិង្សា។»

រីឯលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិវិញ លោកបានបញ្ជាក់យ៉ាងខ្លីថា «ព្រះមហាក្សត្រ ក្នុងសង្គម​ប្រជា​ធិបតេយ្យ លោកគង់ជាអាជ្ញាកណ្តាល។ យើងសុំឲ្យលោកធ្វើអន្តរាគមពាក់ព័ន្ធ នឹងភាពមិនប្រក្រតី ដើម្បីរកយុត្តិធម៌​ជូន​ប្រជាពលរដ្ឋ។»

ព្រះមហាក្សត្រសម្ដេចព្រះបរមនាថនរោត្ដម សីហមុនី និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ បានយាង​ចេញទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិនកាលពីថ្ងៃទី១២ សីហា ឆ្នាំ២០១៣ កន្លងមក។ ក្នុង​ព្រះរាជសារមួយផ្ញើរទៅលោក អ៊ឺម សួស្ដី ប្រធានគ.ជ.ប ព្រះអង្គគ្រោងនឹងបើកសម័យប្រជុំសភាដំបូង ថ្ងៃទី២៣ ខែកញ្ញា ខាងមុខនេះតាមព្រះរាជសាររបស់ព្រះអង្គឆ្លើយតបទៅលោក អ៊ឹម សួស្តី ប្រធាប គ.ជ.ប កាលពីថ្ងៃទី៩ ខែកញ្ញា ថ្មីៗនេះ។

ប៉ុន្តែអ្វីដែលជាការទន្ទឹងរងចាំរបស់ក្រុមអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋទូទៅ ថាមេដឹកនាំទាំងសង​ខាងអាចនឹងជួប​ជជែកគ្នា ក្នុងឱកាសមកទទួលព្រះរាជដំណើរ យាងនិវត្តន៍របស់ព្រះមហាក្សត្រនេះ តែផ្ទុយទៅវិញ និងជាលទ្ធផល បើ​សូម្បីតែភាសារបស់មនុស្ស«គ» ក៏មិនត្រូវបានលើកមកប្រើប្រាស់ដែរ។ រីឯដំណើរចេញទៅខេត្តរបស់លោក សម រង្ស៊ី ត្រូវ​បានគេមើលឃើញថា​ លោកកំពុងតែធ្វើយុទ្ធនាការដើរប្រមូលអ្នកគាំទ្រ ដើម្បីបន្ថែមកម្លាំងតវ់ាឲ្យកាន់តែខ្លាំងថែម​ទៀត ជាពិសេសនៅថ្ងៃបាតុកម្មខាងមុខ៕

----------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១១ កញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

 

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...