សង្រ្គាមរវាងក្រុមអ្នកតវ៉ា និងសន្តិសុខ របួសជាង២០នាក់
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៥ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 15, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រោយការប៉ះទង្គិចគ្នារវាងក្រុមសន្តិសុខ និងក្រុមអ្នកតវ៉ា នៅព្រឹកថ្ងៃទី១៥ ខែមិថុនានេះ មនុស្សយ៉ាងតិច២០នាក់ បានរងរបួសធ្ងន់ និងស្រាល ក្នុងខណៈពេល ដែលក្រុមបេក្ខជនតំណាងរាស្រ្ត ជាប់ឆ្នោតរបស់គណបក្សសង្រ្គោះជាតិដឹកនាំការតវ៉ា ដើម្បីសង្រ្គោះទីលានប្រជាធិបតេយ្យ ពីការហ៊ំព័ទ្ធបន្លាលួស។
សន្ដិសុខបែកក្បាល កំពុងទទួលការលាបប្រេងកូឡា។ (រូបថត MONOROOM.Info/ C. Nita)
អំពើហិង្សា - ក្រុមសន្តិសុខការពារសណ្តាប់ និងមានជំនាញខាងបង្រ្កាបកុបកម្ម នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៤នេះ បានប៉ះទង្គិចគ្នាម្តងទៀត ជាមួយក្រុមអ្នកតវ៉ារបស់គណបក្សសង្រ្គោះជាតិ ដែលបណ្តាលឱ្យមានមនុស្សរងរបួសជាច្រើននាក់។ ព្រឹត្តិការណ៍នៃការទង្គិចដោយហិង្សាដាក់គ្នានេះ កាន់តែតានតឹងឡើង បន្ទាប់ពីសមត្ថកិច្ចចម្រុះ បានបាញ់គ្រាប់បែកផ្សែង ដើម្បីបង្ក្រាបបាតុករ ដែលដឹកនាំដោយក្រុមបេក្ខជនតំណាងរាស្រ្ត ជាប់ឆ្នោតរបស់គណបក្រសង្រ្គោះជាតិ នៅក្បែរស្ពាននាគ ដើម្បីទាមទារឱ្យដោះលែងទីលានប្រជាធិបតេយ្យមកវិញ។
ខណៈពេលដែលហេតុការណ៍ កំពុងតានតឹងនៅឡើយ ក្រុមបាតុករដែលមានការខឹងសម្បារ ជាមួយក្រុមសន្តិសុខជាយូហើយនោះ បានសងសឹកទៅវិញ ដោយវាយបកទៅលើក្រុមសន្តិសុខវិញយ៉ាងចាស់ដៃ។ ក្រោយសង្រ្គាមរវាងក្រុមអ្នកតវ៉ា និងសន្តិសុខ យ៉ាងហោចណាស់សន្តិសុខជាង២០នាក់នាក់រងរបួសធ្ងន់ និងស្រាល និងក្រុមបាតុករយ៉ាងតិច៤នាក់ត្រូវរងរបួស។
ប្រធានក្រុមស៊ើបអង្កេត នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី ចរិយា បានលើកឡើងថា មូលហេតុដែលបានបង្ក ឱ្យមានការការប៉ះទង្គិចហិង្សាដាក់គ្នានៅថ្ងៃនេះ គឺដោយការមិនបើកទីលានប្រជាធិបតេយ្យ។ លោកបានបន្តថា៖ «អាមិនបើកហ្នឹងហើយ ដែលបង្កឱ្យមានអំពើហិង្សា ហើយអំពើហិង្សាវាទទួលផលអញ្ចឹង ធ្វើឱ្យមនុស្សរងគ្រោះអញ្ចឹង ហើយនៅពេលរងគ្រោះវាកើតជាកំហឹងបុគ្គល ហើយកំហឹងបុគ្គលវាធ្វើរំលោភសិទ្ធិមនុស្ស ដូច្នេះយើងត្រូវផ្តាច់កំហឹងបុគ្គល»។ លោកថ្លែងបន្ថែមថា ដើម្បីផ្តាច់កំហឹងបុគ្គល មានតែបើទីលានប្រជាធិបតេយ្យឡើងវិញ ឱ្យប្រជាពលរដ្ឋធ្វើការតវ៉ាដោយសន្តិវិធី។
លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការលីកាដូ បានថ្លែងយ៉ាងដូច្នេះដែរថា៖ «យើងមានការសោកស្តាយណាស់ ចំពោះព្រឹត្តិការណ៍នៃការបង្រ្កាបនេះ ហើយនេះជាព្រឹត្តិការណ៍ដ៏ហិង្សាមួយទៀត បន្ទាប់ពីព្រឹត្តិការណ៍បង្រ្កាបជាបន្តបន្ទាប់នៅទីលានប្រជាធិបតេយ្យ»។ លោកអះអាងបន្តថា នេះបណ្តាលមកពីការបណ្តុះគំនិត ចងអាឃាតសងសឹកគ្នាទៅវិញទៅមក ដែលនៅមានពេលមានការជួបជុំមានការបង្រ្កាប។
ឆ្លើយតបនឹងសំនួរ ថាតើអ្នកណាខ្លះ ជាអ្នកទទួលខុសត្រូវចំពោះហេតុការណ៍ការនេះ? លោកអំ សំអាត បានពន្យល់ថា អ្នកដែលទទួលខុសត្រូវចំពោះបញ្ហានេះ គឺទាំងរដ្ឋាភិបាល និងអ្នកនយោបាយទាំងអស់ មិនអាចចោទប្រកាន់ទៅខាងណាមួយទេ ព្រោះបញ្ហានេះ គឺបណ្តាលមកពីភាពជាប់គាំងខាងនយោបាយ ទើបបង្កឱ្យមានរឿងរ៉ាវរហូតដល់ពេលនេះ៕