ទស្សនៈអ្នក​អាន៖ «ចំណេះ​ជិះ​ក​ឯង»

អត្ថបទខាងក្រោមនេះ ជាទស្សនៈមិត្តអ្នកអាន ដែលត្រូវបានសរសេរ​ជាអត្ថបទ និងផ្ញើរមកទស្សនាវដ្ដី ដោយ​ស្មេរ​ដាក់​ឈ្មោះ «ទី ឃាវុទ្ធ»។ តាមពិតទៅ កន្លង​មក មន្ត្រីគណបក្សប្រឆាំងបានពន្យល់ ជាច្រើនលើក ច្រើន​សារ តាម​រយៈ​​កិច្ច​សម្ភាស​​ជា​ច្រើន ទាក់ទងនឹងការផ្ដល់កញ្ចប់ថវិកា ចំនួនកន្លះលានដុល្លារ សម្រាប់​ឃុំ-សង្កាត់​អាណត្តិថ្មី។ បើ​ទោះ​​​ជា​ទស្សនៈខាងក្រោម នៅមិនទាន់​គ្រប់​ជ្រុងជ្រោយក៏ដោយ តែដោយគោរពសេរីភាព នៃការ​បញ្ចេញ​មតិ និង​ឲ្យ​តម្លៃ​លើ​ការ​ជជែក​វែកញែក ជាពិសេសតម្លៃសំណេរ ដើម្បី​លើក​ស្ទួយ​អក្សរសាស្ត្រ​ជាតិ ទស្សនាវដ្ដី​​​សូម​​យក​​​​អត្ថបទ​នេះ មកចុះ​ផ្សាយ​​ទាំង​ស្រុង (*) ដូចតទៅ។
ទស្សនៈអ្នក​អាន៖ «ចំណេះ​ជិះ​ក​ឯង»
ពីឆ្វេងទៅស្ដាំ៖ លោក ហ៊ុន សែន និងលោក កឹម សុខា កំពុងដឹកនាំក្បួនឃោសនាបោះឆ្នោត ជ្រើសរើស​ក្រុម​ប្រឹក្សា ឃុំ-​សង្កាត់ ឆ្នាំ២០១៧នេះ។ (រូបថត​លើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៧ មិថុនា ២០១៧
  • កែប្រែចុងក្រោយ: June 17, 2017
  • ប្រធានបទ: មតិមិត្តអ្នកអាន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ការប្រើការសន្យាខ្លីៗថា នឹងផ្ដល់នេះនោះជូនពលរដ្ឋ ដែលបោះឆ្នោត​ឲ្យ​គណបក្សខ្លួន ក្នុងន័យទាក់ទាញសន្លឹក​ឆ្នោត​ផង បន្លំពលរដ្ឋផង ជាលទ្ធផលមុខជា​មានអ្នក​អង្គុយ​ចាំទារ​ការ​អនុវត្ដសន្យា​ទាំងនោះ​មិនខាន។ ជាក់ស្ដែងដូចគណបក្សសង្គ្រោះជាតិ ដែលពេលនេះ​កំពុង​តែវ័ណ្ឌក​​ដោះ​សារ គេច​ពីការផ្ដល់កញ្ចប់ថវិកា កន្លះលានដុល្លារមួយឆ្នាំ [សម្រាប់]​មួយឃុំ​ពេលនេះអ៊ីចឹង។ នេះគឺចំណេះជិះកឯង ។

ការសន្យាបែបខ្លីៗដល់ពលរដ្ឋដែលមិនសូវតាមដាននយោបាយដិតដល់ មិនសូវចេះត្រិះរិះពិចារណា ថា​គោល​នយោបាយណាដែលអាចទៅរួច និងមួយ​ណាដែលមិនអាចទៅរួច ដូចជាការសន្យាថាបោះឆ្នោត ឲ្យបក្ស​សង្គ្រោះ​ជាតិ​ដើម្បីបានថវិការ ៥០ម៉ឺនដុល្លារមួយឆ្នាំមួយ ឃុំដើម្បី អភិវឌ្ឍន៍ឃុំសង្កាត់​ដែលខ្លួន​​ជាប់​ជា​មេឃុំ​ជាដើម គឺ​ជាការកុហក​បោកប្រាស់ពលរដ្ឋសុទ្ធសាធ ព្រោះថាគេដឹងថា វាមិនអាចទៅរួចហើយ ប៉ុន្ដែគេ នៅតែ​សន្យា។ តើឃុំ​បាន​ថវិកា​អភិវឌ្ឍឃុំ ក្នុងឆ្នាំ២០១៧នេះមកពីណា? គឺបានមកពីរដ្ឋាភិបាលអនុម័តកញ្ចប់ថវិកា តាំង​ពីជិត​ចុង ឆ្នាំមុន​ម្ល៉េះ ថាតើគួរចាយប៉ុន្មាន​ចំពោះផ្នែកនេះ។

អ៊ីចឹងសម្រាប់ឆ្នាំ២០១៧ គ្មានកញ្ចប់ថវិកាបន្ថែមឯណា ចំពោះឃុំសង្កាត់ឡើយ។ សព្វថ្ងៃនេះ គណបក្ស ដែល​កំពុង​កាន់អំណាច មានសំឡេង​គ្រប់គ្រាន់​ក្នុងការអនុម័ត​កញ្ចប់ថវិកាជាតិ ទៅតាមគោលនយោបាយ របស់​គណបក្ស​គេ ហើយវាបាន ក្លាយជាគោលនយោបាយថ្នាក់ជាតិ ដែលបានអនុម័ត​ដោយ​សភា។ ដូច្នេះ​វា​ច្បាស់​ណាស់ថា ទោះបីមន្ដ្រីបក្សប្រឆាំង ដែលពេលនេះមានលោក យឹម សុវណ្ណ បានចេញមុខ​ស្នើសុំថវិកា​អភិវឌ្ឍ​ឃុំ​សង្កាត់​​យ៉ាងណា​ក៏ដោយ ក៏មុខជាគ្មានឡើយការកែប្រែណាមួយ ចំពោះកញ្ចប់ថវិកាអភិវឌ្ឍ ឃុំសង្កាត់ឆ្នាំ​២០១៧។ ការស្នើសុំ​របស់គេ គ្រាន់តែស្នើសុំយក«ប៉េ»ថា ខ្លួន​ឈឺច្អាល​ចំពោះសំណើរ បស់ពលរដ្ឋប៉ុណ្ណោះ។ ចំណែក​ឯថវិកាសម្រាប់ ឆ្នាំ២០១៨ នឹងត្រូវស្នើឡើង និងអនុម័តដោយរដ្ឋាភិបាលបច្ចុប្បន្ន។ តំណាង​​រដ្ឋាភិបាល ក៏ដូចជា​តំណាង​​​គណបក្ស​កាន់អំណាច បាននិយាយ​មុន​បោះឆ្នោតរួចហើយថា ថវិការកន្លះលានដុល្លារ​មួយឆ្នាំ​[សម្រាប់]មួយឃុំ មិនទាន់​អាច​ទៅរួច នៅ​ឡើយ​ទេ។

បើដូច្នេះសួរថា តើរដ្ឋាភិបាលនឹងអនុម័ត ផ្ដល់ថវិកាឲ្យបក្សប្រឆាំងសម្រេចការសន្យា ចំពោះពលរដ្ឋដែរឬទេ? រដ្ឋាភិបាលប្រទេសណា​ខ្ញុំមិនដឹង ប៉ុន្ដែ​រដ្ឋាភិបាល​បច្ចុប្បន្ន នឹងមិនអនុម័ត តាមគោលនយោបាយ​បក្សប្រឆាំង​ឡើយ។ ហើយនេះ ក៏មិនមែនជាកំហុស របស់បក្សកាន់អំណាចដែរ។ បក្សគេ​ជាប់​ឆ្នោត​ដឹកនាំ​រដ្ឋាភិបាល គេ​ត្រូវ​សម្រេច​តាមគោលនយោបាយរបស់បក្សគេ។ ដូច្នេះ២០១៨ លុយកន្លះលានមួយឃុំ នៅតែអត់ទៀត។

ទោះបី២០១៨ឈ្នះឆ្នោត ក៏២០១៩នៅតែអត់ទៀត (បកស្រាយបន្ថែមខាងក្រោម)។ គណបក្សសង្គ្រោះជាតិ​ដឹង​ច្បាស់​ថា ការសន្យានេះទៅមិនរួចហើយ ប៉ុន្ដែគេនៅតែ សន្យាបែបនេះទៀត ព្រោះថាការសន្យាមួយនេះ វាពិត​ជា​អាច​ទាក់​យក​សន្លឹកឆ្នោត ពីពលរដ្ឋមូលដ្ឋានបានមែន។ បែបនេះបង្ហាញ​កាន់​តែ​ច្បាស់​ថា ពួកគេបានបោក​ប្រាស់​ពលរដ្ឋ ដោយប្រើសន្យាខ្យល់ ដើម្បីទាក់រាស្រ្តឆាន់(ស៊ី) មិនមែនគេធ្វើទៅតាមឆន្ទៈរាស្រ្តនោះទេ។ ខាង​ក្រោម​នេះ​ជា ការវែក​ញែកត្រួសៗ អំពីការសន្យាខ្យល់ របស់បក្សប្រឆាំង៖

ទី១) បក្សសង្គ្រោះជាតិ​ពិតជាបាននិយាយ ដោយអន្លើៗថា គោលនយោបាយកន្លះលានដុល្លារ មួយឆ្នាំ​[សម្រាប់]​​​មួយ​ឃុំនេះ គឺ​អនុវត្ដ​ពេល​ដែល​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត​ជាតិ២០១៨។ ប៉ុន្តែបើជាជាគោល​នយោបាយ​ថ្នាក់ជាតិ ហេតុម្តេច​ក៏​គេនៅ​តែលើក​យកវា មកឃោសនានៅថ្នាក់ឃុំសង្កាត់ទៅវិញ?

ទី២) នេះគឺជាការដាក់សន្ទូចទុកស្ទូចពលរដ្ឋក្នុងការបោះឆ្នោតជាតិ២០១៨ថា បើបងប្អូនចង់បាន​ថវិការ​ឃុំ​សង្កាត់ ៥០ម៉ឺនដុល្លារមួយ ឆ្នាំមួយ ឃុំចាំបាច់​ត្រូវតែប្រឹង “ជួយបោះឆ្នោតឲ្យសង្គ្រោះជាតិ” ម្ដងទៀត ដើម្បីបាន​លុយ​នេះមកអភិវឌ្ឍន៍ឃុំសង្កាត់។ ហើយគេនឹងបន្ដប្រាប់ពលរដ្ឋថា គេនឹងឈ្នះនៅឆ្នាំ ២០១៨ នេះជាក់​ជា​មិន​ខាន។ “មែនមិនមែនបងប្អូន?” ជាសំនៀងដែលមេបក្សប្រឆាំងតែងតែប្រើចំពោះមុខពលរដ្ឋ។

ទី៣) ឧបមាថាឈ្នះឆ្នោតឆ្នាំ ២០១៨ ទៅចុះ ក៏ការសន្យានេះមិនអាចអនុវត្តទៅបានដែរក្នុងឆ្នាំ២០១៨ ឬ២០១៩​ដោយសារ៖

. ក្របខណ្ឌបច្ចេកទេស (ហេដ្ឋារចនាសម្ព័ន្ធហិរញវត្ថុ) ដែលមិនទាន់រាប់រងបាននូវលំហូរថវិការកម្រិតនេះ
. ក្របខណ្ឌធនធានមនុស្សដែលមិនទាន់មានសមត្ថភាព និងពិសោធន៍គ្រប់គ្រាន់ក្នុងការគ្រប់គ្រង និងធ្វើ​ផែនការ​ថវិការ ថ្នាក់ក្រោមជាតិ បើធ្វើបាន​ក៏ក្នុង​កម្រិតសាកល្បង (Pilot) ដែរ។
.ក្របខណ្ឌប្រសិទ្ធភាពការងារ។ រវាងក្រសួងអភិវឌ្ឍន៍ជនបទ ដេញថ្លៃធ្វើផ្លូវតែម្តង និងឲ្យឃុំនីមួយៗ​ដេញ​ថ្លៃធ្​វើ។ បើ១០០០ ឃុំធ្វើ ការដេញថ្លៃ នោះ​ការចំណាយ​ប្រតិបត្តិការ នឹងកើនដល់ ១០០០ ដងដែរ។ ដើម្បីឲ្យ​ពលរដ្ឋ​ជឿថា គេបានលុយនោះមកពីណា គេក៏សន្យាថា នឹងលុបក្រសួង​អភិវឌ្ឍន៍​ជនបទចោល ដើម្បី​គៀង​គរ​ថវិការ ទំលាក់ទៅ​ថ្នាក់ក្រោមជាតិ។ គេថែមទាំងទាញឡូសិក (Logic) ពីខ្ទង់ថវិការជាតិដែលជា ចំណាយ​មិនទាន់​បែង​ចែក​ថាជាចំនួន ដែលអាចយកទៅប្រើប្រាស់បាន។ តាមអ្នកជំនាញ ដែលយល់ពីវដ្តនៃដំណើរការ នៃការធ្វើផែនការថវិការជាតិ​បញ្ជាក់ថា ធាតុពិតទៅ​គ្មាន​ខ្ទង់​ណា ដែលមិនមានមុខងារ​របស់វានោះទេ គ្រាន់តែ​គេ​ដាក់នៅក្នុងខ្ទង់ មិនទាន់បែងចែកប៉ុណ្ណោះ។ ដូច្នេះការសន្យាបែបនេះ គឺជាការកុហកបោក​ប្រាស់​ពលរដ្ឋ​សុទ្ធ​សាធ។ ហើយបើគេគ្មានចេតនា កុហកបោកប្រាស់ ក៏នេះជាការលើកឡើង ដែលមិនបានគិតពីជ្រុង នៃ​ប្រសិទ្ធ​ភាព​ការងារដែរ។ លោក យឹម សុវណ្ណ បានអះអាងថា «បើពួកបណ្ឌិតៗនិយាយថាធ្វើមិនកើត ខ្ញុំ! អនុបណ្ឌិត​នឹង​ធ្វើ​ឲ្យកើត»។

ទី៤) ការសន្យាមានចរឹតបន្លំពលរដ្ឋ៖ ទោះបីជាគេអះអាងថា គោលនយោបាយនេះ​ធ្វើពេលខ្លួនឈ្នះឆ្នោត​ថ្នា​ក់ជាតិ​ក៏ពិតមែន ក៏ប៉ុន្តែមាន អំណះ​អំណាង​រឹងមាំ ដែលអាចទាញបញ្ជាក់បានថា ការសន្យា​របស់សង្គ្រោះជាតិ មានចរិត និងចេតនា​បន្លប់ពលរដ្ឋ ដើម្បីទាក់ចិត្តពលរដ្ឋ ឲ្យបោះឆ្នោត​ឲ្យខ្លួនឈ្នះ​ឃុំ​សង្កាត់​ភាគច្រើនសិន ដើម្បី​កាន់កាប់អាសនៈព្រឹទ្ធសភាភាគច្រើន ដើម្បីខ្លួនអាចខ្ទាស់​គណបក្សកាន់អំណាច។ ទាំងនោះ រួមមាន​ការ​និយាយ​ភាសាខ្លីៗ​ឲ្យពលរដ្ឋស្រួលចាំដូចជាថា បោះឲ្យសង្គ្រោះជាតិមួយឃុំបាន៥០ម៉ឺនដុល្លារ (សំណេររបស់​លោក យឹម សុវណ្ណ ខ្លួនឯងផ្ទាល់។ ចំណែកឯលោកកឹម សុខា វិញនិយាយរហូតដល់ថា នឹងតំឡើងខ្ទង់នេះ ដល់​១លាន​ដុល្លារទៀតផង ក្រោយ​ពេលគាត់ឈ្នះ)។ ក្រៅពីនោះ ប័ណ្ឌព័ត៌មានដែលសកម្មជន​សង្គ្រោះជាតិ​ដើរ​ចែក​តាមផ្ទះពលរដ្ឋ ត្បិតបានបញ្ជាក់ថា ថវិការនេះនឹងអនុវត្តបាន ក្រោយការឈ្នះឆ្នោតថ្នាក់ជាតិ ២០១៨ ប៉ុន្តែ​អ្នក​ដើរចែក ទំនងជាមិនបាននិយាយ​ពន្យល់ដូច្នេះទេ។

ទី៥) លទ្ធផល នៃការបោះឆ្នោតឃុំសង្កាត់ពេលនេះ បង្ហាញច្បាស់ថា គណបក្សប្រជាជន នឹងកាន់កាប់​តំណែង​ភាគច្រើន ក្នុងព្រឹទ្ធសភា ដែលវាឆ្លុះ បញ្ចាំង​​ថាបើទោះបីជាសង្គ្រោះជាតិ​ឈ្នះឆ្នោតឆ្នាំ ២០១៨ ក៏ដោយ ក៏ការ​អនុម័ត​ច្បាប់នានា រួមទាំងច្បាប់ថវិការជាតិ នឹងនៅតែពិបាកទៅ រួចណាស់ បើ​កាលណាគ្មានការគាំទ្រ ពីបក្ស​កាន់​អំណាច។ ម្យ៉ាងទៀត ដោយសារសង្គ្រោះជាតិ បានឈរឈ្មោះក្រុមប្រឹក្សាឃុំសង្កាត់១០០ ភាគរយ ពេញ​ផ្ទៃប្រទេស​ហើយ ហេតុនេះ លទ្ធផលនៃការបោះឆ្នោតឆ្នោតឃុំសង្កាត់ពេលនេះ អាចឆ្លុះបញ្ចាំងពីលទ្ធផល នៃ​ការ​​បោះ​ឆ្នោតថ្នាក់ ជាតិ (ឆ្នាំ២០១៨) ខាងមុខនេះ ថា​សង្គ្រោះ​ជាតិមិនអាចឈ្នះឆ្នោតលើសពី ៥០% បូកមួយ​បាន​ទេ។ ហេតុនេះគ្រប់សេណារីយ៉ូ ទាំងឈ្នះឆ្នោត និងចាញ់ឆ្នោត សុទ្ធតែមិនអាច​អនុវត្តគោល​នយោបាយ​នេះ។ ការ​សន្យា​នឹងនៅតែជាការសន្យា គ្មានថ្ងៃលេចចេញ ជារូបរាងឡើយ (សន្យាខ្យល់)។

អ្វីដែលសង្គ្រោះជាតិត្រៀមប្រឈមមុខដោះសារ គឺក្រោយការប្រកាសជាផ្លូវការ ពីសមាសភាពមេឃុំថ្មី ដែល​ត្រូវ​ចូលកាន់តំណែង មិនលែងទេមុខ​ជាមាន​ចលនា​ពលរដ្ឋមូលដ្ឋាន ដែលជាប់មេឃុំសង្គ្រោះជាតិ ទាមទារ​ឲ្យ​អនុវត្ត នូវសន្យាផ្ដល់ថវិកាមកឃុំសង្កាត់ កន្លះលានមួយឆ្នាំ។ រឿងនេះវា ខុសពីរឿង​ទាមទារ​​លុយ​ប្រចាំខែ៤ម៉ឺន ដែលអាចដោះសារបានថា ជាគោលនយោបាយថ្នាក់ជាតិ។ ពលរដ្ឋដែលជឿថា ខ្លួនបោះឆ្នោត​ឃុំសង្កាត់ ឲ្យ​សង្គ្រោះ​ជាតិ​ដើម្បី​បានថវិការ ៥០ម៉ឺនដុល្លារអភិវឌ្ឍន៍ឃុំសង្កាត់ មុខជាចោទសួររឿងនេះ។ បើពលរដ្ឋក្រោក​ឡើង ទាមទារ​ការអនុវត្តសន្យាដោយខ្លួនៗឯង ឬដោយការ​រៀបចំ​​ណា​មួយនោះ រឿងនេះ​ពិតជាចំណេះជិះកឯង របស់​សង្គ្រោះជាតិហើយ។ ជិះកឯង​នៅត្រង់ថាគេ​សន្យាថា “នឹងបានពេលឈ្នះឆ្នោត” ដូច្នេះបើមាន​អ្នក​ជួយ​រំលឹក​ឲ្យពលរដ្ឋ​ចាំរឿងនេះ​ទៀត នោះសង្គ្រោះជាតិ មុខជាដូចបាយពុះ​ហៀរគ្របឆ្នាំងមិនខាន។

ទី៦) ដើម្បីរួចផុតពីការទទួលខុសត្រូវនេះ គេក៏លេងល្បែងបន្លប់​ពលរដ្ឋមួយឈុតទៀត គឺគេធ្វើជាគ្រោង​លើក​សំណើថវិការនេះ​ទៅកាន់រដ្ឋសភា ទាំង​ខ្លួនដឹងថា​គណបក្សប្រជាជន នឹងមិនអាចយល់ស្រប​តាមសំណើនេះទេ ព្រោះបក្សកាន់អំណាច ក៏មានគោលនយោបាយថវិការ ដែលគណបក្សគេ​​បាន​ដាក់ចេញ​​ពេល​ឃោសនា​ឃុំ​សង្កាត់​នេះ​​ដែរ។ ដល់ពេលនោះសង្គ្រោះជាតិ នឹងមានលេស​បោកពលរដ្ឋបន្ដទៀត ដោយប្រាប់ពលរដ្ឋទៀតថា ឃើញ​ទេ! សង្គ្រោះជាតិ​​មិនមែនមិនធ្វើទេ ប៉ុន្តែមកពីបក្សកាន់អំណាច​បដិសេធសំណើថវិកានេះ។ មិនមែន​កំហុស​អូន​ទេ!

ល្បែងនយោបាយ ដែលមិនឈរលើភាពសុចរិត ដែលមានចេតនាបង្វែររឿង អាក្រក់ឲ្យទៅបក្សកាន់អំណាច ហើយយករឿងល្អៗ មកដាក់ខ្លួនបែបនេះ មិនបង្ករជាបរិយាកាល​នយោបាយធូរស្រាលទេ។ ម្ខាងទៀតនឹង​សង​វិញឲ្យសក្តិសមនឹងអ្វី ដែលបានលេងគងលើគេ។ ដូចយើង ដឹង ស្រាប់ហើយ ថា​ការ​វាយភ្ជិតរន្ធបក្សប្រឆាំង ពិសេស​ប្រឆាំងខុសទំនង គឺជាជំនាញរបស់អ្នកការពារនីតិរដ្ឋ និងសន្តិភាពនេះស្រាប់ទៅហើយ។ ក្នុង​បរិយាកាស នៃ​អំណាច​ប្រមូល​ផ្តុំ អ្នកនយោបាយសុចរិត ធ្វើតែរឿងដែលសុចរិតត្រឹមត្រូវផង នៅតែលំបាករក​ទីឈរ​ជើងបាន ចុះទម្រាំចង់ មកលេងល្បែង​ទុច្ចរិត​បែប​នេះ ចំពោះ​គេ សួរថា តើនឹងបានសុខដែរឬទេ? ថា​គណបក្ស​សង្គ្រោះជាតិទៅ ដែលមិនស្មោះត្រង់នឹងពលរដ្ឋ ប៉ុន្ដែប្រទេសយើងធ្លាក់ មកដល់ស្ថានភាពនេះ មួយ​ចំណែក គឺមកពីពលរដ្ឋតែម្ដង ដែលគាំទ្រដាក់ជីស្រោចទឹកបន្ដជីវិត ឲ្យនយោបាយប្រជាភិថុត ដោយប្រើការ​សន្យា​ខ្យល់ បោកប្រាស់​ពលរដ្ឋឲ្យរស់បន្ដ។ បើ​ពលរដ្ឋ​លែងគាំទ្រ​អ្នកនយោបាយ ដែលកុហកបោកប្រាស់ នោះ​ពួកគេ​មុខជា​អស់​ផ្លូវមិនខាន។ ពលរដ្ឋទៅជាបែបនេះ គឺមកពីពលរដ្ឋមានកំហឹង នឹង​បក្ស​កាន់​អំណាចខ្លាំងពេក រហូតដល់លែងគិតគូរ ថាអ្វីជាអ្វីគឺគិតតែពី ជ្រមុជក្បាលចង់ប្តូរៗៗៗ។ អ្វីដែលពលរដ្ឋរំពឹងថា នឹងបាន​ប្រសើរ​ឡើង ក្រោម​ការដឹកនាំ​​របស់មេឃុំសង្គ្រោះជាតិ បែរជាផ្ទុយទៅវិញ។

ហេតុនេះ បើចង់ផ្លាស់ប្តូរពិតប្រាកដ ជាបឋមគឺត្រូវតែប្តូរគណបក្សប្រឆាំងបច្ចុប្បន្ននេះចេញសិន។ មានតែ​ការ​ធ្វើនយោបាយដែល ឈរលើបាត គ្រឹះ​សុចរិត តាមរយៈការពន្យល់ពលរដ្ឋខ្មែរ ឲ្យយល់ទេ ទើបជាច្រកចេញ។ ឥរិយាបទនយោបាយសុចរិតមិនកាច់មួល មិនឆ្កឹះឆ្កៀល មិនលាបព៌ណ មិន​ញុះញង់ មិននាំគ្រោះថ្នាក់ដល់ជាតិ និងពលរដ្ឋទេ។ បែបនេះទើបបក្សប្រជាជនមានទំនុកចិត្តថា បើទោះជាខ្លួនចាញ់ក៏ គេនៅតែមាន អារម្មណ៍ថា​គេនៅ​តែឈ្នះដដែល ហើយបើខ្លួនគេឈ្នះវិញនោះក៏គេនៅតែមានអារម្មណ៍ថាគេឈ្នះ។ នេះជាមេរៀន​មួយ​សម្រាប់​ជា ការពិចារណាសារជាថ្មី មុននឹងពលរដ្ឋ​សម្រេច​ចិត្ដ​ក្នុងការបោះឆ្នោតជាតិ ឆ្នាំ ២០១៨៕

---------------------------
ដោយ  ទី ឃាវុទ្ធ
---------------------------

(*) កំណត់សម្គាល់ របស់ការិយាល័យនិពន្ធ៖  ទស្សនាវដ្ដីបានធ្វើការកែសម្រួល នូវឃ្លាឃ្លោងមួយចំនួន និងកំហុសអក្ខរាវិរុទ្ធខ្លះៗ ប៉ុន្តែអត្ថន័យដើម​របស់​អត្ថបទ និងអ្វីដែលស្មេរចង់អះអាង មិនត្រូវបានផ្លាស់ប្ដូរទេ។

ឆ្លៀតក្នុងឱកាសនេះ ទស្សនាវដ្ដីសូមធ្វើការលើកទឹកចិត្ត ដល់មិត្តអ្នកអានទាំងអស់ ដែលមានបំណងចង់ផ្ញើរជា​អត្ថបទ​​ស្រាវជ្រាវ ប្រលោមលោក ល្បែង​កំសាន្ដ ល្បងប្រាជ្ញា ឬមតិយោបល់ទាក់ទងនឹងអ្វីក៏ដោយ ដែលបម្រើ​ដល់​ប្រយោជន៍​សង្គម ឬប្រយោជន៍សហគមន៍ មកទស្សនាវដ្ដី។ សូមសរសេរ​អត្ថបទ ឬឯកសារទាំងនោះ ដោយ​ប្រើពុម្ពអក្សរខ្មែរ​យូនីកូដ (Khmer Unicode) ដាក់លើ Microsoft Word file ហើយផ្ញើរ​មកទស្សនាវដ្ដី​តាម​រយៈ ខ្សែភ្ជាប់នេះ (ចុចពីលើ) ឬតាមមែល [email protected]

ការិយាល័យនិពន្ធរបស់ទស្សនាវដ្ដី នឹងទទួលអត្ថបទ ឬឯកសារទាំងនោះ ដោយក្ដីសោមនស្សរីករាយ និង​ធ្វើការ​​ពិនិត្យ​ចុះ​ផ្សាយជាបន្តបន្ទាប់ ជាពិសេស​ទស្សនាវដ្ដី នឹងគោរពបំណងប្រាថ្នារបស់ប្រិយមិត្ត ប្រសិន​ជា​ប្រិយមិត្ត​​មិន​ចង់​​បញ្ចេញ​ឈ្មោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...