ម៉ែនញូ៖ កាហ្គាវ៉ា អន់ចិត្តត្បិត ដេវីដ ម៉យ ពុំសូវដាក់ឲ្យលេង
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: September 11, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខ្សែបម្រើប្រយុទ្ធក្រុម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ស្សីនជី កាហ្គាវ៉ា (Shinji Kagawa) បាននិយាយថា គាត់ពិតជាអន់ចិត្តនិងខកចិត្តខ្លាំងណាស់ ដោយសារតែលោកគ្រូបង្វឹកថ្មី ដេវីដ ម៉យ (David Moyes) ពុំសូវដាក់គាត់ឲ្យចូលលេង សម្រាប់ក្រុមបីសាចក្រហម។
កីឡាករ ស្សីនជី កាហ្គាវ៉ា នៃក្រុម ម៉ែនឆេស្ទើ យូណៃធីត របស់អង់គ្លេស។ (រូបថត Getty Images / All over Press)
កាហ្គាវ៉ា ដែលលោក សឺអាឡិច ហ្វឺហ្គឺសិន (Sir Alex Ferguson) ទិញចូល កាលពីរដូវក្តៅឆ្នាំមុន បានចូលលេងតែ ៧នាទីតែប៉ុណ្ណោះ សម្រាប់ក្រុមម៉ែនញូ នៅក្នុងរដូវកាលថ្មីនេះ ក្រោមការដឹកនាំរបស់លោកម៉យ កំឡុងពេលប្រកួតពានរង្វាន់ ខមញ៉ូនីធី ស្ស៊ែល (Community Shield) ឈ្នះលើក្រុម វីហ្គែន (Wigan) តាំងពីខែសីហា។
ប៉ុន្តែបន្ទាប់ពីរកគ្រាប់បញ្ចូលទីឲ្យក្រុមជម្រើសជាតិជប៉ុន យកឈ្នះ ៣-១ ទៅលើក្រុម ហ្គាណា កាលពីយប់ថ្ងៃអង្គារ៏ ខ្សែបម្រើរូបនេះបាននិយាយទាំងទឹកមុខក្រៀមក្រំថា គាត់ខកចិត្តខ្លាំងណាស់ ដោយសារតែបាត់បង់ដំណែងលេង នៅក្នុងកីឡាដ្ឋាន អូលត្រាហ្វដ (Old Trafford)។
កីឡាករអន្តរជាតិជប៉ុន កាហ្គាវ៉ា បានប្រាប់ដល់សារពត៌មានបារាំង អាអេហ្វប៉េ (AFP) ថា៖ «ខ្ញុំចង់សួរលោក ដេវីដ ម៉យ ខ្លាំងណាស់ ថាហេតុអ្វីបានជា មិនឲ្យខ្ញុំចូលលេង (ក្រុមម៉ែនញូ)។ ខ្ញុំអន់ចិត្ត និងខកចិត្តណាស់ ដោយសារតែពុំបានចូលលេងឲ្យក្រុម។ ប៉ុន្តែនៅពេលដែលខ្ញុំអាចរកគ្រាប់បញ្ចូលទីដូច្នេះ ខ្ញុំតែងតែមានទំនុកចិត្តខ្លាំង។ ខ្ញុំសង្ឃឹមថា នៅពេលខ្ញុំត្រឡប់ទៅកាន់ក្លិប អ្វីៗនឹងល្អប្រសើរឡើងវិញ។»
គាត់បានបន្តថា៖ «វាពិតជាពិបាកទ្រាំខ្លាំងណាស់ នៅពេលដែលខ្ញុំពុំបានចូលលេងទៀងទាត់។ មានថ្ងៃខ្លះ ខ្ញុំអន់ចិត្តស្ទើរតែរកពាក្យអ្វីនិយាយគ្មាន។ ខ្ញុំរីករាយ ពេលខ្ញុំបានត្រឡប់មកលេងឲ្យក្រុមជម្រើសជាតិជប៉ុន ហើយបានចូលលេង និងអាចរកគ្រាប់បាល់បញ្ចូលទីបានថែមទៀត។»
កីឡាករឆ្នើមរបស់ជប៉ុន វ័យ២៤ឆ្នាំ បានបន្ថែមថា៖ «ខ្ញុំត្រូវតែខិតខំហ្វឹកហាត់ និងចាប់យកឱកាសរបស់ខ្ញុំត្រឡប់មកវិញ។ នៅពេលដែលខ្ញុំត្រឡប់ទៅវិញ ខ្ញុំនឹងប្រជែងយកដំណែងលេងជាជម្រើស១១នាក់ដំបូងវិញ។ ខ្ញុំចង់លេងក្នុងការប្រកួត ឆែមពានលីក (Champions League) និង ព្រីមែលីក (Premier League) ហើយខ្ញុំជឿថា ឱកាសរបស់ខ្ញុំ នឹងមកដល់។»
កាហ្គាវ៉ា បានផ្ទេរពីក្រុម ដតម័ន (Dortmund) មកកាន់ម៉ែនញូ ក្នុងតម្លៃ ១២លានផោន កាលពីរដូវកាលមុន ហើយគាត់បានចូលលេង ២៦ប្រកួត នៅគ្រប់កម្មវិធីប្រកួតទាំងអស់ កំឡុងពេលលោកហ្វឺហ្គឺសិន នៅដឹកនាំឆ្នាំមុន ខណៈដែលគាត់ទាត់ចូលទី៣គ្រាប់ (hat-trick) ម្តង ក្នុងការប្រកួតឈ្នះ ៤-០ ទៅលើក្រុម ណរវិច (Norwich) កាលពីខែមិនា៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ