ដេវីដ បេកខាំ ជួយ​កុមារ​កម្ពុជា​តាម UNICEF៖ ភាព​ក្ដុក​ក្ដួល

ក្នុងសប្ដាហ៍នេះ អតីតកីឡាករបាល់ទាត់ ដេវិដ បេកខាំ (David Beck­ham) ដ៏ល្បីឈ្មោះ បាន​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​ដើម្បីជួបជាមួយកុមារទាំងឡាយ ដែលរងគ្រោះនឹងអំពើហិង្សា។ ជាដំណើរទស្សនកិច្ចមួយ ប្រកប​ដោយ​ភាព​ក្ដុកក្ដួល អាណិតខ្លោចផ្សារ និងមិនអាចបំភ្លេចបាន។
គម្រោងមនុស្សធម៌ «7» ដែលអតីតកីឡាករល្បីឈ្មោះ ដេវីដ បេកខាំ កំពុងធ្វើជាមួយអង្គការ យូណេស្កូ។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី ១៦ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 17, 2015
  • ប្រធានបទ: កុមាររងគ្រោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អង្គទូតសុច្ឆន្ទៈ របស់អង្គការសហប្រជាជាតិ និងជាអតីតកីឡាករ​បាល់ទាត់ដ៏ល្បី ដេវិដ បេកខាំ (David Beck­ham) បានសម្រេចបូជា កម្លាំងកាយចិត្តរបស់ខ្លួន នៅគម្រោងថ្មីមួយ ក្នុងកិច្ចការពារកុមារ នៅក្នុង​ពិភពលោក។ គម្រោងមួយដែលអតីតកីឡាករ បានបង្កើតឡើង កាលពីខែកុម្ភៈ ឆ្នាំ២០១៥នេះ មានឈ្មោះថា «7»។ គម្រោង​នេះ បេកខាំ បានកិច្ចសហការ រួមជាមួយនឹងអង្គការយូណេសេហ្វ (UNICEF) ដែលជាស្ថាប័នមួយ ជំនាញ​ក្នុង​កិច្ចគាំពារ«កុមារ» របស់អង្គការសហប្រជាជាតិ។

«ប្រាំពីរ» ព្រោះជាលេខអាវ របស់កីឡាករ ដេវិដ បេកខាំ នៅពេលកីឡាករបានទាត់ឲ្យក្រុមបាល់ទាត់ មេនឆេស្ទ័រ យូណាយធីត (Manches­ter United) របស់អង់គ្លេស។ តែ«ប្រាំពីរ» ក៏នឹងក្លាយជានិមិត្តរូបដ៏សំខាន់មួយ សម្រាប់​ផ្ដល់ក្ដីសង្ឃឹម ទៅឲ្យកុមាររាប់លាននាក់ នៅទីកន្លែងណាក៏ដោយ ដែលកីឡាកររូបនេះ មាន​បំណង​ចង់​ជួយ។

អតីតកីឡាករ បេកខាំ បានថ្លែងឡើង នៅក្នុងវីដេអូ ដែលផលិតឡើង ក្នុងគម្រោងមនុស្សធម៌នោះថា៖ «ខ្ញុំបាន​ត្រៀមគម្រោងជាច្រើន ដើម្បីប្រមូលជាមូលនិធិឡើង ហើយខ្ញុំសង្ឃឹមថា នឹងអាចធ្វើដំណើរ ទៅជួបជាមួយ​កុមារ បុគ្គលិករបស់អង្គការយូណេសេហ្វ  និងមេដឹកនាំទាំងឡាយ នៅក្នុងពិភពលោក ដើម្បីជ្រោមជ្រែង​ឲ្យកាន់​តែ​ខ្លាំង ពីគោលបំណងដ៏ល្អៗនេះ និងធ្វើឲ្យមានការផ្លាស់ប្ដូរ។ មានគម្រោងអស្ចារ្យជាច្រើន នឹងត្រូវបង្កើតឡើង ក្នុងពេលខាងមុខ ហើយខ្ញុំមានមោទនភាពណាស់ នឹងចូលរួមក្នុងគម្រោងទាំងនោះ។»

ជាក់ស្ដែងណាស់ នៅក្នុងសប្ដាហ៍នេះ អតីតកីឡាករ និងជាអង្គទូតសុច្ឆន្ទៈ របស់អង្គការសហប្រជាជាតិ បាន​ចុះ​អនុវត្តន៍គម្រោងមួយ ក្នុងចំណោមគម្រោងជាច្រើនរបស់ខ្លួន ដោយបានចុះទៅជួបផ្ទាល់ ជាមួយកុមារខ្មែរ ដែល​រងគ្រោះ នឹងការរំលោភសេពសន្ធវៈ ឬការបៀតបៀនផ្នែកផ្លូវភេទ។ បើទោះជាគេឃើញ ដេវីដ បេកខាំ នៅក្នុង​រូបថត ឬនៅក្នុងវីដេអូ បង្ហាញនូវស្នាមញញឹម តែបុរសសង្ហាជាតិអង់គ្លេសរូបនេះ មិនអាចលាក់បាំង ពីទឹកចិត្ត​ក្ដុកក្ដួលរបស់ខ្លួន នៅចំពោះភាពខ្លោចផ្សារ របស់កុមារទាំងនោះឡើយ។

អង្គការយូណេសេហ្វ បានអះអាងថា ឆ្នាំ២០១៤កន្លងមកនេះ គឺជាឆ្នាំដ៏រន្ធត់ជាងគេបង្អស់ សម្រាប់កុមាររាប់​សិប​ពាន់នាក់ ក្នុងពិភពលោក ដែលរងគ្រោះក្រោមអំពើហិង្សា ជំងឺ ឬក្រោមព្រឹត្តិការណ៍ គ្រោះថ្នាក់ធម្មជាតិ។ អតីត​កីឡាករ បេកខាំ បានថ្លែងឡើងថា៖ «វាមិនគួរឲ្យទទួលយកបានទេ ដែលមានកុមារម្នាក់ស្លាប់ ជា​រៀង​រាល់​៥​នាទី នៅក្រោមអំពើហិង្សា នៅក្នុងពិភពលោក។»

នៅក្នុងដំណើរចុះជួបកុមាររងគ្រោះ នៅក្នុងប្រទេសកម្ពុជា ដេវីដ បេកខាំ បានចូលរួមក្នុងវគ្គសិក្សាមួយចំនួន ដែល​ផ្ដល់​ទៅឲ្យកុមារ ជួយធ្វើការងារបន្តិចបន្តួច និងបានលេងសប្បាយ ជាមួយកុមារទាំងនោះ។ នៅ​ក្នុង​ឱកាស​នោះ តារាបាល់ទាត់ដ៏ល្បី បានឆ្លៀតឱកាសដើម្បីទៅទស្សនា ប្រាសាទអង្គរវត្ត និងប្រាសាទតាព្រហ្ម បេតិកភ័ណ្ឌ​វប្បធម៌របស់កម្ពុជា។ ប៉ុន្តែដើម្បីមានឱកាស អាចធ្វើដំណើរកំសាន្ដ ចុះទៅទស្សនាប្រាសាទ​ផ្សេង​ទៀត នៅ​ក្នុង​តំបន់​អង្គរ អតីតកីឡាករត្រូវរងចាំយ៉ាងហោច ឲ្យដំណើរទស្សនកិច្ច ក្នុងនាមជាអង្គទូត​សុច្ឆន្ទៈ​របស់​​​ខ្លួន ត្រូវ​បាន​បញ្ចប់ក្នុងប្រទេស ចំនួន៧ជាមុនសិន ជាពិសេសនៅពេល ដែលកុមាររាប់លាននាក់ កំពុង​រង​ចាំ​ជំនួយ ពី​គម្រោង «ប្រាំពីរ» របស់ បេកខាំ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...