អ.ស.ប ស្វាគមន៍«អស់ពីដួងចិត្ត» ការដោះលែងមន្ត្រី៥នាក់
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៧ កក្កដា ២០១៧
- កែប្រែចុងក្រោយ: July 07, 2017
- ប្រធានបទ: យុត្តិធម៌-សិទ្ធិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យ របស់ឧត្ដមស្នងការ នៃអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស បានចេញផ្សាយ នៅរសៀលថ្ងៃសុក្រនេះ សំដែងការស្វាគមន៍ «អស់ពីដួងចិត្ត» ចំពោះការដោះលែង ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន នូវមន្ត្រីទាំងប្រាំរូប និងការទម្លាក់ចោល នូវបទចោទប្រកាន់ ទៅលើលោក សឺន សាលី មន្ត្រីនៃការិយាល័យឧត្ដមស្នងការ នៃអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា។
អ្នកនាំពាក្យ នៃស្ថាប័នសិទ្ធិមនុស្សដ៏កំពូល អ្នកស្រី លីហ្ស ស្រូសហ្សែលល៍ (Liz Throssell) បានបញ្ជាក់ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន នោះថា ការដោះលែងឲ្យនៅក្រៅឃុំនេះ ជាការវិវឌ្ឍន៍ជាវិជ្ជមានមួយ។ តែថា ការវិវឌ្ឍន៍នេះ ស្ថិតក្នុងបរិយាកាស ដែលពោរពេញដោយក្ដីកង្វល់ខ្លាំងនៅឡើយ ចំពោះក្រុមសកម្មជនការពារសិទ្ធមនុស្ស និងអង្គការសង្គមស៊ីវិល នៅកម្ពុជា។
មន្ត្រីទាំងប្រាំរូប មានបួនរូប មកពីសមាគមអាដហុក មានអ្នកស្រី លឹម មុន្នី - លោក នី សុខា - លោក យី សុខសាន្ត និងលោក ណៃ វ៉ង់ដា ខណៈមួយរូបទៀត ជាអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា។ អ្នកទាំងប្រាំ ត្រូវបានដោះលែង កាលពីថ្ងៃទី២៩ ខែមិថុនា។ រីឯសំនុំរឿងចោទប្រកាន់ ទៅលើលោក សឺន សាលី វិញ ត្រូវបានដកចេញទាំងស្រុង នៅថ្ងៃដដែលនេះដែរ ខណៈមន្ត្រីរូបនេះ មានអភ័យឯកសិទ្ធិ អ.ស.ប ការពារដោយអនុសញ្ញាអន្តរជាតិ។
«មិនមានភស្តុតាង និងហេតុផលផ្លូវច្បាប់គ្រប់គ្រាន់...»
មន្ត្រីសមាគមអាដហុកទាំងបួននាក់ ត្រូវបានចោទប្រកាន់ ពីបទសូកប៉ាន់សាក្សី តាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ រីឯអគ្គលេខាធិការរង គ.ជ.ប ត្រូវបានចោទប្រកាន់ ពីបទសមគំនិត ក្នុងអំពើសូកប៉ាន់សាក្សី តាមមាត្រា២៩ និង មាត្រា ៥៤៨ នៃច្បាប់ដដែល។ បទចោទប្រកាន់ទាំងនេះ ត្រូវបានធ្វើឡើង ដោយអង្គការប្រឆាំងអំពើពុករលួយ (សេនាធិការរបស់រដ្ឋាភិបាលកម្ពុជា) ក្រោមរឿងរ៉ាវដ៏ចម្រូងចម្រាស់ របស់ស្ត្រីជាងធ្វើសក់ម្នាក់ ឈ្មោះ ខុម ចាន់តារាទី ហៅស្រីមុំ ដែលគេបានគិតថា មានរឿងអាស្រូវផ្លូវភេទ ជាមួយលោក កឹម សុខា បច្ចុប្បន្នជាប្រធានគណបក្សសង្គ្រោះជាតិ។ បើគិតមកដល់ថ្ងៃដោះលែង មន្ត្រីទាំង៥រូប បានជាប់ក្នុងពន្ធនាគារ អស់រយៈពេល ៤២៨ថ្ងៃហើយ។
យ៉ាងណា អ្នកស្រី លីហ្ស ស្រូសហ្សែលល៍ បានសង្កត់ធ្ងន់ថា ឧត្ដមស្នងការនៃ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្ស ដែលមានទីតាំងនៅក្រុង ហ្សឺណែវ ប្រទេសស្វីស នៅតែសំដែងកង្វល់របស់ខ្លួនដដែល ដោយហេតុថា ការជំនុំជម្រះទៅលើមន្ត្រីទាំង៥រូប នៅតែបន្តធ្វើ បើទោះបីជាមិនមានភស្តុតាង និងហេតុផលផ្លូវច្បាប់គ្រប់គ្រាន់ ដើម្បីផ្ដល់យុត្តិកម្មលើបទចោទប្រកាន់ទាំងនោះក្ដី។ ស្ថាប័នអន្តរជាតិដ៏ធំមួយនេះ បានអះអាងទៀតថា នឹងតាមឃ្លាំមើល សំណុំរឿងនេះយ៉ាងដិតដល់ រហូតលុះត្រាករណីនេះ ត្រូវបានបិទបញ្ចប់ទាំងស្រុង។
ក្នុងរយៈកាលកន្លងមក ស្ថាប័នអន្តរជាតិធំៗជាច្រើន ដូចយ៉ាង ឧត្ដមស្នងការ អ.ស.ប ទទួលបន្ទុកសិទ្ថិមនុស្ស - ក្រុមការងារ អ.ស.ប ទទួលបន្ទុកផ្នែក ការឃុំឃាំងមនុស្ស ដោយគ្មានការជំនុំជម្រះ និងអ្នករាយការណ៍ពិសេស អ.ស.ប [ស្ដីពីបញ្ហាសិទ្ធិមនុស្ស នៅកម្ពុជា] បានអំពាវនាវហើយ អំពាវនាវទៀត ទៅកាន់រដ្ឋាភិបាលកម្ពុជា សុំឲ្យមានការដោះលែងមន្ត្រីទាំង៥ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។ ស្ថាប័នអន្តរជាតិទាំងនោះ បានហៅការឃុំខ្លួនមន្ត្រីទាំង៥ ថាត្រូវបានធ្វើឡើង តាមតែ«អំពើចិត្ត» និងបានស្នើសុំ ឲ្យបញ្ឈប់នូវរាល់ការតាមយាយី ដោយប្រព័ន្ធតុលាការ ទៅលើក្រុមអ្នករិះគន់នៅកម្ពុជា៕