«ឆ្កួត​ត​ពូជ ដែល​ចង់​បង្កើត​ច្បាប់​ការពារ​នាយក​រដ្ឋមន្ត្រី»

តើជាយោបល់ល្អឬទេ ដែលចង់បង្កើតឲ្យមានច្បាប់ ដើម្បីការពារនាយករដ្ឋមន្ត្រី ដែលអស់អំណាច និងលើកអតីតនាយករដ្ឋមន្ត្រីរូបនោះ ទៅជា«នាយករដ្ឋមន្ត្រីកិត្តិយស»? សម្រាប់ប្រធានគណបក្សអំណាចខ្មែរ បានហៅយោបល់នេះ ថាជាគំនិត«នយោបាយឆ្កួតដំណរពូជ» របស់ក្រុមអ្នកនយោបាយ «បាក់ស្បាត» ដែលខ្លាចអ្នកចាញ់ និងរមែងសុំទោសអ្នកចាញ់។
«ឆ្កួត​ត​ពូជ ដែល​ចង់​បង្កើត​ច្បាប់​ការពារ​នាយក​រដ្ឋមន្ត្រី»
មេដឹកនាំគណបក្សធំៗទាំងពីរ បង្ហាញខ្លួនឲ្យអ្នកសារព័ត៌មានថតរូប បន្ទាប់ពីជំនួបក្នុងថ្ងៃ២២ ខែកក្កដា ឆ្នាំ២០១៤។ (រូបថត MONOROOM.info)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៧ កក្កដា ២០១៧
  • កែប្រែចុងក្រោយ: July 07, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«វាជាគំនិតនយោបាយឆ្កួតតំណពូជ តជំនាន់» នេះជាការលើកឡើង របស់លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ តបទៅនឹងយោបល់ របស់អ្នកនយោបាយជើងចាស់ពីររូប ដែលបានប្រកាសកាលពីម្សិលម៉ិញ ថាចង់ស្នើឲ្យគណបក្សធំទាំងពីរ ដែលមានអសនៈ នៅក្នុងរដ្ឋសភា ឲ្យបង្កើតច្បាប់ «ផ្ដល់អភ័យឯកសិទ្ធិ» សម្រាប់នាយករដ្ឋមន្ត្រី ដែលអស់អំណាច និងលើកតំកើននាយករដ្ឋមន្ត្រីចាញ់ឆ្នោតនោះ ទៅជា«នាយករដ្ឋមន្ត្រីកិត្តិយស»។

លោក លី ឡាយស្រេង អតីតឧបនាយករដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្ត្រីច្រើនក្រសួង មកពីគណបក្សហ្វុនស៊ីនប៉ិច បានថ្លែងកាលពីម្សិលម៉ិញ នៅក្នុង​ពិធីរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះ ក្នុងព្រឹត្តិការណ៍បង្ហូរឈាម ថ្ងៃ៥-៦ កក្កដា ឆ្នាំ១៩៩៧ ខួបទី២០ ថា លោកចង់ឲ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ​ សហការគ្នាបង្កើតច្បាប់មួយ ការពារនាយករដ្ឋមន្រ្តី ដែលធ្លាក់ពីអំណាច កុំឲ្យមានការកាត់ទោស​។

អ្នកនយោបាយជើងចាស់ ដែលសព្វថ្ងៃជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិរូបនេះ បានថ្លែងការពារគំនិតរបស់លោកថា គឺដើម្បីបញ្ជៀសវប្បធម៌ «ទឹកឡើង​ត្រី​ស្រមោច ទឹកហោចស្រមោចស៊ីត្រី»។ លោកថា៖ «ស្នើរសុំឲ្យគណបក្សទាំងពីរ ធ្វើច្បាប់មួយនៅក្នុងសភា បង្កើតថា នាយករដ្ឋមន្រ្តីផុតអាណត្តិមានអភ័យឯកសិទ្ធិ អត់មានកាត់ទោសទេ រួចហើយឲ្យទៅជាវីរបុរសជាតិ»។

រីឯគំនិតចង់បង្កើតតំណែង «នាយករដ្ឋមន្ត្រីកិត្តិយស» សម្រាប់​អតីត​នាយករដ្ឋមន្ត្រី​វិញ ត្រូវបានប្រកាស​ឡើង នៅក្នុងពិធីដដែលនោះ ដោយលោក គង់ គាំ ទីប្រឹក្សាជាន់ខ្ពស់ របស់គណបក្សសង្គ្រោះជាតិ។ លោកថា ប្រសិន​បើ​មាន​ការ​ផ្លាស់​ប្តូរ​ ​តាម​រយៈ​ការ​បោះ​ឆ្នោត​សកល នៅ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ ក្នុង​នាម​ជា​ទីប្រឹក្សា​ លោក​នឹង​ស្នើ​​ធ្វើ​ច្បាប់​ ឲ្យ​នាយក​ចាស់ ក្លាយ​ជា​«នាយក​រដ្ឋមន្ត្រីកិត្តិយស» ដូច​ជា​ករណី​អតីត​នាយក​រដ្ឋមន្ត្រី លី ក្វាន់យូ នៃ​ប្រទេស សឹង្ហបុរី​។ 

ប៉ុន្តែការលើកឡើង​ខាងលើនេះ មិនត្រូវបានស្វាគមន៍ ដោយប្រធានគណបក្សអំណាចខ្មែរទេ។ លោក សួន សេរីរដ្ឋា បានហៅម្ចាស់គំនិតទាំងនេះ ថាមាន«ជំងឺបាក់ស្បាត» ដែលខ្លាចអ្នកចាញ និងតែងរមែង«សុំទោសអ្នកចាញ់»។ ប្រធានគណបក្សថ្មីរូបនេះ បានឲ្យដឹងថា៖ «នេះ គឺជាជំងឺបាកស្បាតរបស់ពួកអ្នកនយោបាយ ដែលខ្លាចអ្នកចាញ់ ហើយតែងរមែងសុំទោសអ្នកចាញ់ និងធ្លាប់លើកជ័យជំនះ ដែលពលរដ្ឋប្រគល់ឲ្យ ដាក់លើពាន​លូនចូលទៅសុំចរចា ជាមួយនឹងអ្នកចាញ់»។

លោក សួន សេរីរដ្ឋា បានថ្លែងបន្ត ឲ្យក្រុមអ្នកនយោបាយខាងលើ ដែលលោកចាត់ទុកថា «ខ្វាក់ខួរ» គួរស្ងាត់ស្ងៀម ហើយដើរចេញឲ្យឆ្ងាយ ពីនយោបាយ ទៅរកកន្លែងសម្រាក ជាជាងនៅបន្ត«សាបព្រួសជំងឺខ្វាក់មាន់ និងគំនិតនយោបាយកំសាក ដែលខ្លាចអ្នកចាញ់បែបនេះ» ទៅឲ្យមនុស្សជំនាន់ក្រោយ ដែលចង់បានការផ្លាស់ប្ដូរពិតប្រាកដ តាមរយៈការទាមទារ ឲ្យមាន«យុត្តិធម៌សង្គម លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងលុបបំបាត់វប្បធម៌រួចទោស»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...