ឈាង វុន៖ ស្ថានទូត​៣​គ្រោង​នឹង​ព្រមាន​បក្ស​សង្រ្គោះ​ជាតិ ពី​បាតុកម្ម

យ៉ាងហោចណាស់ក៏មានស្ថានទូតបរទេសប្រចាំកម្ពុជាចំនួន៣ដែរ គ្រោងនឹងផ្ញើរលិខិតចំហរទៅកាន់​គណបក្ស​សង្រ្គោះ​ជាតិ ដើម្បីលើកឡើងពីផលប៉ះពាល់ដែលកើតចេញពីមហាបាតុកម្មអហិង្សារបស់គណបក្សជំទាស់ ដល់​ក្រុមអ្នកវិនិយោគទុននៃប្រទេសទាំងនោះ ។ ហើយប្រសិនបើអ្នកវិនិយោគទុនទាំងនោះ មានផលប៉ះពាល់​កាន់​តែ​ខ្លាំងឡើងៗ និងសម្រេចចិត្តដកទុនវិនិយោគពីកម្ពុជា វាជាការគ្រោះថ្នាក់ណាស់សម្រាប់សេដ្ឋកិច្ចកម្ពុជា នេះបើ​យោងលើការអះអាងរបស់លោក ឈាង វុន ដែលជាមន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: December 31, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យ៉ាងហោចណាស់ក៏មានស្ថានទូតបរទេសប្រចាំកម្ពុជាចំនួន៣ដែរ គ្រោងនឹងផ្ញើរលិខិតចំហរទៅកាន់​គណបក្ស​សង្រ្គោះជាតិ ដើម្បីលើកឡើងពីផលប៉ះពាល់ ដែលកើតចេញពីមហាបាតុកម្មអហិង្សា របស់គណបក្សជំទាស់ ដល់​ក្រុមអ្នកវិនិយោគទុននៃប្រទេសទាំងនោះ ។ ហើយប្រសិនបើអ្នកវិនិយោគទុនទាំងនោះ មានផលប៉ះពាល់​កាន់​តែ​ខ្លាំងឡើងៗ និងសម្រេចចិត្តដកទុនវិនិយោគពីកម្ពុជា វាជាការគ្រោះថ្នាក់ណាស់សម្រាប់សេដ្ឋកិច្ចកម្ពុជា នេះបើ​យោងលើការអះអាងរបស់លោក ឈាង វុន ដែលជាមន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា។


លោក សម រង្ស៊ី (រូបខាងស្ដាំ) នៅចំពោះមុខបាតុករ នៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តស្វាយរៀង នៅថ្ងៃ​ទី២៥ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត គណបក្ស)

នយោបាយកម្ពុជា - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ លោក ឈាង វុន ដែលជាមន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ក្នុងពេលដែល​មហាបាតុកម្ម​អហិង្សារបស់គណបក្សសង្រ្គោះជាតិនៅតែបន្ត ប្រទេសចិន កូរ៉េខាងត្បួង និងជប៉ុន ដែលមានអ្នកវិនិយោគបោះទុន​លើវិស័យកាត់ដេរច្រើនជាងគេនៅកម្ពុជា បានសម្តែងការព្រួយបារម្ភ​ចំពោះមហាបាតុកម្មអហិង្សា​របស់គណបក្ស​ជំទាស់នេះ ហើយក៏អាចបង្វិលការវិនិយោគ ពីកម្ពុជាទៅកាន់ប្រទេសជិតខាងក្នុងតំបន់ផងដែរ ព្រោះនៅទីនោះ​មាន​ប្រាក់ឈ្នួលទាប និងលក្ខខណ្ឌអំណោយផលជាងកម្ពុជា។

អ្នកតំណាងរាស្រ្ត កូតារបស់គណបក្សប្រជាជនកម្ពុជាដដែលនេះ បន្តថា ស្ថានទូតរបស់ប្រទេសទាំងនោះ ប្រចាំ​នៅកម្ពុជា គេមិនអាចឈរមើលពលរដ្ឋ ឬអ្នកវិនិយោគទុនរបស់គេ ទទួលផលប៉ះពាល់ពីបាតុកម្ម​របស់គណបក្ស​សង្រ្គោះជាតិបានទេ ដូច្នេះប្រទេសទាំងនោះ គេបានពិភាក្សាជាមួយគ្នា ហើយគ្រោងនឹងផ្ញើរលិខិតទៅកាន់​គណបក្ស​សង្រ្គោះជាតិ ដើម្បីលើកឡើងពីការព្រួយបារម្ភរបស់គេ។ លោក ឈាង វុន បញ្ជាក់ថា៖ «ប្រទេសទាំង​នោះ​មានការព្រួយបារម្ភខ្លាំងណាស់ យើងរស់បានដោយសារទុនរបស់ពួកគេ ហើយបើយើងមិនចេះថែរក្សា អា​ហ្នឹងមិនដឹងធ្វើមេចទេ(...)។ ហើយបើគេលើកម៉ាស៊ីនដេរដាក់ឡាន ចប់ហើយ ព្រោះរោងចក្រសុទ្ធតែជួលគេ។»

ជុំវិញការលើកឡើង របស់លោក ឈាង វុន ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូមិនអាចទាក់ទង មន្រ្តីអ្នកនាំពាក្យ​របស់គណបក្សសង្រ្គោះជាតិ ដើម្បីធ្វើការអត្ថាធិប្បាយបាននៅឡើយ ខណៈស្ថានទូតរបស់ប្រទេសទាំង៣នោះ មិនដែលត្រូវបានគេធ្វើឲ្យលេចលឺថា នឹងផ្ញើរលិខិតសម្តែងការព្រួយបារម្ភ ជាផ្លូវការទៅកាន់គណបក្ស​សង្រ្គោះ​ជាតិនោះនៅឡើយ។ ទស្សនាវដ្ដីក៏មិនអាចទាក់ទង សុំការបញ្ជាក់ពីស្ថានទូតនៃប្រទេសទាំងបី ដែលលោក ឈាង​ វុន បានអះអាងខាងលើនេះដែរ។

ជុំវិញការធ្វើមហាបាតុកម្មអហិង្សា ក្រោយការបោះឆ្នោតដ៏ចម្រូងចម្រាសនេះ គណបក្សសង្រ្គោះជាតិ តាមរយៈ​សេចក្តីថ្លែងការណ៍ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ បានលើកឡើងថា ឈរលើគោលជំហរ ទាមទារដោយសន្តិវិធី និង​អហិង្សា បើទោះជាសម្រាកមិនដឹកនាំការហែរក្បួនមួយរយៈពេល តែគណបក្សខ្លួននៅតែបន្ត​ឈរជើងជាមួយ​អ្នក​គាំទ្រ នៅទីលានប្រជាធិបតេយ្យដដែល។ ក្នុងសេចក្តីថ្លែងការណ៍ដដែលនោះបញ្ជាក់ថា៖ «នៅថ្ងៃអាទិត្យទី៥ ខែ​មករា ឆ្នាំ២០១៤ ខាងមុខនេះ គណបក្សនឹងដឹកនាំការដង្ហែក្បួន មហាបាតុកម្មនៅរាជធានីភ្នំពេញ ហើយ​ការ​ដង្ហែ​ក្បួននេះ នឹងរឹតតែមានទ្រងទ្រាយធំជាងមុនថែមទៀត រហូតដល់វិបត្តិនយោបាយបច្ចុប្បន្ន​ត្រូវបាន​ដោះស្រាយ។»

--------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...