អ៊ូ វីរះ៖ ភាគីកម្មករនិងថៅកែ គួរជួបចចារគ្នា វាល្អជាង
ការបរាជ័យនៃជំនួប រវាងភាគីពាក់ព័ន្ធដើម្បីឈានទៅរកតម្លើតប្រាក់ខែ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ ត្រូវបានគេលើកមកនិយាយថា ដោយសារតែក្រុមតំណាងភាគីថៅកែរោងចក្រ នៅកម្ពុជា ដែលហៅកាត់ថា GMAC បានបដិសេធមិនចូលរួមប្រជុំ ក្នុងមូលហេតុដាក់ការទទួលខុសត្រូវ ទៅលើបាតុកម្ម-កូដកម្ម ដឹកនាំដោយសហជីពកម្មករទាំង៦។ សម្រាប់អ្នកតាមដានស្ថានការណ៍សង្គមដ៏រំជើបរំជួលនេះ បានលើកឡើងថា គ្រប់ភាគីគួរតែជួបគ្នាវិញ ប្រសើរជាងការចោទប្រកាន់គ្នា ហើយទុកឲ្យបញ្ហានៅបន្តយ៉ាងដូច្នេះ។
ក្រុមបាតុកររបស់កម្មករ នៅមុខក្រសួងការងារ ផ្លូវសហព័ន្ធរូស្ស៊ី ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៣។ (រូបថត MONOROOM.infO/ O.Vary)
ប្រាក់ខែកម្មករ - បើទោះបីមានការសម្របសម្រួលពីក្រសួងក៏ដោយក្តី ក៏ភាគីខាងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលតំណាងឲ្យក្រុមវិនិយោគិន បានបដិសេធក្នុងការ មិនចូលក្នុងការពិភាក្សាជាមួយតំណាងសហជីបទាំងប្រាំមួយឡើយ ដូចដែលសមាគមនេះបានចេញលិខិតបើកចំហមួយកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១០១៣ ។ ក្នុងលិខិតនេះដែរមានបំណងអោយ សហជីពកម្មករទាំងប្រាំមួយទទួលខុសត្រូវទាំងស្រុង លើការខាតបង់របស់រោងចក្រដូចជា ទទួលរងការដាក់ទោសទណ្ឌ និងការផាកពិន័យពីអ្នកបញ្ជាទិញ ខូចខាតទ្រព្យសម្បត្តិរោងចក្រ និងទទួលខុសត្រូវលើការបាត់ការងារ និងការបាត់បង់អ្នកវិនិយោគនៅកម្ពុជា។
ចំពោះការមិនចូលមិនចូលរួម ជូបពិភាក្សារបស់តំណាងវិនិយោជកនេះ លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានបកស្រាយថា «វាជាសិទ្ធិរបស់គាត់ គាត់មិនចង់ចូលរួមចចារក៏បាន វាគ្មានអីមកតម្រូវនោះទេ។ ក្នុងប្រទេសកម្ពុជា ជាប្រទេសប្រកាន់របបទីផ្សារសេរី និយោជក ក៏មានសិទ្ធ សហជីបក៏មានសិទ្ធិ ចង់ចូលរួម ឬមិនចូលរួមជាសិទ្ធិរបស់គេ»។ លោកបន្ថែមថា «ការអវត្តមានរបស់វិនិយោគិន វាក៏មិនផ្តល់ផលប៉ះពាល់អ្វីធ្ងន់ធ្ងរដែរ ព្រោះខាងរដ្ឋាភិបាល ជាអ្នកសម្រេចលើរឿងប្រាក់ខែ»។
ក្នុងការចរចារមួយដែលទទួលបាននូវជោគជ័យ អាស្រ័យទៅលើការជួបពិភាក្សាគ្នា រវាងភាគីដែលពាក់ព័ន្ធ ក្នុងបញ្ហានេះលោក អ៊ូ វីរៈទទួលស្គាល់ថា «ប្រសិនបើភាគីទាំងនោះ បានជួបចចារគ្នាវាល្អជាង ដែលជាទូទៅបើមានការជួបជជែកគ្នា វាអាចឈានទៅរកការយល់ស្របណាមួយ ដែលអាចទទួលបានផលប្រយោជន៍»។
អវត្តមាន របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលជាតំណាងឲ្យភាគីថៅកែរោងចក្រ បានបង្កឲ្យជំនួបចាចារក្នុងថ្ងៃទី ៣០ ធ្នូ ដើម្បីស្វែងរកលទ្ធភាព តម្លើងប្រាក់ខែឲ្យកម្មករដល់១៦០ដុល្លានោះ ជួបបរាជ័យ។ អ្វីដែលធ្វើឲ្យសភាពការណ៍នៅតែតានតឹងដដែលនោះ គឺសហជីបកម្មករទាំងនេះ បានប្រកាសដឹកនាំបាតុកម្ម-កូដកម្មជាបន្តទៀត។
ពាក់ព័ន្ធនឹងធ្វើបាតុកម្មនេះ លោក ស្រី ចន្ធី ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា ធ្លាប់បានអោយដឹងថា «ប្រសិនបើកម្មករគ្រប់រោងចក្រ មិនចូលធ្វើការរយៈពេលវែងនោះ ប្រាកដជាមានបញ្ហាដល់សេដ្ឋកិច្ចកម្ពុជា ព្រោះសេដ្ឋកិច្ចកម្ពុជាមួយភាគធំ គឺពឹងផ្អែកឧស្សាកម្មកាត់ដេរ ម្យ៉ងទៀត ទាំងកម្មករ និងរោងចក្រក៏ជួបនូវបញ្ហាសេដ្ឋកិច្ចដូចគ្នាដែរ»។ ចំនុចនេះ លោកអ៊ូ វីរៈក៏ទទួលស្គាល់ដែរថា «បើមិនដោះស្រាយបញ្ហានេះទេ វានឹងប៉ះពាល់ សេដ្ឋកិច្ច និងជីវិតកម្មកររាប់សែននាក់»៕
----------------------------------------
ដោយ ៖ ក. ចាន់នីតា - ភ្នំពេញ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ