គ.ជ.ប ទទួលស្គាល់ CPP ឈ្នះនៅឃុំដូង ខេត្តស្វាយរៀង
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៤ មិថុនា ២០១៧
- កែប្រែចុងក្រោយ: June 14, 2017
- ប្រធានបទ: បោះឆ្នោតឃុំសង្កាត់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រាល់សន្លឹកឆ្នោត ដែលត្រូវបានចាត់ទុក ជាសន្លឹកឆ្នោតមិនបានការ នៅក្នុងការរាប់សន្លឹកឆ្នោត នៅនឹងកន្លែង ភ្លាមៗបន្ទាប់ពីបោះឆ្នោតហើយនោះ គឺជាមូលហេតុដ៏សំខាន់ ដែលធ្វើឲ្យលទ្ធផលបិទផ្លូវតវ៉ា ចេញផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ផ្ដល់ជ័យជំនះឲ្យទៅគណបក្សប្រជាជនកម្ពុជា។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយស្ថាប័នធម្មនុញ្ញ រៀបចំការបោះឆ្នោតមួយនេះ កាលពីល្ងាចម្សិលម៉ិញ។
ការសម្រេចចុងក្រោយនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីការរាប់សន្លឹកឆ្នោតឡើងវិញ អស់រយៈពេល២ថ្ងៃ សម្រាប់ការិយាល័យទាំង២៣ និងបន្ទាប់ពីមានការជជែកគ្នា យ៉ាងតឹងសរសៃក រវាងតំណាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ បើគិតជាសំឡេងឆ្នោត គណបក្សប្រជាជនកម្ពុជា បានឈ្នះគណបក្សសង្គ្រោះជាតិ តែពីរសម្លេងប៉ុណ្ណោះ (២,៦១១សំឡេងទល់នឹង ២,៦០៩សំឡេង) និងផ្ទុយពីលទ្ធផលបឋម ដែលបង្ហាញថា គណបក្សប្រឆាំងបានឈ្នះ លើគណបក្សកាន់អំណាច ៣សំឡេង (២៥៩៩សំឡេង ទល់នឹង២៥៩៦សំឡេង) ។
ប៉ុន្តែលទ្ធផល នៃការរាប់សន្លឹកឆ្នោតបឋម នៅនឹងកន្លែងនេះ មិនត្រូវបានគណបក្សប្រជាជនកម្ពុជាទទួលយល់ព្រម និងបានប្តឹងតវ៉ា ទៅគណៈកម្មការខេត្តរៀបចំការបោះឆ្នោត (PEC) ឲ្យរាប់សន្លឹកឆ្នោតឡើងវិញ។ នៅទីនោះ និងក្រោយពីការរាប់សន្លឹកឆ្នោតឡើងវិញនោះ លទ្ធផលបានប្រែប្រួល ដោយគណបក្សប្រជាជនកម្ពុជា បានឈ្នះវិញ ដោយទទួលបាន ៦សំឡេងលើសគណបក្សសង្គ្រោះជាតិ។ លើកនេះ គឺគណបក្សសង្គ្រោះជាតិ ជាអ្នកមិនទទួលយកការសម្រេចនៅថ្នាក់ខេត្ត ហើយក៏បានប្ដឹង ឡើងមកថ្នាក់ជាតិ (គ.ជ.ប) ដើម្បីសុំឲ្យដោះស្រាយបញ្ហានេះ កាលពីថ្ងៃទី ១២ មិថុនាពីរថ្ងៃមុន។
» សេចក្ដីប្រកាសព័ត៌មានទាំងស្រុង របស់គ.ជ.ប៖