សម រង្ស៊ី និងមន្ត្រី CNRP ចេញមុខបដិសេធការបង្ហោះ ដែលអំពាវនាវឲ្យចេញទៅបោះឆ្នោត
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៩ កក្កដា ២០១៨
- កែប្រែចុងក្រោយ: July 29, 2018
- ប្រធានបទ: បោះឆ្នោតជាតិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«កុំប្រើល្បិចក្លែងបន្លំឯកសារ! នេះជាលិខិតក្លែងក្លាយ សូមកុំយល់ច្រឡំ» នេះ ជាការលើកឡើង របស់លោក មុត ចន្ថា នាយកខុទ្ទកាល័យលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលបានចេញមុខមកប្រតិកម្មមុនគេ នៅចំពោះការបង្ហោះសេចក្ដីថ្លែងការណ៍មួយ ដោយប្រើឈ្មោះគណនី «Phnom Penh Post» អះអាងថា លោក កឹម សុខា ដែលកំពុងជាប់ឃុំ ក្នុងពន្ធនាគារត្រពាំងផ្លុង (ជិតព្រំដែនយួន) បានអំពាវនាវ ឲ្យពលរដ្ឋចេញទៅបោះឆ្នោត។
សេចក្ដីថ្លែងការណ៍ «ក្លែងក្លាយ» ដដែលនោះ ក៏ត្រូវបានយកទៅបង្ហោះ នៅលើគណនីមួយផ្សេង ដែលម្ដងនេះ ដាក់ឈ្មោះរបស់លោក មុត ចន្ថា «Chantha Muth» តែម្ដង។ ទំនងជាក្ដៅស្លឹកត្រជៀក លោក មុត ចន្ថា បានលត់ត្រឡប់ទៅជន ដែលនៅពីក្រោយការបន្លំនេះ ដូច្នេះថា៖ «ជនខិលខូចថោកទាប កំពុងក្លែងបន្លំហ្វេសប៊ុករបស់ខ្ញុំ ដោយប្រើប្រាស់រូបថតរបស់ខ្ញុំ។ ដូច្នេះសូមបងប្អូនជនរួមជាតិ កុំមានការភ័ន្តច្រឡំ។ នេះជាល្បិចកល របស់ពួកអាថោកទាប អមនុស្ស។»។
មិនមែនមានតែប៉ុណ្ណឹងទេ តែនៅមានវីដេអូមួយទៀត ដែលជាការថ្លែងអំពាវនាវ របស់លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ ក៏ត្រូវបានបង្ហោះ នៅលើគណនីមួយ ដែលដាក់ឈ្មោះអនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួ «Mu Sochua» ដែរ។ គេបានស្ដាប់សម្លេង នៅក្នុងវីដេអូនោះ ឮលោក សម រង្ស៊ី បានអំពាវនាវយ៉ាងភ្ញាក់ផ្អើល ឲ្យពលរដ្ឋចេញទៅបោះឆ្នោត។
ប្រតិកម្មតបនឹងវីដេអូនោះ លោក សម រង្ស៊ី បានចេញវីដេអូមួយ ចំអកឡើងដល់នាយករដ្ឋមន្ត្រីផុតអាណត្តិ លោក ហ៊ុន សែន ដោយហៅទង្វើក្លែងបន្លំនេះ ថាជាការស្លន់ស្លោរ របស់បុរសខ្លាំងកម្ពុជា ដែលកាន់អំណាចដុះស្លែ តាំងពីជាង៣ទសវត្សន៍មកនោះ៕