បេក្ខជននាយករដ្ឋមន្ត្រី ហ៊ុន សែន បានបោះឆ្នោតរួចទាំងគ្មានគូប្រជែង
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៩ កក្កដា ២០១៨
- កែប្រែចុងក្រោយ: July 29, 2018
- ប្រធានបទ: បោះឆ្នោតជាតិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ព្រឹកថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ហ៊ុន សែន បានហុចចង្អុលដៃជ្រលក់ថ្នាំខ្មៅរបស់លោក ដើម្បីបង្ហាញថា លោកបានបោះឆ្នោតរួចហើយ នៅក្នុងការិយាល័យបោះឆ្នោត ក្នុងសាលាគរុកោសល្យវិក្រិត្យការ ក្រុងតាខ្មៅ ខេត្តកណ្តាល។ លោកនាយករដ្ឋមន្ត្រីផុតអាណត្តិរូបនេះ បានទៅបោះឆ្នោត ជាមួយនឹងភរិយារបស់លោក អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន។
លោក ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្ត្រីតែម្នាក់ និងមិនអាចប្រជែងបាន មកពីគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយរូបលោកផ្ទាល់ សម្រាប់ប្រកួតប្រជែង នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨នេះ ដែលមានពោរពេញ ដោយភាពចម្រូងចម្រាស។
ក្រុមអ្នកឃ្លាំមើល បានរំពឹងថា គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាច តាំងពី៣៩ឆ្នាំ និងលោក ហ៊ុន សែន ដែលកាន់តំណែង ជានាយករដ្ឋមន្ត្រី តាំងពី៣៣ឆ្នាំមកនោះ នឹងឈ្នះការបោះឆ្នោតលើកនេះ យ៉ាងងាយស្រួល ដោយសារតែអតីតគណបក្សកុម្មុយនីស្ដ៍ និងអតីតមេកងខ្មែរក្រហម គ្មានគូប្រជែងដែលមានកម្លាំងប្រកៀកប្រកិតគ្នា។ នេះ បើទោះជាគេបានឃើញថា មានគណបក្សចំនួន១៩ផ្សេងទៀត បានចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោតក៏ដោយ។
គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏សំខាន់ និងប្រកបដោយសក្ដានុពល ត្រូវបានរដ្ឋាភិបាលរបស់លោក ហ៊ុន សែន រំលាយចោល កាលពីខែវិច្ឆិកាកន្លងទៅ ខណៈប្រធានគណបក្ស លោក កឹម សុខា ត្រូវបានចាប់ឃុំខ្លួន អតីតប្រធានគណបក្ស លោក សម រង្ស៊ី បាននិរទេសខ្លួន និងមន្ត្រីគណបក្ស១១៨នាក់ ត្រូវបានហាមឃាត់ មិនឲ្យធ្វើនយោបាយចំនួន៥ឆ្នាំ។
ប៉ុន្តែចលនាសង្គ្រោះជាតិដ៏លេចធ្លោ ដែលទើបបង្កើតឡើង នៅចុងខែមករាកន្លងទៅ និងដែលដឹកនាំដោយលោក សម រង្ស៊ី គូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវរបស់លោក ហ៊ុន សែន បានធ្វើបាតុកម្មព្រោងព្រាតនៅក្រៅប្រទេស សឹងតែនៅគ្រប់ជ្រុង នៃពិភពលោក ដើម្បីអំពាវនាវឲ្យពលរដ្ឋខ្មែរក្នុងស្រុក កុំចេញទៅបោះឆ្នោត ដែលបង្ហាញពីសញ្ញា នៃការជំទាស់ទៅនឹងការដឹកនាំ ក៏ដូចជាជំទាល់រាល់វិធានការ កណ្ដាប់ដៃដែកទាំងឡាយ ពីសំណាក់របបដឹកនាំ របស់នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាងរូបនេះ។
ការបោះឆ្នោតនេះទៀតសោធ ក៏រងការរិះគន់ពីសំណាក់សហគមន៍អន្តរជាតិដែរ ជាពិសេសបណ្ដាប្រទេស នៅបស្ចឹមលោក ខណៈលោក អង់តូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ បានព្រមានរដ្ឋាភិបាលលោក ហ៊ុន សែន ពីភាពចាំបាច់នៃការលើកកំពស់ ក្នុងការគោរពតាមបទដ្ឋានអន្តរជាតិ ទាក់ទងនឹងសិទ្ធិមនុស្ស និងជាពិសេសត្រូវធានា ឲ្យគ្រប់តួអង្គ នៃក្រុមសង្គមស៊ីវិល និងក្រុមគណបក្សនយោបាយ អាចអនុវត្តន៍សិទ្ធិប្រជាធិបតេយ្យរបស់ពួកគេ បានដោយសេរី៕