សម រង្ស៊ី៖ «ហ៊ុន សែន ជាជនក្បត់ជាតិផង និងជាឃាតករផង»
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៨ សីហា ២០១៧
- កែប្រែចុងក្រោយ: August 08, 2017
- ប្រធានបទ: ប្រវត្តិ CPP
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក សម រង្ស៊ី មេដឹកនាំប្រឆាំង បានបន្តទំព័រប្រវត្តិសាស្ត្ររបស់លោក ដោយវេលានេះនិយាយដោយត្រង់ៗ និងចំៗ ទៅរកប្រវត្តិរបស់លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់តំណែង ជានាយករដ្ឋមន្ត្រី តាំងពី៣ទសវត្សន៍មកហើយ នៅក្នុងប្រទេសកម្ពុជា។ អតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បានពន្យល់ថា លោក ហ៊ុន សែន ជា«ជនក្បត់ជាតិ»ផង និងជា«ឃាតករ»ផង បើគេត្រឡប់ ទៅមើលការដឹកនាំរបស់បុរសខ្លាំងកម្ពុជា ចាប់តាំងពីបានកាន់អំណាច នៅក្រោយឆ្នាំ១៩៧៩នោះមក។
លោក សម រង្ស៊ី គូបដិបក្ខនយោបាយ ដ៏មានសក្តានុពល របស់លោក ហ៊ុន សែន បានសរសេរថា លោក ហ៊ុន សែន ដែលបានចាប់កំណើត ក្នុងឆ្នាំ១៩៥២ និងមានឈ្មោះដើម ហ៊ុន ណាល់ បានឡើងកាន់តំណែងជាប្រធាន នៃគណបក្សប្រជាជនកម្ពុជា ចាប់តាំងពីឆ្នាំ ២០១៥ ខណៈនៅឆ្នាំ ១៩៩១ អតីតគណបក្សកុម្មុយនីសមួយនេះ បានត្រឡប់មកប្រើឈ្មោះដើម របស់ខ្លួនឡើងវិញ ដូចឈ្មោះ «គណបក្សប្រជាជនបដិវត្តកម្ពុជា» កាលពីឆ្នាំ ១៩៥១ ដោយគ្រាន់តែដក ពាក្យ "បដិវត្តន៍" ចេញ។
មុននឹងឈានទៅអះអាងថា លោក ហ៊ុន សែន ជា«ជនក្បត់ជាតិ»ផង និងជា«ឃាតករ»ផងនោះ អតីតប្រធានគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា បានសរសេររំលឹកមកវិញថា៖ «ហ៊ុន សែន បានធ្វើជានាយករដ្ឋមន្ត្រី តាំងពីឆ្នាំ ១៩៨៥ ក្រោមរបប សាធារណរដ្ឋប្រជាមានិតកម្ពុជា (១៩៧៩-១៩៨៩) បន្ទាប់មកទៀត របប រដ្ឋកម្ពុជា (១៩៨៩-១៩៩៣) បន្ទាប់មកទៀត របបសព្វថ្ងៃ (ចាប់តាំងពីឆ្នាំ ១៩៩៣)»។
លោក សម រង្ស៊ី បានសរសេរពន្យល់ ហៅលោក ហ៊ុន សែន ជាជនក្បត់ជាតិ ដោយសារមូលហេតុ ដូចការដកស្រង់ទាំងស្រុងខាងក្រោម៖
- «(លោក ហ៊ុន សែន) ធ្វើឲ្យប្រទេសកម្ពុជា បាត់បង់ឯករាជ្យភាព និងអធិបតេយ្យភាពជាតិ ដោយក្លាយទៅជារណបប្រទេសវៀតណាម ក្រោយពីឆ្នាំ ១៩៧៩»។
- «(លោក ហ៊ុន សែន) ធ្វើឲ្យប្រទេសកម្ពុជា បាត់បង់ទឹកដីជាច្រើន ដោយសារតែគាត់បានចុះហត្ថលេខា លើសន្ធិសញ្ញាព្រំដែនដ៏អាក្រក់ ជាមួយប្រទេសវៀតណាម ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០»។
- «(លោក ហ៊ុន សែន) ធ្វើឲ្យប្រទេសកម្ពុជា បាត់បង់ទ្រព្យសម្បត្តិជាតិជាច្រើន ដូចជាព្រៃឈើ និងទ្រព្យសម្បត្តិរដ្ឋមួយចំនួនធំ ក្រោមការដឹកនាំយ៉ាងពុករលួយរបស់គាត់ ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ២០០០ និង ២០១០»។
រីឯអំណះអំណាង ដែលលោកអះអាងថា លោក ហ៊ុន សែន ជា«ឃាតករ»នោះ ត្រូវបានអតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះ រៀបរាប់ដូចការដកស្រង់ទាំងស្រុងខាងក្រោម៖
- «(លោក ហ៊ុន សែន) ដឹកនាំការអនុវត្តន៍ ផែនការ ក៥ ដែលរៀបចំឡើងដោយប្រទេសវៀតណាម ហើយដែលបណ្តាលឲ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់ ទទួលមរណភាព យ៉ាងអាណោចអធម ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០»។
- «(លោក ហ៊ុន សែន) បញ្ជាឲ្យបក្ខពួកគាត់ សម្លាប់មនុស្សជាច្រើន ក្នុងព្រឹត្តិការណ៍ឆ្នាំ ១៩៩៧ (រដ្ឋប្រហារ និងការវាយប្រហារ ដោយគ្រាប់បែកដៃ នៅទីក្រុងភ្នំពេញ) និងឆ្នាំ ១៩៩៨ (ការបង្ក្រាបយ៉ាងសាហាវ មកលើបាតុកម្ម ដែលតវ៉ាពីការលួចបន្លំសន្លឹកឆ្នោត)»។
ពាក្យថា «ជនក្បត់ជាតិ» បីម៉ាត់នេះ ត្រូវបានអ្នកនយោបាយកម្ពុជា ឧស្សាហ៍រំលឹកយកមកនិយាយឡើងវិញណាស់ នៅក្នុងរយៈពេលចុងក្រោយនេះ។ លោក សម រង្ស៊ី ក៏ត្រូវបានលោក ហ៊ុន សែន ហៅជារឿយៗដែរថា ជាកូន«អាជនក្បត់ជាតិ សម សារី» ដែលមានលក្ខណៈ«ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់»។ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងកាលពីពេលថ្មីៗនេះ បន្ថែមថា អ្នកសរសេរប្រវត្តិសាស្ត្រ ជាតួនាទីរបស់អ្នកឈ្នះ។ លោកថា លោក និងគណបក្សប្រជាជនកម្ពុជា ត្រូវតែបន្តឈ្នះ ដើម្បីសរសេរប្រវត្តិសាស្ត្រនេះ ទៅមុខទៀត៕