កែវ រ៉េមី ថា​ការ​ថ្លែង​វាយ​ក្បាល​នឹង​«គល់​ឫស្សី» ជា​ការ​អប់រំ

តើពិតឬទេ ដែលច្បាប់នៅកម្ពុជា អនុញ្ញាតឲ្យរដ្ឋមន្ត្រីមួយរូប អប់រំពលរដ្ឋ តាមរយៈការថ្លែង សំពង«ក្បាលម៉ា​គល់​ឫស្សី»? ទោះពិត ឬមិនពិតក៏ដោយ ក៏នេះ ជាការលើកឡើង របស់អតីតមន្ត្រីចុះចូលមួយរូប ឈ្មោះ កែវ រ៉េមី ដែលពេលនេះ មានតំណែង ជាប្រធានគណៈកម្មាធិការសិទ្ធិកម្ពុជា សេនាធិការមួយ របស់រដ្ឋាភិបាលកម្ពុជា។
កែវ រ៉េមី ថា​ការ​ថ្លែង​វាយ​ក្បាល​នឹង​«គល់​ឫស្សី» ជា​ការ​អប់រំ
រូបកណ្ដាល៖ លោក កែវ រ៉េមី ប្រធានប្រធានគណៈកម្មកាធិការសិទ្ធិមនុស្សកម្ពុជា។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៨ សីហា ២០១៧
  • កែប្រែចុងក្រោយ: August 08, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក កែវ រ៉េមី ប្រធានគណៈកម្មកាធិការសិទ្ធិមនុស្សកម្ពុជា បានចេញមុខនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ​២០១៧​នេះ​ ការពារ​លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចំពោះ​ការលើកឡើងរបស់រដ្ឋមន្ត្រីរូបនេះ កាលពីសប្តាហ៍មុន ដែលថានឹងវាយក្បាលបាតុករ ដែលតវ៉ាចំពោះ លទ្ធផលនៃការបោះឆ្នោត ឆ្នាំ២០១៨ ដោយ«គល់ឫស្សី»។ លោក កែវ រ៉េមី ​បានអះអាងថា ការថ្លែងរបស់លោក វង សូត មិនមែនជាការគំរាមនោះទេ ប៉ុន្តែជាការអប់រំតាមច្បាប់ប៉ុណ្ណោះ។

ការថ្លែងការពាររបស់អតីតមន្ត្រីចុះចូល ដែលទទួលតំណែង ជាប្រធានគណៈកម្មាធិការសិទ្ធិមុំនុស្សរូបនេះ បានធ្វើឡើងទៅកាន់​ក្រុមអ្នកសារព័ត៌មាន ក្នុងអាគារ​របស់​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧នេះ បន្ទាប់ពីលោកទទួលជួបអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ដែលបាន និងកំពុងបំពេញទស្សនកិច្ច នៅកម្ពុជាជាថ្មី សម្រាប់រយៈពេល១០ថ្ងៃ។

នៅក្នុងជំនួបនោះ អ្នកស្រី រ៉ូណា ស្មីត បានសម្តែង ពីការព្រួយបារម្ភ របស់អង្គការសហប្រជាជាតិ និងពីការប៉ះពាល់ ដល់សិទ្ធិមនុស្សនៅកម្ពុជា នៅចំពោះការថ្លែង របស់លោក វង សូត ដែល​ថា​នឹង​យក​ «គល់​ឬ​ស្សី​វាយ​ក្បាល​» បាតុករ ​ប្រសិន​ជា​មាន​ការ​តវ៉ា​ ទៅ​នឹង​លទ្ធផល​ឆ្នោតឆ្នាំ​២០១៨ខាងមុខ។

លោក កែវ រ៉េមី បានច្រានចោល ការព្រួយបារម្ភខាងលើ និងរាល់ការប៉ះពាល់ ដល់បញ្ហាសិទ្ធិមនុស្ស នៅកម្ពុជា ដោយបញ្ជាក់ថា ការលើកឡើងរបស់ លោក វង សូត គឺជា«ការអប់រំ»ជាមុន ទៅ​ដល់អ្នកមិនទទួលស្គាល់ លទ្ធផលបោះឆ្នោត និងមិនមែន ជាការគំរាមកំហែងអ្វីទេ។ អតីតមន្ត្រីបក្សប្រឆាំងរូបនេះ បាន​ហៅ​ការ​លើក​ឡើង របស់លោក វង សូត នោះថា គ្រាន់ជាទង្វើ​​«គួរឲ្យភ័យខ្លាច» ​សម្រាប់តែ​«វិស័យ​សិទ្ធិមនុស្ស»មួយប៉ុណ្ណោះ។

លោកនិយាយឡើងថា៖ «​គ្រាន់​តែថា​ ពាក្យ​សំដី​របស់​គាត់ វា​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​មួយ ​ក្នុង​វិស័យ​សិទ្ធិ​មនុស្ស ក៏​ប៉ុន្តែ​លក្ខណៈរបស់​រដ្ឋ​មន្ត្រី​ ដែល​លើក​ឡើង​នោះ​ គាត់​ជា​មនុស្ស​ស្លូត​បូត។ ក៏​ប៉ុន្តែ​គាត់​ទទួល​ស្គាល់​ថា ​គាត់​ជា​មនុស្ស​ស្លូត​បូត​មែន ​តែ​ការ​លើក​ឡើង​នោះ ​មិន​គួរ​ឲ្យ​មាន​ប្រតិកម្មភ័​យ​ខ្លាច​ អញ្ចឹង​ទេ។ តែ​ខ្ញុំ​បាន​និយាយថា ក្នុងលទ្ធភាព ​នៃ​ការ​ភ័យ​ខ្លាច​ក្នុង​វិស័យ​សិទ្ធិ​មនុស្ស​ ខ្ញុំ​ទទួល​ស្គាល់​ក្នុង​តួនាទីរបស់​លោក​ជំទាវ ​រ៉ូណា ស្មីត ដែល​ធ្វើ​កិច្ច​ការ​នៅក្នុង​វិស័យ​សិទ្ធិ​មនុស្ស​ វា​ជា​រឿង​ធម្មតា។»។

ក្នុង​កិច្ច​ប្រជុំផ្ទៃក្នុង​មួយ ​របស់​ក្រសួង​សង្គម​កិច្ច កាលពី​ចុង​ខែ​កក្កដា​កន្លង​ទៅ ​លោក​រដ្ឋ​មន្ត្រី ​វង សូត បាន​ថ្លែង​ថា នឹងសំពងក្បាលអ្នកតវ៉ា ទៅនឹងលទ្ធផលនៃការបោះឆ្នោត នាឆ្នាំខាងមុខ ដោយ​ប្រើ​ «គល់​ឬស្សី»។ លោករដ្ឋមន្ត្រី ត្រូវបានស្រង់សំដី យក​មកចុះផ្សាយដូច្នេះថា៖ «​គណបក្ស​ប្រឆាំង​និយាយ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​សម្ដេច​ ហ៊ុន សែន ធ្វើ​អី​តាម​អំពើ​ចិត្ត​... អេ តាម​អំពើ​ចិត្ត​ ប៉ុន្តែ​មាន​ច្បាប់​ធ្វើ​តាម​ច្បាប់ ច្បាប់​ប្រគល់​ឱ្យ​គាត់​ នូវ​អំណាច អ្នក​ធ្វើ​ខុស​ច្បាប់​ ចាប់​ដាក់​គុក​។ បោះឆ្នោត​លើក​នេះ បើ​មាន​បញ្ហា​តវ៉ា​ទៀត ត្រូវ​ក្បាល​​ម៉ា​គល់​ឫស្សី​ហើយ ច្បាស់​អ៊ីចឹង​ហ្មង អត់​មាន បើក​សិទ្ធិ​ឲ្យ​តវ៉ា​អី​ទេ​។»។

ក្រោយការលើកឡើងនោះ ​ប្រតិកម្មបានផ្ទុះឡើងព្រោងព្រាត និង​ជា​បន្ត​បន្ទាប់​ ពីមជ្ឍដ្ឋានជាតិ​ និង​អន្តរជាតិ​។ ក្រសួង​សង្គម​កិច្ច​ ក៏បាន​ចេញ​មុខ​​ មកបញ្ជាក់ដែរ តាមរយៈ​សេចក្ដី​ថ្លែងការណ៍​មួយរបស់​ខ្លួន​ថា ​នោះមិន​មែន​ជា​ការ​គំរាម​កំហែង​ទេ ​តែ​ជា​ការ​ដាស់​តឿន ក្រើន​រំលឹក និង​ជាការ​ជម្រុញ ដល់​ការ​ធានា​សន្តិ​សុខ ដល់​ការ​បោះឆ្នោត​ នៅ​កម្ពុជា​នាពេល​ខាង​មុខ។

ចំពោះការលើកឡើង របស់លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សវិញ ត្រូវបានលោក មុត ចន្ថា មន្ត្រីជាន់ខ្ពស់ របស់គណបក្សសង្គ្រោះជាតិ សំដែងការសោកស្ដាយ និងពន្យល់ថា ពាក្យទាំងនេះ ទំនងមានតែនៅក្នុងវចនានុក្រម នៃរបបខ្មែរក្រហមប៉ុណ្ណោះ។ មន្ត្រីស្និតនឹងប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បានសរសេរនៅមុននេះបន្តិច នៅលើបណ្ដាញសង្កមថា៖ «តើមានចែងទេ នៅក្នុងច្បាប់ ច្បាប់ក្រមងុយ ឬព្រះពុទ្ធសាសនា ដែល[ថា] ការគំរាមវាយក្បាលនឹងគល់ឬស្សី ជាការអប់រំ ឬដាស់តឿននោះ? តាមដឹងពាក្យគំរាមនេះ ទំនងជាមាន តែនៅក្នុងវចនានុក្រម នៃរបបកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម ប៉ុល ពត ប៉ុណ្ណោះ។»។

លោក មុត ចន្ថា បានបន្តទៀតថា៖ «ការគំរាមប្រើ គល់ឬស្សីវាយក្បាល ជាពាក្យសំដីមិនសមរម្យ ដែលទាំងផ្លូវអាណាចក្រ និងពុទ្ធចក្រ ហាមឃាត់»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...