បក្សប្រជាជនថា បក្សសង្រ្គោះជាតិទាញទម្លាក់កម្ពុជា ចូលក្នុងវិបត្តិ
- ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៨ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 28, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គណបក្សប្រជាជនកម្ពុជា បានស្តីបន្ទោសគណបក្សសង្រ្គោះជាតិថា មានចេតនាទាញទម្លាក់ស្ថានការណ៍នយោបាយប្រទេសកម្ពុជា ក្រោយការបោះឆ្នោត ឲ្យធ្លាក់ក្នុងវិបត្តិធ្ងន់ធ្ងរមួយ។
ផ្លាកតាំងបង្ហាញបុរសទាំងបី នៃគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ (រូបថត MONOROOM.info/ D.KEO)
នយោបាយ - ក្នុងឱកាសរម្លឹកខួបលើទី៦៣នៃការបង្កើតគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៤ នេះលោកហេង សំរិន ជាអនុប្រធាននៃគណបក្សដែលកំពុងគ្រប់គ្រងអំណាចមួយនេះ បានចោទប្រកាន់គណបក្សសង្រ្គោះជាតិ ថាបានប្រើប្រាស់ការចរចានយោបាយក្រោយការបោះឆ្នោតសកលឆ្នាំ២០១៣ ដើម្បីកេងចំណេញនយោបាយ។
ជាងនេះទៅទៀតលោក ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានចោទប្រកាន់គណបក្សសង្រ្គោះជាតិ ថាព្យាយាមរុញច្រានកម្ពុជាធ្លាក់ក្នុងវិបត្តិ នៅក្រោយថ្ងៃបោះឆ្នោត។
មុនការចោទប្រកាន់ របស់គណបក្សប្រជាជនកម្ពុជាមួយថ្ងៃ គណបក្សសង្រ្គោះជាតិបានអះអាងថា ខ្លួន មានគោលនយោបាយ ព្យាយាមដោះស្រាយវិបត្តិនយោបាយក្រោយការបោះឆ្នោត ដោយសន្តិវិធីឲ្យអស់លទ្ធភាព ដើម្បីបញ្ចៀសអំពើហិង្សា។
ចំពោះមុខវិបត្តិនយោបាយនៅកម្ពុជាលោក សូរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ស្តីពីបញ្ហាសិទិ្ធមនុស្ស ក្នុងដំណើរទស្សនកិច្ចមកកម្ពុជានៅគ្រាចុងក្រោយនេះ បានផ្តល់អនុសាសន៍ថា គណបក្សប្រជាជនកម្ពុជា គម្បីមានឆន្ទៈពិតប្រាកដលើការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ហើយថាគណបក្សសង្រ្គោះជាតិ ក៏ចាំបាច់ទម្លាក់ចោលការធ្វើពហិការ ដើម្បីចូលដោះស្រាយបញ្ហានៅក្នុងសភា៕