ទេព នីថា៖ មិន​មែន​ជា​ការ​បន្លំ​ទេ តែ​ជា​«កំហុស​បច្ចេកទេស»​មន្ត្រី​ថ្នាក់​ក្រោម

អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា បានប្រកាសធ្វើសន្និសិទកាសែតនាព្រលប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៣ នៅទីស្តីការ គ.ជ.ប បន្ទាប់ពីការបើកញ្ចប់សុវត្ថិភាព«ក» ត្រូវបានបញ្ចប់។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: August 26, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖ អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា បានប្រកាសធ្វើសន្និសិទកាសែតនាព្រលប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៣ នៅទីស្តីការ គ.ជ.ប បន្ទាប់ពីការបើកញ្ចប់សុវត្ថិភាព«ក» ត្រូវបានបញ្ចប់។


សន្និសិតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នាព្រឹកថ្ងៃទី០៤ខែកក្កដា។ (រូបថត MONOROOM.info/ U. Bory)

អគ្គលេខាធិការ គ.ជ.ប រូបនេះបានលើកឡើងថា ការរកឃើញកំហុសឆ្គងក្នុងការផ្ទៀងផ្ទាត់លើកញ្ចប់សុវត្ថិភាព «ក» ទាំង​១៣ការិយាល័យបោះឆ្នោត ក្នុងមណ្ឌលខេត្តក្រចេះនេះ (វា)មិនប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតទេ។ លោកបន្តរថា ចំពោះកញ្ចប់សុវត្ថិភាព «ក» ខ្លះដែលមិនបាន«បិទ» ត្រឹមត្រូវនោះមកពីបញ្ហា«កំហុសបច្ចេកទេស»ក្នុងការដកស្រង់ទិន្នន័យ ក៏ដូចជាការរៀបចំឯកសាររបស់មន្ត្រីនៅការិយាល័យបោះឆ្នោតទាំងនោះ(មន្ត្រីថ្នាក់ក្រោម)។

បញ្ហាភាពមិនប្រក្រតីទាំងឡាយ ដែលលោក គួយ ប៊ុនរឿន តំណាងគណបក្សសង្គ្រោះជាតិ និងលោក កែវ ភីរម្យ រកឃើញ​ក្នុងពេលផ្ទៀងផ្ទាត់លើកញ្ចប់សុវត្ថិភាព «ក» ទាំង១៣ការិយាល័យបោះឆ្នោត ក្នុងមណ្ឌលខេត្តក្រចេះកាលបីថ្ងៃទី២៥ ខែ​សីហានេះ លោក ទេព នីថា បានច្រានចោលនូវការចោទប្រកាន់របស់គណបក្សប្រឆាំង តែលោកព្រមទទួលស្គាល់​ថាបញ្ហា​ទាំងនេះជាកំហុសបច្ចេកទេស។

ជាមួយគា្ននេះដែរ លោកក៏បានដាក់បន្ទុកលើ«កំហុសបច្ចេកទេស»នេះ ទៅឲ្យមន្រ្តីរៀបចំការបោះឆ្នោត​ប្រចាំការិយាល័យ​(មន្ត្រីថ្នាក់ក្រោម)នីមួយៗ ថាមិនទាន់មានបទពិសោធន៍ និងចំណេះដឹងគ្រប់គ្រាន់ ព្រោះតែការបណ្តុះបណ្តាលលើមន្ត្រី​ទាំង​នោះមានរយៈពេលខ្លី ឯការធ្វើការងារពាក់ព័ន្ធនឹងការបោះឆ្នោត (វា)ក៏មិនអាចល្អមួយរយភាគរយនោះដែរ។

លោកបានបន្ថែមថាបញ្ហាទាំងអស់ខាងលើមិនមានផលអាក្រក់ ឬបញ្ហាធ្ងន់ធ្ងរប៉ះពាល់ ដល់លទ្ធផលនៃសំឡេងឆ្នោត​របស់​គណបក្សធំៗទាំងពីរនោះទេ «ការបោះឆ្នោតនៅកម្ពុជា មានតម្លាភាពមួយ មិនអាចកេងបន្លំបានទេ ព្រោះបោះឆ្នោតហើយ រាប់សន្លឹកឆ្នោតភ្លាម។ (…) លទ្ធផលសន្លឹកឆ្នោតមិនខុសគ្នាទេ (វា)នៅដដែលហ្នឹង។»

ឯបញ្ហាកំហុសឆ្គងបច្ចេកទេស របស់មន្រ្តីប្រចាំការិយាល័យនីមួយៗ ត្រូវបានអគ្គលេខាធិការគ.ជ.ប រូបនេះលើកឡើងថា គជប នឹងធ្វើការស្រាវជ្រាវ ហើយចាត់វិធានការចំពោះអ្នកប្រព្រឹត្ត ដែលនាំឲ្យមានកំហុសឆ្គង ក្នុងការមិនបាន​បិទ​កញ្ចប់​សុវត្ថិភាព«ក»ទាំងនោះឲ្យបានត្រឹមត្រូវតាមការកំណត់។

លោកបន្ថែមថា ក្នុងករណីដែលគណបក្សសង្គ្រោះជាតិចង់ពន្យាពេលក្នុងការប្រកាសលទ្ធផលនៃការបោះឆ្នោតនោះ (វា)ជា​ឆន្ទានុសិទ្ធិរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។ លោកបន្តរថាទោះយ៉ាងណាក៏ដោយ គ.ជ.ប នឹងអនុវត្តទៅតាមតែអ្វី ដែលក្រុម​ប្រឹក្សា​ធម្មនុញ្ញបានសម្រេច ហើយក៏មិនមានធ្វីជាអាថ៌កំបាំងនោះដែរ។ (…) «អ្វីដែល គ.ជ.ប ត្រូវធ្វើ (វា)អាស្រ័យលើច្បាប់ ព្រោះ​គ.ជ.ប អនុវត្តតាមច្បាប់»។

សូមរម្លឹកថា ការពិនិត្យ និងផ្ទៀងផ្ទាត់ លើលទ្ធផលនៃការបោះឆ្នោត តាមរយៈការបើកកញ្ចប់សុវត្ថិភាព«ក» ដែលជាកញ្ចប់​មួយដាក់នូវឯកសារដើមជាច្រើនមកពីការិយាល័យបោះឆ្នោត។ ការបើកពិនិត្យនូវកញ្ចប់សុវត្ថិភាព«ក»នេះ ដើម្បីបង្ហាញពី តម្លាភាព និងភាពត្រឹមត្រូវក្នុងដំណើរការបោះឆ្នោត ទៅដល់គណបក្សនយោបាយ អ្នកអង្កេតការណ៍ជាតិ អន្តរជាតិ និងអ្នក​សារព័ត៌មាន។

ជាលទ្ធផល ទោះបីជាមិនមានការប្រែប្រួលនូវសម្លេងឆ្នោត របស់គណបក្សធំៗទាំងពីរ (គណបក្សប្រជាជនកម្ពុជា និង​គណបក្សសង្គ្រោះជាតិ) ក៏ដោយ តែរកឃើញនូវបញ្ហាជាច្រើន ដែលបង្ហាញពីភាពមិនប្រក្រតី ដូចជាកញ្ចប់ សុវត្ថិភាព​«ក»​ទាំង១៣ការិយាល័យ(ការិយាល័យលេខ ០២៥៩,០២៦១,០២៦២,០២៦៣,០២៦៩,០២៧៦,០២៧៧,០២៧៨,០៣៤៥,០៣៦៨,០៣៧៤, ០៤០៧ និង០៤២៤) ក្នុងនោះមានប្រាំមួយកញ្ចប់បានបើក«ចំហរ» ទោះបីប្រាំពីរកញ្ចប់ផ្សេង​ទៀតបាន​«បិទ»ត្រឹមត្រូវក៏ដោយ។ ការរកឃើញនូវបញ្ហា«ខុស»ទឹកប៊ិច, អក្សរមិនមានលក្ខណៈដូចគ្នា(អ្នកសរសេរផ្សេងគ្នា មានន័យ​ស្មើនឹងឯកសារនោះត្រូវសរសេរដោយមនុស្សតែម្នាក់ ផ្សេងគ្នានៅតាមការិយាល័យនីមួយៗ ឬត្រូវគូសដោយមនុស្សតែ​ម្នាក់​ជាដើម), ការបំប៉ោង(កើនឡើង)តួលេខនៃសន្លឹកឆ្នោតបានការ និងការថយចុះនូវតួលេខសន្លឹកឆ្នោតមិនបានការ រួមជា​មួយ​នឹងការលេចឡើងនូវគណបក្សមួយចំនួនផ្សេងទៀត ដែលគ្មានបញ្ជាក់សំឡេងក្នុងឯកសារដើម តែបែរជាមានសំឡេង​នៅ​ក្នុងកញ្ចប់សុវត្ថិភាព«ក»នេះទៅវិញ។

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៦សីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...