«សម រង្ស៊ី នឹងចូលស្រុកទោះត្រូវអស់ជីវិត ដើម្បី CNRP ឈ្នះឆ្នោតឆ្នាំ២០១៨»
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៦ មិថុនា ២០១៧
- កែប្រែចុងក្រោយ: June 16, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រឿងថាលោក សម រង្ស៊ី ក្លាហាន ឬកំសាក ក្នុងការវិលត្រឡប់ចូលស្រុកខ្មែរវិញនោះ មិនសំខាន់សម្រាប់គណបក្សសង្គ្រោះជាតិទេ។ នេះ ជាការលើកឡើង របស់អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ដើម្បីប្រតិកម្មទៅនឹងការចំអក របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-ប្រធានគណបក្សប្រជានកម្ពុជា ដែលបានហៅអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កាលពីម្សិលម៉ិញថាជាអ្នកក្លាហាន ក្នុងការវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីឲ្យអាជ្ញាធរចាប់ដាក់ក្នុងពន្ធនាគារ។
ផ្ទុយទៅវិញ លោក អេង ឆៃអ៊ាង បានសរសេរនៅមុននេះបន្តិច លើបណ្ដាញសង្គមថា៖ «រឿងដែលសំខាន់ បើលោកប្រធាន សម រង្សុី ចូលមក នាំឲ្យគណបក្សសង្គ្រោះជាតិ ទទួលជោគជ័យក្នុងការបោះឆ្នោត ឆ្នាំ២០១៨ នោះលោកប្រធាន ដាច់ខាតត្រូវតែចូលទោះជាប់គុក ឬបាត់បង់ជីវិតក៏ដោយ ។»។
កាលពីថ្ងៃទី១៥ ខែមិថុនាម្សិលម៉ិញ លោក ហ៊ុន សែន បានហៅលោក សម រង្ស៊ី ជា«អ្នកក្លាហាន» បើសិនជាមេដឹកនាំប្រឆាំងរូបនេះ ត្រឡប់មកកម្ពុជាវិញ ដើម្បីឲ្យអាជ្ញាធរចាប់ដាក់ពន្ធនាគារ។ នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដូច្នេះ នៅមួយថ្ងៃ បន្ទាប់ពីបុរសខ្លាំងកម្ពុជារូបនេះ បានលុបចោលនូវបទបញ្ជា ដែលហាមប្រាមក្រុមហ៊ុនយន្ដហោះ មិនឲ្យដឹកមេដឹកនាំប្រឆាំង ត្រឡប់ចូលស្រុកខ្មែរវិញ។
នៅចំពោះនិស្សិតបញ្ចប់ការសិក្សា ជាច្រើនរយនាក់ លោក ហ៊ុន សែន បានថ្លែងថា៖ «ពីមុនខ្ញុំគិតសុវត្ថិភាពលោក (លោក សម រង្ស៊ី) តែឥឡូវដោយសារលោកថាមកភ្លាម ខ្ញុំក៏អុកភ្លាមដែរ។ អត់ទាន់បាន ១០ម៉ោងផង ប្តូរចិត្តថាអត់មកទេ។ អ៊ីចឹង បានក្នុងបទអត្ថាធិប្បាយបិទកន្ទុយចុងក្រោយរបស់ខ្ញុំ លើកជាសំណួរថា អ្វីជាឧបសគ្គ សម្រាប់ការវិលត្រឡប់ គឺគុក។ ហើយបើគុក ជាឧបសគ្គ មួយជីវិតនេះ គាត់អត់មកទេ»។
លើកពេលការបោះឆ្នោតជាតិ?
សម្រាប់លោក អេង ឆៃអ៊ាង ដែលហាក់ដូចជាដឹងពីអាថ៌កំបាំង សម្រាប់ស្ថានភាពនយោបាយចុងក្រោយបង្អស់ នៅក្នុងប្រទេសកម្ពុជានោះ បានពន្យល់បន្តទៀតថា៖ «តែបើ[លោក សម រង្ស៊ី] ចូល ឬមិនទាន់ចូល នាំឲ្យគេយកលេស លើក[ពេល]ការបោះឆ្នោតជាតិ ឬរំលាយគណបក្សសង្គ្រោះជាតិ នោះដាច់ខាតមិនត្រូវចូលឡើយ ។»៕