មន្ត្រីបក្សប្រឆាំងថា តំណាងរាស្រ្តទាំង៥៥រូប នឹងចូល«ស្បថ»ល្ងាចនេះ
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៩ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 29, 2014
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នយោបាយ - គណៈកម្មការជំនាញ ចម្រុះរបស់គណបក្សទាំងពីរ បាននឹងកំពុងជជែកពិភាក្សាគ្នាលំអិត នូវចំណុចតូចៗមួយចំនួន ដែលមិនទាន់បានដោះស្រាយបញ្ចប់ នាព្រឹកថ្ងៃទី២៩ ខែកក្កដានេះ។ ទាំងគណបក្សប្រជាជនកម្ពុជា ទាំងគណបក្សសង្គ្រោះជាតិ មានសង្ឃឹមច្រើនក្នុងការឈានទៅរកភាពត្រូវគ្នា។ ជាមួយនឹងលទ្ធផលនេះបេក្ខភាពតំណាងរាស្រ្តជាប់ឆ្នោតទាំង៥៥រូប គណបក្សសង្គ្រោះជាតិនឹងចូល«ស្បថ» នាពេលរសៀលថ្ងៃដដែលនេះ។
ក្រោយកិច្ចចចារកំពូល នៃគណបក្សទាំងពីរ ត្រូវបានបញ្ចប់កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤នេះ បានសម្រេចបង្កើតឲ្យមាន នូវគណៈកម្មការចំនួន១០នៃរដ្ឋសភា។ បន្ទាប់ពីការស្បថនិងធ្វើសច្ចាប្រណិធាន ក្រុមអ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិទំាង៥៥រូប នឹងចូលប្រជុំសភា ដើម្បីធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ទាក់ទងទៅនឹងការបង្កើតបន្ថែមគណៈកម្មការជំនាញថ្មីនៃរដ្ឋសភា គណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ។
នាព្រឹកថ្ងៃទី២៩ ខែកក្កដានេះ នៅវិមានរដ្ឋសភា គណបក្សទាំងពីរក៏បានប្រជុំរៀបចំកិច្ចការផ្ទៃក្នុង នៃគណៈកម្មការចម្រុះទាំងពីរ។ លោក រស់ សួរ មន្រ្តីច្បាប់មកពីគណៈសង្គ្រោះជាតិបានបន្ថែមថា កិច្ចជុំនួបប្រជុំថ្នាក់បច្ចេកទេសចម្រុះ នឹងឈានទៅរកលទ្ធផលជា«វិជ្ជមាន» ច្រើនជាងអវិជ្ជមាន។ ក្រោយលទ្ធផលនេះ សមាជិកតំណាងរាស្រ្តទាំង៥៥រូបគណបក្សសង្គ្រោះជាតិ នឹងចូលស្បថនៅព្រះបរមរាជវាំងវេលាម៉ោង៤ ល្ងាចថ្ងៃនេះ។
ផ្ទុយទៅវិញលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ដូចជានៅតែលាក់ មិនចង់លើកពីបញ្ហាទាំងនេះ ប្រាប់អ្នកសារព័ត៌មានឡើយ។ ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លោកបានលើកឡើងថា នៅមិនទាន់មានដំណោះស្រាយនៅឡើយទេ មកទល់នឹងពេលនេះ។ ឯការចូល«ស្បថ» ក៏មិនទាន់បានកំណត់ពេលច្បាស់លាស់ដែរ។ លោកបានថ្លៃងបែបនេះ ស្របពេលដែលតំណាងគណបក្សទាំងពីរ កំពុងស្វែងរកដំណោះស្រាយនៅវិមានរដ្ឋសភា ដើម្បីឈានទៅបញ្ចប់វិបត្តិ តាមកិច្ចព្រមព្រៀងកាលពីថ្ងៃទី២២ ខែកក្កដា កន្លងមកនេះ។
ដោយឡែកមន្រ្តីខាងគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប ក៏បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូក្នុងថ្ងៃទី២៩ ខែកក្កដានេះដែរថា លោកក៏ដូចជាមន្រ្តីគណបក្សប្រជាជនកម្ពុជាដទៃទៀត ពាក់ព័ន្ធកំពុងប្រជុំដោះស្រាយបញ្ហាតាមកិច្ចព្រមព្រៀងនៃជំនួបកំពូល។
ឯលោក រស់ សួរ បានបញ្ជាក់បន្ថែមដូច្នេះថា៖ «មន្រ្តីនៃគណបក្សទាំងពីរ កំពុងធ្វើការសម្រួលនៅព្រឹកនេះ។ (...) កំពុងប្រជុំគណៈកម្មការជំនាញ នៃរដ្ឋសភាគ្រប់ចំណុចទាំងអស់។ (...) ផែនការមេចេញហើយ នៅផែកការលំអិត ធ្វើតាមគណៈកម្មការជំនាញនីមួយៗ។ (...) សម្រួលត្រូវព្រឹកនេះ ចូលល្ងាចនេះ។ បើមិនត្រូវគ្នាមិនចូលទេ តែភាគរយច្រើនបង្ហាញថាត្រូវគ្នា ដូច្នេះដាច់ខាតល្ងាចនេះត្រូវបានចូលស្បថ។»៕