CNRP ថា​កង​កម្លាំង​ប្រដាប់​អាវុធ មិន​អាច​ឃោសនា​បោះ​ឆ្នោត តែ CPP ស្ថាត់​មាត់

មន្ត្រីតំណាងឲ្យគណបក្សសង្គ្រោះជាតិ បានថ្លែងឡើងថា ក្រោយពីការបង្រួមសិទ្ធិពលរដ្ឋ ក្នុងការឃោសនាមិនបានសម្រេច គណបក្សប្រជាជនកម្ពុជា ងាកមកកាត់បន្ថយសកម្មភាព និងពេលវេលានៃការឃោសនាបោះឆ្នោត និងអនុញ្ញាតឲ្យ«កងកម្លាំងប្រដាប់អាវុធ» ចូលរួមការឃោសសនាបោះឆ្នោតវិញម្តង។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី១៣ មករា ២០១៥
  • កែប្រែចុងក្រោយ: January 13, 2015
  • ប្រធានបទ: បោះឆ្នោត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជំនួប​ជា​ថ្មី របស់​គណបក្ស​ទាំង​ពីរ ក្នុង​ការ​បន្ត​ជជែក​ពិភាក្សា​សេចក្តី​ព្រាង​ច្បាប់ ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត ហាក់​មាន​ភាព​ប្រទាំង​ប្រទើស​គ្នា កាន់​តែ​ខ្លាំង ព្រោះ​តែ​ភាព​«អវិជ្ជមាន» ច្រើន​ជាង​«វិជ្ជមាន»​នៃ​លទ្ធផល​ក្រោយ​ជំនួប​ម្តងៗ​នោះ។

តំណាង​ក្រុម​ការងារ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក គួយ ប៊ុនរឿន បាន​លើក​ឡើង​ថា លោក​បាន​ស្នើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើការ​ពិចារណា​ឡើង​វិញ ពាក់​ព័ន្ធ​និង​វត្តមាន​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ ដែល​អាច​ចូល​រួម​ក្នុង​​ការ​ឃោសនា​នោះ។

ការថ្លែងខាងលើរបស់លោក គួយ ប៊ុនរឿន បានធ្វើឡើង នៅក្នុងកិច្ចសម្ភាសជាមួយនឹងក្រុមអ្នក​សារព័ត៌មាន កាល​ពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ នាវិមានរដ្ឋសភា។ តំណាងគណបក្សប្រឆាំងរូបនេះ បានពន្យល់​ថា គណបក្សរបស់លោកមិនជំទាស់ នឹងការចូលរួមនៃកងកម្លាំងទាំងនោះទេ តែយ៉ាងណាត្រូវធ្វើការបែងចែក​ឲ្យដាច់ពីគ្នា នៃ«ម៉ោង»បំពេញការងារ និងម៉ោងដែលត្រូវចូលរួមក្នុងការឃោសនាបោះឆ្នោត។ លោកបាន​ចាត់ទុកថា ភាពមិនច្បាស់លាស់ នៃការចូលរួមឃោសនា របស់កងកម្លាំងប្រដាប់អាវុធ នាពេលកន្លងមក បាន​ផ្ទុយទៅនឹងច្បាប់គណបក្សនយោបាយ ច្បាប់បោះឆ្នោត និងច្បាប់សហលក្ខន្តិកៈមន្រ្តីរាជការរួចទៅហើយ។ ហើយបញ្ហានេះ លោកមិនចង់ឲ្យកើតមានបន្តទៀតក្នុងអាណត្តិ គ.ជ.ប ថ្មី ដែលមានគណបក្សសង្គ្រោះជាតិ​ចូលរួមឡើយ។

លោក គួយ ប៊ុនរឿន បាននិយាយឲ្យដឹងទៀតថា៖ «ការហាមឃាត់មន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់​អាវុធ​ក្នុងការ​ចូលរួមឃោសនាបោះឆ្នោត មានចែងក្នុងច្បាប់។ (…) ពួកគាត់អាចចូលរួមធ្វើការឃោសនាបាន បន្ទាប់​ពីបញ្ចប់ពេលវេលា ឬក្រៅម៉ោងធ្វើការ។ (…) កងកម្លាំងទាំងនោះ ក្នុងពេលឃោសនាមិនត្រូវពាក់ឯកសណ្ឋាន និងយកអាវុធមកជាមួយ។ (…) មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ចៅក្រមព្រះរាជអាជ្ញា អាចចូលរួមក្នុង​គណបក្ស​នយោបាយបាន តែហាមឃាត់ក្នុងការធ្វើសកម្មភាព “គាំទ្រឬប្រឆាំង” គណបក្សនយោបាយ​ណា​មួយ។»

ចំណែកតំណាងគណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន វិញ មិនបានធ្វើការបកស្រាយ ឬការពារ នូវ​បំណង​របស់គណបក្សប្រជាជនកម្ពុជា ដែលចង់ឲ្យមានវត្តមាននៃមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះរាជ​អាជ្ញា និងចៅក្រម បានចូលរួមក្នុងយុទ្ធនាការនៃការឃោសនាបោះឆ្នោត បានពេញមុខមាត់ ដើម្បីចែងឲ្យ​បាន​ជាក់លាក់ក្នុងសេចក្តីព្រាងច្បាប់បោះឆ្នោតនេះឡើយ។

ក្នុងកិច្ចសម្ភាសដាច់ដោយឡែក ជាមួយអ្នកសារព័ត៌មាន តំណាងគណបក្សប្រជាជនកម្ពុជារូបនេះ មិនបាន​រំលឹកទាល់តែសោះ នូវករណី«មិន»ឯកភាពគ្នា នៃវត្តមានមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងចៅក្រម ព្រះរាជអាជ្ញា​ក្នុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ឬបង្ហាញនូវការគាំទ្រគណបក្សនយោបាយ​ណា​មួយ។ លោកគ្រាន់តែបង្ហាញថា ភាពខ្វែងគំនិតគ្នាជាចំបង លើបញ្ហានៃពេលវេលា នៃការឃោសនាបោះឆ្នោត​ប៉ុណ្ណោះ ដោយខាងគណបក្សប្រជាជនកម្ពុជា ចង់បង្រួមរយៈពេលឃោសនានេះពី ៣០ថ្ងៃ មកត្រឹមតែ១៤ថ្ងៃ​វិញ តែខាងគណបក្សសង្គ្រោះជាតិចង់រក្សាពេលវេលា៣០ថ្ងៃ ទៅតាមច្បាប់ចាស់ដែលបង្ហាញថា មានការ​គាំទ្រ​ទៅលើសេរីភាព នៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។

ប្រធានក្រុមការងារចរចាគណបក្សប្រជាជនកម្ពុជាលោក ប៊ិន ឈិន បានបង្ហាញនូវចេតនានៃការបង្រួម​ពេល​វេលា នៃការឃោសនាបោះឆ្នោតពី៣០ថ្ងៃ មកត្រឹមតែ១៤ថ្ងៃនេះថា ដើម្បីកាត់បន្ថយការប្រឈម​រវាងគណបក្ស​នយោបាយ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងដើម្បីកាត់បន្ថយការចំណាយថវិការច្រើន។

លោក ប៊ិន ឈិន បានពន្យល់ថា «ការឃោសនាចំនួន១៤ថ្ងៃនេះ ក៏យើងចង់កាត់បន្ថយការប្រឈមដែរ ពីព្រោះ​ស្រុកគេខ្លះអត់ឃោសនាផងហ្នឹង។ ហើយទៅស្រុកជប៉ុនហ្នឹងមានតែ៤ ទៅ១០ថ្ងៃដែរ។ នៅសិង្ហបុរីក្បែរយើង​មានតែ៩ថ្ងៃតើ។ បារាំង១៤ថ្ងៃដែរ អីចឹងយើងកុំឲ្យវាខាត់បង់លុយកាក់។ (…) បើនិយាយរឿងឃោសនាហ្នឹង​គណបក្សទាំងអស់ហ្នឹង គេធ្វើការឃោសនារបស់គេជាប្រចាំដែរ ទោះមិនបាច់គេប្រាប់ថាឃោសនាក៏គេ​ឃោសនា​ដែរ។»

លោកបន្ថែមថា ការកាត់បន្ថយពេលវេលានេះ មិនមែនជាការរិតត្បិត សិទ្ធិ និងសេរីភាពរបស់គណបក្ស​នយោបាយ និងប្រជាពលរដ្ឋនោះឡើយ តែបើមានការកំណត់នូវពេលវេលាជាក់លាក់ក្នុងច្បាប់ ហើយនោះ ទាំងគណបក្សនយោបាយ ទាំងប្រជាពលរដ្ឋនឹងត្រៀមខ្លួនជាមុនថា នឹងត្រូវធ្វើបែបណាចំពោះពេលវេលា​នៃ​ការឃោសនានោះ។ តែលោក គួយ ប៊ុនរឿន លើកឡើងថា ការបង្រួមពេលវេលានៃការធ្វើការឃោសនា​បោះ​ឆ្នោតនេះ បានបង្ហាញនូវការបិទសិទ្ធិ សេរីភាពប្រជាពលរដ្ឋ និងគណបក្សនយោបាយក្នុង​ការបញ្ចេញមតិ​ហើយ។

សូមបញ្ជាក់ថា ជំនួបនៃគណបក្រទាំងពីក្នុងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥នេះ ក្នុងចំណោម ២៤មាត្រា បាន​ជជែកត្រឹមតែ១៤មាត្រាប៉ុណ្ណោះក្នុងជំពូកទី៧នោះ។ ក្នុង១៤មានត្រានោះ មានចំណុចខ្វែងគំនិតគ្នាបីបាន​កើតឡើង គឺ ពេលវេលានៃការឃោសនាបោះឆ្នោត, យុទ្ធការឃោសនាបោះឆ្នោត និងវត្តមាននៃមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ចៅក្រម ព្រះរាជអាជ្ញា ក្នុងការឃោសនាបោះឆ្នោត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...