វាសនា កុមារ​លួច​ដួង​រង​ការ​ព្រមាន​«បញ្ចប់​ជំនួយ»

បន្ទាប់ពីមិនអាចសម្រេចគោលដៅ ក្នុងការក្លាយខ្លួនជាវិស្វករគ្រឿងម៉ាស៊ីននោះ កុមារា ម៉ុន វាសនា អាច​ទទួល​ឱកាស​ចុង​ក្រោយ​មួយ​ទៀត​របស់ខ្លួន ដោយត្រូវបាននាយកសាលាអន្តរជាតិ ហ្វ្រេដហ្វត លោក មុំ វ៉ារិន បញ្ជូន​ឱ្យ​ទៅ​រៀន​ជំនាញ​ដំឡើង ម៉ាស៊ីនចាក់សាំង ម៉ាស៊ីនចាក់ហ្គាស និងតំឡើងប្រព័ន្ធហ្គាសតាមស្ថានីយវិញ។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ និងយកការណ៍៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី១៣ មករា ២០១៥
  • កែប្រែចុងក្រោយ: January 13, 2015
  • ប្រធានបទ: អប់រំ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រោយ​ពី​ផ្ទុះ​រឿង​អាស្រូវ នៃ​ការ​ធ្វើ​ទារុណ​កម្ម​​ចាប់​ជ្រមុជ​ក្នុង​ពាង​ទឹក​ស្អុយ ស្ទើរ​ស្លាប់​ស្ទើ​រស់ កាល​ពី​ថ្ងៃ​ទី ២៨ ខែ​សីហា ឆ្នាំ២០១៤​នោះ​មក កុមារ ម៉ុន វាសនា ដែល​ជាជន​រង​គ្រោះ​នៅ​ក្នុង​​រឿង​នេះ និង​កើត​ក្នុង​គ្រួសារ​ក្រី​ក្រ មាន​បង​ប្អូន ៦នាក់ និង​មាន​ឪពុក​ម្តាយ ជា​អ្នក​ផ្ទុក​មេរោគ​អេដស៍​ទៀត​ផង​នោះ ត្រូវ​បាន​នាយក​សាលា​អន្តរជាតិ ហ្វ្រេដហ្វត ជួយ​ឧបត្ថម្ភ និង​នាំ​ក្មេង​ប្រុស​ម្នាក់​នេះ មក​រៀន​នៅ​រាជធានី​ភ្នំពេញ និង​ថែម​ទាំង​មាន​បំណង ចង់​ឱ្យ​ទៅ​បន្ត​ការ​សិក្សា​ជំនាញ​វិស្វករ​គ្រឿង​ម៉ាស៊ីន នៅ​ប្រទេស​ចិន និង​ជប៉ុន​ទៀត។

ប៉ុន្តែ​ក្តី​បំណង​របស់​ម្ចាស់​ជំនួយ និង​ការ​រំពឹង​ទុក​របស់​មហាជន​ហាក់​ខក​បំណង ដោយ​សារ​តែ​កុមារា​ដែល​មាន​ស្រុក​កំណើត​នៅ​ស្រុក​ពារាំង ខេត្ត​ព្រៃ​វែង​រូប​នេះ មិន​អាច​ទទួល​យក​ការ​រស់​នៅ​បែប​ថ្មី និង​ការ​សិក្សា​ដែល​ម្ចាស់​ជំនួយ​បាន​រៀបចំ​ទុក​ឱ្យ​បាន។

បើតាមសេចក្តីជូនដំណឹងរបស់សាលាអន្តរជាតិ ហ្វ្រេដហ្វត បានឲ្យដឹងថា ក្រោយពីបានចិញ្ចឹមថែទាំ និង​ផ្ដល់​ការអប់រំដល់ក្មេងប្រុស ម៉ុន វាសនា ដែលត្រូវបានបុរសពីរនាក់ជាបងប្អូនធ្វើទារុណកម្ម យ៉ាងព្រៃផ្សៃ ដោយ​សារតែបានលួចដូង៤ផ្លែ បានប្រមាណ ៤ ខែមក ម្ចាស់ជំនួយលោក មុំ វ៉ារិន ជានាយកសាលា បាន​សម្គាល់​ថា​កុមារា ម៉ុន វាសនា មិនអាចទទួលយកការសិក្សា ដែលលោកបានផ្តល់ឱ្យនោះទេ។

លោក មុំ វ៉ារិន បានសម្រេចចិត្តបញ្ជូនកុមារា ម៉ុន វាសនា ឱ្យទៅរៀនជំនាញដំឡើង ម៉ាស៊ីនចាក់សាំង ម៉ាស៊ីន​ចាក់ហ្គាស និងតំឡើងប្រព័ន្ធហ្គាសតាមស្ថានីយ នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តចាប់ពីថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០១៥ នេះតទៅ បន្ទាប់ពីបានពិភាក្សា ជាមួយលោក ទុយ ម៉ុន ជាឪពុករបស់កុមារ ម៉ុន វាសនា និង​កុមារ ម៉ុន វាសនា រួចមក ។

សេចក្តីជូនរបស់សាលាអន្តរជាតិ ហ្វ្រេដហ្វត បានបន្តថា៖ «ហើយនេះជាការផ្តល់ឱកាសចុងក្រោយសម្រាប់​កុមារ ម៉ុន វាសនា និងក្រុមគ្រួសារគាត់ ប៉ុន្តែប្រសិនជានៅមិនទទួលបានលទ្ធផល ហើយកុមារ ម៉ុន វាសនា នៅ​តែមិនស្តាប់តាមការណែនាំ ចំពោះការបង្ហាត់បង្រៀនដូចពេលកន្លងមក នោះគម្រោងជួយសង្រ្គោះគាត់ នឹង​ត្រូវ​បញ្ចប់ជាស្ថាពរ»។

គេមិនទាន់ដឹងឲ្យច្បាស់ថា តើស្ថិតក្នុងសភាពបែបណា ដែលកុមារា ម៉ុន វាសនា មិនស្ដាប់តាមការណែនាំ ចំពោះ​ការបង្ហាត់បង្រៀន និងរហូតដល់កម្រិតមួយ ដែលម្ចាស់ជំនួយលោក មុំ វ៉ារិន សម្រេចចិត្តឈប់ជួយ​ឧបត្ថម្ភ​នោះ​ឡើយ។

លោក មុំ វ៉ារិន ដែលតែងនាំក្មេងប្រុស ម៉ុន វាសនា រួមដំណើរជាមួយក្រុមគ្រួសាររបស់លោក ទៅដើរលេង​កម្សាន្ត ទទួលទានអាហារជុំគ្នា និងទៅលេងស្រុកជុំបងប្អូនឪពុកម្តាយ។ សព្វថ្ងៃ លោក មុំ វ៉ារិន និងភរិយា​បានជួយជ្រោមជ្រែងចំពោះគ្រួសារកុមារ ម៉ុន វាសនា ដោយផ្តល់ទុន និងសម្ភារះ អោយម្តាយសម្រាប់ការ​ប្រកបអាជីវកម្មនៅស្រុកកំណើត ដើម្បីទប់ទល់ការចាយវាយប្រចាំថ្ងៃក្នុងក្រុមគ្រួសារ ការផ្តល់ការងារ​អោយ​ឪពុក មកធ្វើការងារនៅភ្នំពេញដោយផ្តល់កម្រៃ ១០ដុល្លាក្នុងមួយថ្ងៃ និងផ្តល់ការសិក្សាដល់កុមារ ម៉ុន វាសនា ការហូបចុក និងការចំណាយផ្សេងៗក្នុងមួយខែ ប្រមាណ ៤០០ដុល្លា សម្រាប់កុមារ ម៉ុន វាសនា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...