ឲ្យ ឈូក បណ្ឌិត ចូលខ្លួន ដើម្បីអាចចាប់សកម្មជនបក្សប្រឆាំង?
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី១០ សីហា ២០១៥
- កែប្រែចុងក្រោយ: August 12, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅពេលដែលមតិមួយចំនួន និយាយថា ការចូលសារភាពរបស់លោក ឈូក បណ្ឌិត ដើម្បីអនុវត្តទោសក្នុងពន្ធនាគារ ទៅលើបទចោលបាញ់បោះ យ៉ាងអាណាធិបតេយ្យ ទៅលើកម្មករ ថាជាការបិទបញ្ចប់ នូការរិះគន់ និងនីទណ្ឌភាពនៅកម្ពុជានោះ សម្រាប់មតិមួយចំនួន បានគិតថា ការចូលខ្លួន របស់អតីតអភិបាលក្រុងបាវិត ជាការបើកផ្លូវឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ឈាន ទៅចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងផ្សេងទៀត។
លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ បានសម្ដែងទស្សនៈរបស់លោក ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ថាការចូលខ្លួនសារភាព របស់លោក ឈូក បណ្ឌិត នាពេលនេះថាអាចជានុយ សម្រាប់បំពាក់ ដើម្បីស្ទូចយកសកម្មជននានា របស់គណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងអំពើហិង្សានៅស្ពាននាគ។ លោក បានពន្យល់ឡើងថា៖ «យើងមើលឃើញថា នៅពេលដែលសម្តេចនាយករដ្ឋមន្រ្តី ប្រកាសឲ្យចាប់ខ្លួនបន្ថែមទៀតទៅលើសកម្មជនគណបក្សសង្គ្រោះជាតិ ដែលពាក់ព័ន្ធនឹងរឿងហិង្សា នៅថ្ងៃទី១៥ ខែកក្កដា (ឆ្នាំ២០១៥) ក្រោយមកតុលាការ ក៏បានចេញដីកាឲ្យសមត្ថកិច្ចចាប់ខ្លួន ជាបន្តបន្ទាប់។ ស្របពេលនេះ លោកនាយករដ្ឋមន្រ្តី ក៏ប្រកាសឲ្យចាប់ខ្លួន លោក ឈូក បណ្ឌិតដែរ។»
មន្រ្តីសិទ្ធិមនុស្សរូបនេះ បាននិយាយថា ការប្រកាសរបស់លោកហុនសែន ដែលបានដាក់ចេញទៅហើយនោះ បើមានប្រសិទ្ធិភាព តែទៅលើសកម្មជនគណបក្សប្រឆាំង ហើយមិនអាចចាប់ខ្លួន លោក ឈូក បណ្ឌិត បាននោះ វានឹងធ្វើឲ្យលោកនាយករដ្ឋមន្រ្តី បាក់មុខមាត់។ ឯយន្តការ នៃការដាក់ទោស លើសកម្មជនគណបក្សសង្គ្រោះជាតិ ក៏នឹងមិនអាចអនុវត្ត មានប្រសិទ្ធិភាពដែរ។ លោកបានបន្ថែមឲ្យដឹងទៀថា៖ «បើលោក ឈូក បណ្ឌិត មិនបង្ហាញខ្លួន សមត្ថកិច្ចត្រូវតែចាប់ខ្លួន បើមិនដូច្នោះទេ បញ្ហាដែលលោក ឈូក បណ្ឌិត មិនត្រូវបានចាប់ខ្លួន នឹងធ្វើឲ្យប៉ះពាល់ ដល់មុខមាត់លោកនាយករដ្ឋមន្រ្តី។ (...) ហេតុនេះ លោក ឈូក បណ្ឌិត បើទោះជាមិនចេញ មកបង្ហាញខ្លួន ក៏ប្រហែលជាត្រូវសមត្ថកិច្ចតាមចាប់។ ការចេញបង្ហាញខ្លួននេះ មិនសូវខ្មាសគេ (ឈូក បណ្ឌិត) នៅពេលដែលសមត្ថកិច្ចចុះចាប់ខ្លួន។»
ចំពោះទស្សនៈខាងលើ មិនត្រូវបាន លោក ផៃ ស៊ី ផាន អ្នកនាំពាក្យ ទីស្តីការគណរដ្ឋមន្រ្តី យល់ស្របនោះទេ។ លោក ស៊ីផាន បានអះអាងក្នុងបណ្តាញសង្គមថា៖ «ការនាំ និងឃាត់ខ្លួន ដែលជាដែនសមត្ថកិច្ច របស់តុលាការនាពេលនេះ ជាចំណាត់ការ ទៅលើបុគ្គលល្មើសច្បាប់តែប៉ុណ្ណោះ ដោយមិនស្ថិតនៅ ក្នុងទិដ្ឋភាពនយោបាយនោះឡើយ»។
មិនអាចសំការបញ្ជាក់បន្ថែម ពីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ នាពេលនេះបានទេ ពាក់ព័ន្ធនឹងការចូលខ្លួន មកសារភាពរបស់លោក ឈូក បណ្ឌិត និងដំណឹងដែលបានធ្វើឲ្យលេចឭ ពីការចាប់ខ្លួន របស់សកម្មជន របស់គណបក្សប្រឆាំង នាពេលថ្មីៗនេះ។
យ៉ាងណាក៏ដោយ លោក អំ សំអាត បានរិះគន់ទៅលើ ភាពអសកម្មនៃក្រុមសមត្ថកិច្ច ឬតុលាការមួយចំនួន ដែលកន្លងមក មិនអាចចាប់លោក ឈូក បណ្ឌិត បាន ក្រោមហេតុផលឬលេសថា លោក ឈូក បណ្ឌិត បានចេញទៅក្រៅប្រទេស (បរទេស) បាត់ហើយ។
ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការលីកាដូដដែល បានធ្វើការរំលឹកថា ករណីបទល្មើស ដែលប្រព្រឹត្តិឡើង ដោយលោក ឈូក បណ្ឌិត នេះ ហាក់ដូចជាមានការការពារ ពីបុគ្គលមានអំណាចដែលនៅពីក្រោយ។ លោកថា កម្មការិនីបីនាក់ នៅកន្លែងផ្សេងគ្នា តែត្រូវគ្រាប់កាំភ្លើងរបស់លោក ឈូក បណ្ឌិត ដូចគ្នា ក្នុងម៉ោងខុសគ្នា។ តែផ្ទុយទៅវិញ លោក ឈូក បណ្ឌិត មិនត្រូវបានចាប់ខ្លួនភ្លាមៗទេ ហើយត្រូវសាលាដំបូងខេត្តស្វាយរៀង លើកលែងការចោទប្រកាន់នោះទៀត។ មិនត្រឹមតែប៉ុណ្ណឹង នៅពេលរឿងនេះ ឡើងរហូតដល់សាលាឧទ្ធណ៍ ស្ថាប័នយុត្តិធម៌មួយនេះ បានធ្វើការចោទប្រកាន់ តែបានបន្ថយទោស មកយ៉ាងស្រាលបំផុត ត្រឹម«បង្ករបួសស្នាម ដោយអចេតនា» ដែលស្ទើរស្មើនឹង «បទលហុ» តែប៉ុណ្ណោះ៕