នៅពេលដែលជនចុងចោទ ក្លាយជាជនរងគ្រោះ...
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី១៤ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 22, 2015
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សូមតុលាការជួយផ្តល់នូវយុត្តិធម៌ និងជួយទទួលខុសត្រូវ លើគ្រួសារអ្នកស្រី ដែលត្រូវបានគេប៉ងយាយី ជាបន្តបន្ទាប់នោះផង។ នេះជាការស្រែកតវ៉ា ខ្លាំងៗ នៅមុខតុលាការកំពូល កណ្ដាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ របស់អ្នកស្រី ប៉ោ អឿន (ហៅយាយផាន់) មកពីភូមិថ្មដូន ស្រុកបន្ទាយអំពិល ក្នុងខេត្តឧត្ដរមានជ័យ បន្ទាប់ពីអ្នកស្រី ត្រូវបានមន្ត្រីសន្តិសុខយាមតុលាការកំពូល មិនអនុញ្ញាតឲ្យចូលតុលាការ ដើម្បីសួររកហេតុផលខុសត្រូវឡើយ។
ជាប់ពន្ធនាគារ ខណៈខ្លួនគ្មានទោស...
ការស្រែកតវ៉ា ដែលមិនទទួលលទ្ធផល បានធ្វើឲ្យអ្នកស្រី ក្នុងវ័យ៤៩ឆ្នាំ ងាកមកផ្ដល់កិច្ចសម្ភាស ឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ជាមួយនឹងពាក្យថា «អយុត្តិធម៌ណាស់»។ អ្នកស្រី ប៉ោ អឿន ដែលបានរងការចោទប្រកាន់ ក្នុងសំនុំរឿង«ឃាតកម្ម»មួយ តាំងពីឆ្នាំ២០០៤ មកនោះ បាននិយាយរៀបរាប់ថា ស្ត្រីដើមបណ្តឹង អ្នកស្រី ហេង ឡាយហៀង ដែលមាន«ប្តីខ្លួន លោក គឹម សុខលី ស្លាប់នៅក្នុងព្រៃ» បានប្តឹងអ្នកស្រី មកកាន់សាលាដំបូងខេត្តសៀមរាប ហើយតុលាការខេត្តមួយនេះ នៅពេលនោះ បានសម្រេចចាប់ និងឃុំខ្លួនអ្នកស្រី អស់រយៈពេលជាងប្រាំមួយខែ។
អ្នកស្រីបន្តថា ក្រោយការអង្កេត សាលាដំបូងខេត្តសៀមរាប មិនបានរកឃើញកំហុស ដែលទាក់ទងនឹងការសម្លាប់ «ប្ដីដើមបណ្ដឹង»នោះ ក៏សម្រេចដោះលែងអ្នកស្រី ឲ្យទៅរស់នៅជាធម្មតា នៅស្រុកភូមិវិញ។ ក្នុងឆ្នាំ២០០៨ (បីឆ្នាំក្រោយការដោះលែង) អ្នកស្រីត្រូវបានសាលាឧទ្ធរណ៍ ក្នុងរាជធានីភ្នំពេញ ចេញដីការកោះហៅ ក្នុងរឿងឃាតកម្មដដែលនេះ បន្ទាប់ពីដើមបណ្តឹង ដែលមិនសុខចិត្តនឹងការសម្រេច របស់តុលាការខេត្តសៀមរាប បានប្ដឹងឡើងមកតុលាការ ថ្នាក់កណ្ដាលបន្តទៀត។
ក្នុងជីវភាពទីទាល់ក្រ រស់នៅខេត្តឧត្តមានជ័យ ព្រោះតែធ្វើដំណើរឡើងចុះ មកកាន់សាលាឧទ្ធរណ៍ រហូតដល់តុលាការកំពូលនេះ អ្នកស្រីត្រូវចំណាយអស់ប្រាស់ជាច្រើន ប្រមាណជាងប្រាំលានរៀល ដែលបានមក ពីការខ្ចីបុលគេ។ អ្នកស្រីបានបន្ថែមថា បញ្ហានេះមិនទាន់ទាំងត្រូវបានបញ្ចប់ផង បញ្ហាថ្មីបានមកដល់ នោះគឺដីស្រែចំការរបស់អ្នកស្រី ត្រូវបានគេរឹបអូសយក ដោយេហតុថាអ្នកស្រី មិនមានលទ្ធភាព ក្នុងការសងបំណុល។
បន្ទាប់ពីរងការចោទ ឥឡូវចោទ ដើមចោទវិញ...
ម្យ៉ាងទៀត ក្នុងអំឡុងពេល ដែលអ្នកស្រីឡើងមកតុលាការ នៅឯភ្នំពេញម្តងៗ សម្ភារៈប្រើប្រាស់បន្តិចបន្តួច លើដី និងនៅក្នុងផ្ទះ ត្រូវបានគេបំផ្លាញចោល ដូចជា អំបិល ប៊ីចេង និងផលដំណាំបន្តិចបន្តួច ហើយមិនដែលរកមុខឃើញឡើយ។ មិនត្រឹមតែប៉ុណ្ណឹង សមាជិកគ្រួសាររបស់អ្នកស្រី ចំនួន៣នាក់ ប្ដី កូន និងចៅ បានស្លាប់ជាបន្តបន្ទាប់។ អ្នកស្រីបានដាក់ការទទួលខុសត្រូវ ទៅលើមរណភាពរបស់អ្នកទាំងបីនេះ ទៅលើដើមចោទ ថាជាអ្នកដៃដល់។
អ្នកស្រីបានថ្លែងប្រាប់ទស្សនាវដ្តីទៀតថា ដើមបណ្តឹងអ្នកស្រី ហេង ឡាយហៀង បញ្ជាក់ប្រាប់អ្នកស្រីថា គេនឹងមិនបញ្ឈប់ការប្តឹងនេះឡើយ ព្រោះតែមិនទាន់រកឃើញឃាតករពិត ដែលសម្លាប់ប្តីរបស់ខ្លួន។ តែបើតាមការអះអាង របស់អ្នកស្រី ប៉ោ អឿន អតីតស្ត្រីចុងចោទរូបនេះ បានដាក់ការសង្ស័យថា គឺស្រ្តីឈ្មោះ ហេង ឡាយហៀង នេះទៅវិញទេ ដែលជាអ្នកសម្លាប់ប្តីរបស់ខ្លួនឯងនោះ ហើយរកអ្នកមកទទួលទោសជំនួស ដោយបានសម្រេចជ្រើសរើស យកអ្នកស្រីតែម្តង ព្រោះតែអ្នកស្រីល្ងិតល្ងង់។
ការដាក់ការសង្ស័យនេះ ព្រោះតាំងពីការតតាំងក្តីនេះ កើតឡើងនៅសាលាដំបូងខេត្ត រហូតមកដល់តុលាការកំពូល អ្នកស្រី ប៉ោ អឿន បានអះអាងថា មិនដែលឃើញមុខ អ្នកស្រី ហេង ឡាយហៀង នេះ ចេញមកធ្វើការដោះស្រាយ ជាមួយអ្នកស្រីម្ដងណាឡើយ។ អ្នកស្រី ប៉ោ អឿន បានបន្តថា អ្នកដែលដឹងថាលោក គឹម សុខលី (ប្ដីរបស់ដើមបណ្ដឹង) ស្លាប់ និងកន្លែងកើតហេតុ ក៏ជាអ្នកស្រី ហេង ឡាយហៀង ខ្លួនឯងនេះដែរ។ អ្នកស្រីវ័យជិត៥០ឆ្នាំ បានថ្លែងឲ្យដឹងថា៖ «គាត់ហៅអ្នកស្រុកឲ្យជួយរក ថាប្តីគាត់ស្លាប់នៅកន្លែងនេះៗ។ បើគាត់មិនសម្លាប់ គាត់មិនអាចដឹងថា ប្តីគាត់ស្លាប់ នៅកន្លែងនេះទេ។ (...) ឡេង ឡាយហៀង ហ្នឹងហើយ ជាអ្នកសម្លាប់។ បើមិនបានសម្លាប់ទេ ចូលមកចរចា (ជជែកទល់មុខគ្នា) ជាមួយនឹងខ្ញុំមក ដែលចោទខ្ញុំថា ខ្ញុំប្រព្រឹត្តិ។ ខ្ញុំចាំតែទទួល (ជជែកទេ) តើ!»
ទស្សនាវដ្ដីនឹងស្វែងរកការបកស្រាយ ពីខាងដើមបណ្ដឹង អ្នកស្រី ហេង ឡាយហៀង ជុំវិញករណីនេះ ហើយនឹងធ្វើការចុះផ្សាយ នៅក្នុងអត្ថបទលើកក្រោយរបស់ខ្លួន។
សូមបញ្ជាក់ថា ករណីខាងលើនេះ មានកិច្ចអន្តរាគន៍ជាបន្តបន្ទាប់ ឲ្យជួយអ្នកស្រី ពីសំណាក់គណកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេតនៃរដ្ឋសភា ដែលមានហត្ថលេខាលោក ញ៉ែម ថ្ថាវី ជាប្រធាន និងចំណារអន្តរាគមន៍បន្ថែម ដោយប្រធានរដ្ឋសភា លោក ហេងសំរិន ក្នុងឆ្នាំ២០១២។ តាមសំរង់សាលដីកា របស់សាលាឧទ្ធរណ៍ ដែលមានសុពលភាពអនុវត្ត តាមផ្លូវច្បាប់ ចាប់ពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១២ ជនដែលរួចពីការចោទប្រកាន់ ពីបទ«ឃាតកម្មគិតទុកជាមុន» រួមមានឈ្មោះ ប៉ោ អឿន (អ្នកស្រីផ្ទាល់) អឿ រ៉ូ (ប្ដីរបស់អ្នកស្រី ប៉ោ អឿន) និងបុរសម្នាក់ទៀតដែលពាក់ព័ន្ធដែរ ឈ្មោះ យឹម សេន៕
» ការបកស្រាយផ្ទាល់ របស់អ្នកស្រី ប៉ោ អឿន ជាវីដេអូ៖