«គ្រឿងស្រវឹងជាទឹក បំពុលមនុស្ស»
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ- ភ្នំពេញថ្ងៃទី ១០ សីហា ២០១៥
- កែប្រែចុងក្រោយ: August 12, 2015
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកសម្របសម្រួល ក្នុងវេទិកាយុវជន កាលពីថ្ងៃទី០៨ ខែសីហា យុវជន ហេង គឹមហុង ដែលជានិស្សិតផ្នែកច្បាប់ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង បានលើកឡើងថា «គ្រឿងស្រវឹង ជាទឺកបំពុលមនុស្ស»។
ការលើកឡើងនេះ បានធ្វើឡើង នៅក្នុងវេទិកាយុវជន ដែលបានបើកធ្វើកាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ២០១៥ ទាក់ទងនឹងប្រធានបទ ការប្រើប្រាស់គ្រឿងស្រវឹង ដែលមានគោលបំណង ឲ្យយុវជនទាំងអ្នកប្រើប្រាស់ គ្រឿងស្រវឹង និងមិនប្រើប្រាស់ជួបគ្នា ដើម្បីជជែកពិភាក្សា និងរកដំណោះស្រាយដែល អាចបកាត់បន្ថយហានីភ័យមួយចំនួន បង្កពីគ្រឿងស្រវឹង ដូចជាករណីគ្រោះថ្នាក់ចររាចរណ៍ បញ្ហាអសន្តិសុខសង្គម និងអំពើហិង្សាក្នុងគ្រួសារជាដើម សុទ្ធតែមានភាគរយខ្ពស់ បណ្តាលមកពីការប្រើប្រាស់គ្រឿងស្រវឹង។
លោក គឹមហុង បានពន្យល់ថា នៅពេលមនុស្សមានស្មារតីធម្មតា អាចបញ្ជា និងគ្រប់គ្រងខ្លូនឯងបានយ៉ាងល្អ ប៉ុន្តែនៅពេលមានជាតិស្រវឹង ចូលក្នុងខ្លួន មនុស្សស្ទើរ៩០ភាគរយ មិនអាចរក្សា និងគ្រប់គ្រងស្មារតី ដូចមុនទៀតបានទេ។ ដូចច្នេះបញ្ហាដែលកើតមាន ក្នុងអំឡុងពេលប្រើប្រាស់គ្រឿងស្រវឹង អាចជាបញ្ហាធំ ដល់ខ្លូនឯង និងសង្គម។
និស្សិតផ្នែកច្បាប់រូបនេះ បានលើកយកការសិក្សាស្រាវជា្រវ របស់មូលនិធិអាស៊ី មកបញ្ជាក់ទៀតថា ចំនួនសិស្សនិស្សិត ដែលប្រើប្រាស់គ្រឿងស្រវឹង នៅកម្ពុជា មានរហូតដល់ទៅ៧៨ភាគរយ បើធៀបទៅនឹងយុវជនសរុប។ ក្នុងនោះ តួលេខយុវជនដែលប្រើប្រាស់ នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត មានលក្ខណៈខុសគ្នា។ ភ្នំពេញជាប់ចំណាត់ថ្នាក់ទី៣ ចំណែកតួលេខ ដែលប្រើប្រាស់ច្រើន គឺនៅខេត្ត ស្វាយរៀង និងខេត្តមណ្ឌលគីរី រតនៈគីរី។
និស្សិតស្ត្រី ផ្នែកទស្សនៈវិជ្ជាម្នាក់ មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កញ្ញា យឿន ផល្លា បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា យុវជនដែលប្រើប្រាស់គ្រឿងស្រវឹង បណ្តាលមកពីកត្តាពីរយ៉ាង ទីមួយគឺខ្លូនឯង ទីពីរ គឺបរិយាកាសសង្គមខាងក្រៅអូសទាញ។ កញ្ញាពន្យល់ថា បរិយាកាសសង្គមខាងក្រៅ នៅក្នុងទីក្រុងភ្នំពេញ មានភាពងាយស្រួលណាស់ ក្នុងការទិញ ឬប្រើប្រាស់គ្រឿងស្រវឹង គ្មានការហាមឃាត់ណាមួយឡើយ។ ម្យ៉ាងវិញទៀត កត្តាខ្លួនឯង ដែលឃើញអ្នកនៅជុំវិញខ្លួនប្រើគ្រឿងស្រវឹង គឺខ្លួនឯងមិនអាចគ្រប់គ្រងបាន ហើយឈានដល់ការប្រើប្រាស់ដែរ យូរទៅ ក្លាយជាទម្លាប់ពេលជួបគ្នា គឺត្រូវតែមានគ្រឿងស្រវឹង។
ដូចគ្នានេះដែរ យុវជន ជួង សុជា បានបញ្ជាក់ប្រាប់ថា យុវជននៅក្នុងប្រទេស គឺជាទំពាំងស្នងឬស្សី បើទំពាំងនាំគ្នាប្រើប្រាស់គ្រឿងស្រវឹង នោះឬស្សី នឹងគ្មានការលូតលាស់ល្អនោះទេ។ យុវជនរូបនេះ បានបញ្ជាក់ចុងក្រោយថា សូមសំណូមពរឲ្យក្រសួងព័ត៌មាន មេត្តាកាត់បន្ថយ ការផ្សព្វផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹង នៅក្នុងប្រទេស។ មួយវិញទៀត សូមឲ្យក្រសួងដែលជាប់ពាក់ព័ន្ធ មេត្តារឹតបណ្តឹងពន្ធ នាំគ្រឿងស្រវឹងចូល ដើម្បីឲ្យការលក់គ្រឿងស្រវឹង មានតម្លៃថ្លៃ ដែលអ្នកគ្មាលទ្ធភាព មិនអាចប្រើប្រាស់បាន៕