ទារិកាពីររូបកើតមក មានដងខ្លួនតែមួយ នៅឥណ្ឌា
- ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី១៥ មីនា ២០១៤
- កែប្រែចុងក្រោយ: March 15, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ធម្មជាតិចម្លែក - ជាការប្រួលប្រែរូបរាង ដ៏កម្រ។ នៅថ្ងៃទី១២ ខែមីនាកន្លងមកនេះ នៅផ្នែកខាងជើងនៃប្រទេសឥណ្ឌា អ្នកម្ដាយវ័យក្មេងអាយុ២៨ឆ្នាំ មួយរូប បានផ្ដល់កំណើតមកលើភពផែនដីយើងនេះ នូវទារិកាចំនួនពីរនាក់ តែមានរូបរាងដ៏ចម្លែកប្លែកពីទារកផងទាំងពួង។ នោះគឺទារិកាទាំងពីរមានក្បាលពីរប្រាកដហើយ តែក្បាលទាំងពីរនោះ ដុះពីលើដងខ្លួនតែមួយ។ គេហទំព័រ ដេល្លីមែល (Daily Mail) បានផ្សាយអះអាងថា ថ្វីត្បិតតែទារិកាទាំងពីរមានខ្លួនតែមួយ តែមានឆ្អឹងខ្នងព្រែកបែកជាពីរ។
«ឪពុកម្ដាយរបស់ទារិកា មិនដឹងថាត្រូវធ្វើយ៉ាងម៉េចនោះទេ។ តែយើងនឹងរិះរកគ្រប់មធ្យោបាយ ដើម្បីជួយគ្រួសារនេះឲ្យបានប្រសើរតាមតែអាចធ្វើទៅបាន។» នេះការប្រកាសរបស់ វេជ្ជបណ្ឌិត ស៊ីកហា ម៉ាលីក (Shikha Malik) ជំនាញខាងរោគស្ត្រី។ សម្រាប់ក្រុមគ្រូពេទ្យ ក្ដីសង្ឃឹមនៃការរស់រានមានជីវិតរបស់ទារិកា មានសភាពស្ដួចស្ដើងជាទីបំផុត ព្រោះជំនួយក្នុងការដកដង្ហើម ត្រូវបានធ្វើរួចទៅហើយ ដល់ទារកទាំងពីរ។
ការថតឆ្លុះ នៅពេលមានគភ៌បានធ្វើឡើងយឺតពេលទៅហើយ ...
បម្រែបម្រួលរូបរាងនេះ ត្រូវបានគ្រូពេទ្យចាត់វិធានការជួយសង្គ្រោះយឺតពេលទៅហើយ ដោយសារតែពីរនាក់ប្ដីប្រពន្ធនេះ មិនមានលទ្ធភាពក្នុងការចំណាយប្រាក ដើម្បីថតឆ្លុះនៅក្នុងអំឡុងពេលមានផ្ទៃពោះ ដែលគេគួរតែធ្វើនៅពេលចាប់ផ្ដើមមានគភ៌ដំបូង។ លោកវេជ្ជបណ្ឌិតបានពន្យល់ថា «នៅពេលដែលអ្នកស្រី សាម៉ា បានធ្វើការថតឆ្លុះជាលើកទីមួយ គឺជាពេលដែលយើងបានដឹងថា អ្នកស្រីមានកូនភ្លោះដែលជាប់អវៈយវៈគ្នា។ គភ៌មានសភាពធំធាត់ដល់ដំណាក់កាល ដែលពេទ្យជួយអ្វីលែងកើតទៅហើយ។»
នៅក្នុងពេលនេះ អ្វីដែលគេអាចធ្វើបាននៅពេលនេះ សម្រាប់ក្រុមគ្រូពេទ្យគឺធ្វើយ៉ាងណា ដើម្បីឲ្យកូនភ្លោះដ៏កំសត់ទាំងពីរ អាចនៅរស់រានមានជីវិតតទៅមុខទៀត។ ក្រុមគ្រូពេទ្យនៅមិនទាន់គម្រោងនឹងវះកាត់ទារិកាទាំងពីរនៅឡើយ ដោយហេតុថានាងតូចទាំងពីរ រស់នៅលើដងខ្លួនតែមួយបែបនេះ៕