ពលរដ្ឋត្អូញថា គម្រោងវារីអគ្គីសនីសេសាន២ ឃើញតែកាប់ព្រៃឈើ !
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: March 16, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ ក្នុងរយៈកាលជាងពីរឆ្នាំមកនេះ ឃើញមានការអភិវឌ្ឍន៍លើការ«កាប់»ព្រៃឈើច្រើនជាង ការស្វែង«រក»ដីសម្រាប់ប្រជាពលរដ្ឋរស់នៅ។ តំណាងសហគមន៍ក្នុងតំបន់នោះ បានថ្លែងយ៉ាងនេះ ដោយបានបញ្ជាក់ទៀតថា ប្រជាសហគមន៍បានស្វះស្វែងរកអន្តរាគមន៍រឿងដីធ្លីនេះ តាមការដាក់ញ្ញត្តិទៅស្ថានទូតនានា រដ្ឋាភិបាល និងទៅក្រសួងរ៉ែ និងថាមពល តែនៅតែមិនមានឃើញមានការកម្រើកអ្វីឡើយ។
ជីវភាពប្រជាពលរដ្ឋនៅតាមបណ្ដោយទន្លេសេសាន ខេត្តស្ទឹងត្រែង។ (រូបថត សហការី)
គម្រោងដីធ្លី - លោក កែវ ម៉ីប តំណាងប្រជាសហគមន៍ភូមិក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង បាននិយាយថា «បើសាងសង់ក៏សាងសង់ទៅ តែសូមកាត់បន្ថយការប៉ះពាល់ ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ (…) អ្វីដែលសំខាន់ មិនដែលឃើញរដ្ឋាភិបាលមកអើត មកមើលរឿងដីធ្លីទេ ឃើញតែក្រុមហ៊ុនមកធ្វើនិងកាប់ព្រៃឈើជាបន្តបន្ទាប់។ (…) បើនៅ(ឲ្យរស់នៅ)កន្លែងណាឲ្យដឹងពិតប្រាកដ តែនេះនៅមិនទាន់ដឹងអីទេ។»
ការថ្លែងរបស់តំណាងពលរដ្ឋខាងលើ ចង់សំដៅទៅលើគម្រោងសាងសង់វារីអគ្គីសនីសេសានក្រោម២ សម្រាប់ថាមពល ច្រើនជាង៤០០ មេហ្គាវ៉ាត់ ក្រោមការវិនិយោគដែលមានទឹកប្រាក់ ជាង៧៨១លានដុល្លារអាមេរិក របស់ក្រុមហ៊ុនចម្រុះខ្មែរ-ចិន-វៀតណាម ឈ្មោះ ហាយដ្រូ ផៅវ័រឡូវើសេសានពីរ។ គម្រោងនេះត្រូវបានរដ្ឋាភិបាលកម្ពុជាអនុម័ត្រ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១២ សម្រាប់ការវិនិយោគដែលមានរយៈពេល ៤៥ឆ្នាំ ក្នុងនោះ ៥ឆ្នាំសម្រាប់ធ្វើការសាងសង់ និង៤០ឆ្នាំសម្រាប់ធ្វើអាជីវកម្ម។
ប៉ុន្តែអ្វីដែលជាការយល់ឃើញ របស់ពលរដ្ឋដែលរស់ក្នុងតំបន់នោះ និងបានក្លាយខ្លួនជាជនរងគ្រោះនឹងការបណ្ដេញចេញ ទៅរកការបោះទីតាំងថ្មីនោះ បានត្អូញថា ការដោះស្រាយដើម្បីរកដីថ្មី សម្រាប់ឲ្យពលរដ្ឋរស់នៅ មានលក្ខណៈយឺតយ៉ាវ មិនស្វាហាប់ដូចការចូលមកកាប់ព្រៃឈើចេញទៅនោះឡើយ។ លោកក្រូ យូរ មេភូមិក្បាលរមាស បាននិយាយថា «ដំណឹងយ៉ាងណានោះគ្មានទេ សំណងក៏គ្មានដែរ ស្ងាត់ឈឹង។ មានតែក្នុងគម្រោង តែការអនុវត្តគ្មានទេសម្រាប់ប្រជាពលរដ្ឋ តែសម្រាប់ក្រុមហ៊ុនវិញ ធ្វើជាបន្តរបន្ទាប់មកទល់នឹងពេលនេះ។» រីឯមេឃុំក្បាលរមាសលោក វឿន សម្បត្តិ ក៏ថ្លែងទទួលស្គាល់ដែរ ពីការមិនយកចិត្តទុកដាក់របស់ថ្នាក់លើ (រដ្ឋាភិបាល និងថ្នាក់ខេត្ត) ចំពោះការដោះស្រាយដីធ្លីសម្រាប់ប្រជាពលរដ្ឋ ក្នុងរយៈកាលកន្លងមក រហូតដល់បច្ចុប្បន្ន។
តំណាងមួយរូបទៀត ពីខាងសហគមន៍ស្រែគរ លោក ហ្វឿង ហេង បានត្អូញដោយចំៗថា «មានតែគម្រោងកាប់ព្រៃឈើត្រូវបានអនុវត្តជាក់ស្តែង តែគម្រោងដីធ្លីប្រជាពលរដ្ឋ មិនឃើញមានការអនុវត្តជាក់ស្តែងសោះ។» ការត្អូញត្អែរ ដែលសម្រាប់លោកជំទប់ទីមួយឃុំស្រែគរ លោក បេង តេង ក៏បានថ្លែងស្រដៀងគ្នានេះដែរថា ក្នុងគម្រោងមានពិតប្រាកដណាស់ តែមិនទាន់ឃើញចុះមកសិក្សាផ្ទាល់ ដល់ទីកន្លែងនៅឡើយ ទាំងខាងក្រុមហ៊ុន និងទាំងរដ្ឋាភិបាល។
លោកហូ សំ អុល អ្នកសម្របសម្រួលមួយរូប របស់សមាគមអាដហុក ប្រចាំខេត្តស្ទឹងត្រែង បានយល់ស្របនឹងការលើកឡើងខាងលើ ថារដ្ឋាភិបាល ឬអាជ្ញាធរខេត្តបានត្រឹមតែធ្វើការផ្សព្វផ្សាយ ឯបញ្ហាដីធ្លីមួយចំនួនធំ នៅមិនទាន់ឃើញមានភាពជាក់លាក់ ដើម្បីកំណត់ពេលវេលា និងទីតាំងដីពិត ក្នុងការដោះស្រាយចែកជូនប្រជាពលរដ្ឋនៅឡើយ។ ទាក់ទងនឹងការកាប់ព្រៃឈើ មន្ត្រីសង្គមស៊ីវិលរូបនេះ បានពន្យល់ថា ទាំងក្រុមហ៊ុនក៏បានកាប់ និងទាំងប្រជាពលរដ្ឋ ក៏បានចូលរួមកាប់ដែរ តែឈើដែលកាប់ហើយ ត្រូវបានប្រមូលទិញដោយក្រុមហ៊ុនដដែល។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ពីលោក ឡូយ សុផាត អភិបាលខេត្តស្ទឹងត្រែងបានទេ នាថ្ងៃសៅរ៍ទី១៥ ខែមីនានេះ ដោយភ្ជាប់ទំនាក់ទំនងមិនបាន។
តែតំណាងក្រុមហ៊ុនឆាយហ្វ័រណេ របស់ប្រទេសចិន ធ្លាប់បានសន្យាថានឹងខិតខំសហការណ៍ ជាមួយក្រុមការងារថ្នាក់ខេត្ត ដើម្បីរៀបចំឲ្យប្រជាពលរដ្ឋ ធ្វើការផ្លាស់ប្តូរទីលំនៅទៅកាន់កន្លែងថ្មី ឲ្យបានឆាប់ សំដៅធ្វើឲ្យគម្រោងសាងសង់វារីអគ្គីសនីសេសានក្រោមពីរ មានដំណើរការទៅបានដោយរលូន តាមគំរោងវិនិយោគ៕
-------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៤