វារីអគ្គីសនី«ដនសាហុង» បង្កបញ្ហាដល់ពលរដ្ឋកម្ពុជាជាង៦លាននាក់
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: November 06, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គំរោងសាងសង់ទំនប់វារីអគ្គីសនី«ដនសាហុង»(Don Sahong Dam) ដែលមានចំងាយត្រឹមតែពីរគីឡូម៉ែត្រពីព្រំដែននៃប្រទេសកម្ពុជា នឹងផ្តល់ផលប៉ះពាល់ដល់ការបំលាស់ទីកន្លែងរកចំណី និងការបន្តរពូជរបស់ត្រីរាប់រយប្រភេទ ប៉ះពាល់លើវិស័យជលផលសំខាន់ៗ ទាំងក្នុងប្រទេសកម្ពុជានិងឡាវខ្លួនឯង ពិសេសប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជនរាប់សែននាក់ដែលរស់នៅតាមដងទន្លេមេគង្គ ក៏ដូចជាតាមដៃទន្លេមេគង់ នៃបណ្តាប្រទេសដែលទន្លេនេះឆ្លងកាត់ដែរ រួមមានប្រទេស ថៃ ឡាវ កម្ពុជា និងវៀតណាម។ នេះជាការលើកឡើងរបស់លោក ឈិត សំអាត នាយកប្រតិបត្តិវេទិកា នៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum)។
សន្និសិទសារព័ត៌មាន នៅទីស្នាក់ការរបស់វេទិកានៃអង្គការ មិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា កាលពីព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)
រាជធានីភ្នំពេញ - គំរោងសាងសង់ទំនប់វារីអគ្គីសនី «ដនសាហុង» (Don Sahong Dam) ក្នុងភាគខាងត្បូងនៃប្រទេសឡាវ ត្រូវបានសម្រេចធ្វើដោយឯកតោភាគីនៃប្រទេសរបស់ខ្លួន ដោយរំលោភលើកិច្ចព្រមព្រៀងឆ្នាំ១៩៩៥ ដែលមានប្រទេស ថៃ ឡាវ កម្ពុជា និងវៀតណាមជាហត្ថលេខីនោះ។ កិច្ចព្រមព្រៀងឆ្នាំ១៩៩៥ ដែលបានសរសេរថា «រាល់គម្រោងនានាដែលប៉ះពាល់ដល់ការអភិវឌ្ឍន៍លើទន្លេមេគង្គ បណ្តាប្រទេសហត្ថលេខីដែលមានគំរោងទាំងនោះត្រូវបង្ហាញពីផលប៉ះពាល់ និងផលវិជ្ជមាននៃប្រទេសខ្លួន ទៅភាគីផ្សេងទៀត និងក៏ស្នើសុំឲ្យប្រទេសដែលពាក់ព័ន្ធទាំងនោះ ធ្វើការសិក្សាពីផលប៉ះពាល់នៃការសាងសង់នោះរៀងៗខ្លួន។ បន្ទាប់មកត្រូវធ្វើការដាក់បញ្ចូលគ្នា ដើម្បីធ្វើការស្វែងរកចំណុចរួមមួយ ក្នុងការសម្រេច និងដោះស្រាយតាមរយៈការឯកភាពរួមមួយ មុននឹងដំណើការគំរោងសាងសង់។»
ក្នុងសន្និសិទសារព័ត៌មាន ដែលរៀបចំដោយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា នៅទីស្នាក់ការរបស់ខ្លួនកាលពីព្រឹកថ្ងៃទី០៦ ខែវិច្ឆិកានេះ លោក ឈិត សំអាត បានលើកឡើងថា អន្លង់ទឹក អន្លង់ឈើទាលស្ថិតក្រោមខ្សែទឹកស៊ីផាន់ដននៅមិនឆ្ងាយពីព្រំដែលកម្ពុជាឡាវនោះ ជាជម្រកសត្វផ្សោតអ៊ីរ៉ាវ៉ាឌី (Irrawaddy) ដ៏កម្រ ដែលជិតនឹងផុតពូជរបស់កម្ពុជា មានជាងដប់កន្លែង ហើយមានចំនួនមិនដល់១០០ក្បាលផង។ «អន្លង់ទឹកជ្រៅ អន្លង់ឈើទាល ក្នុងរដូវប្រាំងជាជម្រករបស់សត្វផ្សោតអ៊ីរ៉ាវ៉ាឌី។ ក្នុងរដូវវស្សាសត្វនេះក៏ធ្វើចលនាក្នុងចំងាយពី២០០-៣០០ម៉ែត្រពីទីតាំងទំនប់នេះ។»
នាកយប្រតិបត្តិអង្គការស្ម័គ្រចិត្តដើម្បីសង្គម លោក ប៉ែន សុមុនី ដែលធ្វើការស្និតជាមួយយុវជនបានបញ្ជាក់ថា ប្រជាជនប្រមាណជាង៦០លាននាក់ ក្នុងនោះជាង៦លាននាក់ជាប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅអាស្រ័យផលលើទន្លេមេគង្គ។ លោកបន្តរថា ការអភិវឌ្ឍន៍នេះជាលទ្ធផលវិជ្ជមានតូចមូយសម្រាប់ប្រទេសតែប៉ុណ្ណោះ ស្របជាមួយគ្នានេះ (វា)ក៏ជាផលប៉ះពាល់មួយយ៉ាងធំ ដល់ការរស់នៅរបស់ប្រជាពលរដ្ឋទាំងបួនប្រទេស ជាពិសេសប្រជាពលរដ្ឋដែលនៅជិត នឹងតំបន់នៃទំនប់នោះតែម្តង។ ជាមួយគ្នានេះលោកក៏សំណូមពរ ដល់រដ្ឋាភិបាលនៃប្រទេសសាមី មិនត្រូវធ្វើការសម្រេចចិត្តដោយឯកតោភាគីនោះទេ ត្រូវមានការឯកភាព និងយល់ព្រមពីបណ្តាប្រទេសក្នុងតំបន់ទន្លេមេគង្គដែរ ពិសេសត្រូវគោរពតាមកិច្ចព្រមព្រៀងឆ្នាំ១៩៩៥។ ឯរដ្ឋាភិបាលកម្ពុជាក៏ត្រូវយកចិត្តទុកដាក់លើបញ្ហានេះ និងត្រូវធ្វើការសិក្សាឲ្យបានស៊ីជម្រៅ លើផលប៉ះពាល់នានាចំពោះជាតិ ចំពោះជីវៈចម្រុះ និងចំពោះប្រជាពលរដ្ឋ ពីការសាងសង់ទំនប់នេះមុននឹងឯកភាពដាក់ឲ្យមានដំណើរការនោះ។
លោក យុក លេងឡុង ប្រធានគ្រប់គ្រងកម្មវិធី នៃអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល ក៏បានបន្ថែមថា «ការសាងសង់នេះស្ទើរតែគ្មានប្រយោជន៍សោះចំពោះប្រជាពលរដ្ឋនោះ ព្រោះថាពួកគាត់ភាគច្រើនរស់នៅលើភូមិបណ្តែតទឹក ជានិច្ចកាលតែងតែបំលាស់ទីទៅតាម ប្រព័ន្ធនៃចរន្ត ទឹក ភាពចាំបាច់មិនមែនជាតម្រូវការ នៃការប្រើប្រាស់ចរន្តអគ្គីសនីនោះទេ ការអាស្រ័យផលពីទន្លេ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃទើបជាករណីចំបង និងត្រូវដោះស្រាយ។ លោកបានបញ្ជាក់ថា គម្រោងនៃការសាងសង់ទំនប់នេះ បានផ្តល់នូវសំណងតិចតួចប៉ុណ្ណោះ សម្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ និងមិនមានសំណងទាល់តែសោះចំពោះប្រជាពលរដ្ឋដែលរស់នៅលើផ្ទៃទឹក(ភូមិបណ្តែតទឹក)។»
លោក ច័ន្ទ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម មិនអាចទំនាក់ទំនងដើម្បីសុំការបញ្ជាក់ពីបញ្ហាខាងលើបានទេ។ តែលោក ឈិត សំអាត បានបង្ហាញថា ក្រុមការងាររបស់លោកបានដាក់លិខិត ទៅគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជារួចរាល់ហើយ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៣ តែមកទល់នឹងពេលនះមិនទាន់មានការឆ្លើយតបនៅឡើយនោះទេ។ ឯរដ្ឋាភិបាល ក៏មិនទាន់ឃើញមានប្រតិកម្មអ្វី តបទៅនឹងការសាងសង់ទំនប់វារីអគ្គីសនីដនសាហុង របស់ប្រទេសឡាវនេះដែរ។
លោកបន្តរថា «ក្នុងផលប្រយោជន៍ប្រទេស ផលប្រយោជន៍ប្រជាជន ក្នុងនាមជាអង្គការសង្គមស៊ីវិល នៅតែបន្តរការទាមទារ ការតវ៉ាតាមយុត្តិសាស្រ្តផ្សេងៗ និងតាមបរិបទជាក់ស្តែង រហូតដល់បានសម្រេច តែមិនធ្វើជាបាតុកម្មនោះទេ។ (…) កន្លងមកយើងធ្លាប់រៀបចំជាពាក្យបណ្តឹ ងក្នុងនាមជាសម្ព័ន្ធអង្គការនៃទន្លេមេគង្គ ទៅកាន់តុលាការពាក់ព័ន្ធទាំងអស់ក្នុង រឿងទំនប់វារីអគ្គីសនីនៅប្រទេសថៃ ពិសេសតុលាការសាមី។ យើងនឹងអនុវត្តន៍នីតិវិធីនេះជាបន្តរ ចំពោះការកសាងទំនប់វារីអគ្គីសនីដនសាហុងនេះ។»
ជាមួយគ្នានេះតាមការបញ្ជាក់ក្នុងរបាយការណ៍នៃសម្ព័ន្ធទន្លេកម្ពុជា ស្តីពីគម្រោងវារីអគ្គីសនីដនសាហុងនេះ មជ្ឃមណ្ឌលត្រីពិភពលោក(World Fish Center)ក៏បានធ្វើការរិះគន់ដែរថា «ក្នុងអាងទន្លេមេគង្គ គេពុំឃើញមានឧទាហរណ៍នៃផ្លូវត្រីឆ្លងកាត់ដែលប្រកប ដោយប្រសិទ្ធិ ភាពឡើយ។» សម្រាប់អ្នកវិទ្យាសាស្រ្តពាក់ព័ន្ធផ្សេងទៀតក៏បានអះអាងដែរថា «គេពុំឃើញមានផ្លូវត្រីណា មួយដែលមានប្រសិទ្ធិភាព សម្រាប់ឲ្យត្រីឆ្លងកាត់ទេ ប្រសិនបើមានការរាំងខ្ទប់ដោយទំនប់វារីអគ្គីសនីនេះ។»
---------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ