ជីវិត​គ្មាន​«កោះត្រើយ» ជា​មួយ​គម្រោង​ទំនប់​វារី​អគ្គីសនី​សេសាន​ក្រោម​២

ជាងពីរឆ្នាំហើយ ដែលប្រជាពលរដ្ឋប្រមាណជាង៤០០គ្រួសារ កំពង់ទន្ទឹងរងចាំនូវគោលនយោបាយដីធ្លី របស់រដ្ឋាភិបាលទាំងអន្ទះសារ ជាមួយនឹងភាពគ្មានសង្ឃឹមសោះឡើយ។ ការបង្ហាញពីជំហរ និងការសន្យារបស់ខ្លួន (រដ្ឋាភិបាល) ប្រៀបប្រជាពលរដ្ឋទៅនឹង«កូនរង់ចាំម្តាយ»មកពីចំការ ដែលនាំមកជាមួយនូវផលានុផល ឬបន្លែផ្លែឈើ ដែលស្របតាមក្តីសង្ឃឹម។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: March 14, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាងពីរឆ្នាំហើយ ដែលប្រជាពលរដ្ឋប្រមាណជាង៤០០គ្រួសារ កំពង់ទន្ទឹងរងចាំនូវគោលនយោបាយដីធ្លី របស់​រដ្ឋាភិបាលទាំងអន្ទះសារ ជាមួយនឹងភាពគ្មានសង្ឃឹមសោះឡើយ។ ការបង្ហាញពីជំហរ និងការសន្យារបស់ខ្លួន (រដ្ឋាភិបាល) ប្រៀបប្រជាពលរដ្ឋទៅនឹង«កូនរង់ចាំម្តាយ»មកពីចំការ ដែលនាំមកជាមួយនូវផលានុផល ឬបន្លែ​ផ្លែឈើ ដែលស្របតាមក្តីសង្ឃឹម។


ទន្លេសេសាន នាថ្ងៃរៀបលិច។ (រូបថត សហការី)

របាយការណ៍ - ប្រជាពលរដ្ឋរាប់រយគ្រួសារ កំពុងបន្តរការរស់នៅក្នុងភូមិចាស់របស់ខ្លួន បន្ទាប់ពីភាពស្ងៀមស្ងាត់​របស់រដ្ឋាភិបាល ដែលបានសន្យានឹងដោះដូរទៅតាំងទីថ្មី ជាជំនួសលំនៅដ្នានចាស់របស់ពួកគាត់ ក្នុងកិច្ចអភិវឌ្ឍន៍​នោះ។ ការរស់នៅជាមួយនឹងក្តីអស់សង្ឃឹម ភាពមិនឃើញ«កោះត្រើយ» ការមិនយកចិត្តទុកដាក់ពីរដ្ឋាភិបាល បាន​ញ៉ាំងចិត្តពួកគាត់ ប្រៀបបានជា«បញ្ញើក្អែក»មួយ នៅលើស្រុកកំណើតកេរ្តិ៍ដូនតាដោយមិនដឹងខ្លួន។

កំពុងអង្គុយដកដំឡូង ក្នុងព្រៃចំការឆ្ងាយពីភូមិ លោក កែវ ម៉ីប តំណាងប្រជាពលរដ្ឋក្នុងភូមិក្បាលរមាស បានថ្លែង​ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ថា មកទល់នឹងពេលនេះ អាជ្ញាធរមូលដ្ឋាន ហាក់បីដូចជាបោះបង់ពួកគាត់ចោល ដោយមិនបានអើពើអ្វីឡើយ ចំពោះការរស់នៅ ហូបចុក ពិសេសបញ្ហាដីធ្លី។ លោកបានបន្តរថា ជាងនេះទៅទៀត នៅពេលដែលប្រជាពលរដ្ឋសួរនាំរឿងដំណោះស្រាយដីធ្លី អាជ្ញាធរឃុំ មិនបានពន្យល់ប្រាប់ពីហេតុផលណាមួយ ដែលគួរឲ្យទុកចិត្ត ឬបង្ហាញនូវដំណោះស្រាយជូនប្រជាពលរដ្ឋឡើយ ក្រៅពីពាក្យលើកឡើងថា «រឿងហ្នឹងប្អូន​ឯង​ មិនបាច់គិតទេ រដ្ឋាភិបាលគេនឹងគិត»។ លោកបានលើកជាចំងល់តបវិញថា «នឹងគិត! នឹងគិតពេលណា? បើគ្មានឃើញចេញអីបន្តិចសោះហ្នឹង»។

តំណាងពលរដ្ឋរូបនេះ បានបន្ថែមថា ប្រជាពលរដ្ឋទាំងនោះ រស់នៅមិនជុំគ្នាដូចមុនទេ។ មកទល់នឹងពេលនេះ រដ្ឋាភិបាលក៏មិនដែលឃើញចុះមក ឯក្រុមហ៊ុនក៏ចេះតែបន្តរឈួសឆាយ កាប់ព្រៃឈើ អស់គ្មានសល់ ពិសេសឈើ​មានតម្លៃ។ ទាំងនេះជាមូលហេតុចំបងដែលតម្រូវឲ្យ ពួកគាត់ (អ្នកភូមិ) ត្រូវចាកចេញពីភូមិ ទៅធ្វើស្រែចំការ​ក្នុងព្រៃ​ឆ្ងាយៗដាច់ស្រយ៉ាលពីផ្ទះ ហើយពេលខ្លះមួយខែទើបចូលភូមិម្តង។ «ប្រជាពលរដ្ឋមិនបានរស់នៅជុំគ្នាទេ ព្រោះតែ​អារឿងហ្នឹងហើយ បែកបាក់រប៉ាត់រប៉ាយអស់ហើយ។ ពលរដ្ឋរស់នៅក្នុងក្តីអស់សង្ឃឹម ពិបាក និងគ្មានឱកាស​ជួប​ប្រជុំគ្នាដូចមុនណាស់។ រដ្ឋាភិបាលក៏នៅតែគ្មានដំណោះស្រាយ។ (...) ឯឃុំក៏មិនបានធ្វើការដោះស្រាយឲ្យទៀត និងបង្ហាញភាពច្បាស់លាស់ណាមួយ ដល់ប្រជាពលរដ្ឋនោះដែរ។»

មកពីចំការដំឡូង និងកំពុងបើកបរគោយន្ត សំដៅទៅជ្រកម្លប់ដើមឈើមួយប្របផ្លូវលោក ឃ្វឿង រ៉េត បានឆ្លៀត​ឱកាស​ថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនខុគ្នានឹងលោក កែវ ម៉ីប ខាងលើនេះដែរ។ លោកបានបន្តថា មក​ទល់នឹងពេលនេះជាងពីរឆ្នាំហើយ លឺថារដ្ឋាភិបាលនឹងជម្លៀសពួកគាត់ចេញពីភូមិ តែមិនឃើញមាន​ការបង្ហាញនូវ​ភូមិថ្មី ដែលពួកគាត់ត្រូវទៅរស់នៅឡើយ។ លោកបានត្អូញត្អែរថា «សព្វថ្ងៃប្រជាពលរដ្ឋ រស់នៅទាំងលំបាកលំបិន មិនដឹងថាយ៉ាងណាទេ អង្គុយតែភ័យសព្វថ្ងៃ»។

ជាមួយនឹងភាពស្ងៀមស្ងាត់របស់រដ្ឋាភិបាល ក្នុងនាមលោក (ឃ្វឿង រ៉េត ) ជាប្រជាពលរដ្ឋរងគ្រោះម្នាក់ ដែលកំពុង​ទន្ទឹងមើលផ្លូវរបស់រដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាដីធ្លី។ លោកបន្តថា «មិនដឹងថាដីណាពិតប្រាកដ (នៅថ្ងៃ) អនាគត។ (...) រស់ដើម្បីរស់ មិនមែនជាដីរបស់ខ្លួន ការរស់នៅដីជាកម្ចីពីររដ្ឋាភិបាល។ ប្រជាពលរដ្ឋទាំងអស់ ប្រៀប​ដូចកូនរង់ចាំម្តាយមកពីចំការ ជាមួយនិងបន្លែផ្លែឈើសម្រាប់បរិភាគឆី។»

រីឯអ្នកមីង កាល់ ញ៉ក ដែលអង្គុយក្រោមផ្ទះចំអិនអាហារ ក៏បានបន្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងដែរ ដែលគ្រួសារ​អ្នកមីង ក៏ដូចជាគ្រួសារនៃប្រជាពលរដ្ឋដទៃទៀត កំពុងប្រឈមមុខនឹងការរុះរើលំនៅដ្ឋាននាពេលណាមួយ យ៉ាង​ជាក់ប្រាកដ នាពេលខាងមុខដោយមិនអាចជៀសផុត។ ភាពមិនច្បាស់លាស់របស់រដ្ឋាភិបាល ក្នុងការប្តូរទីលំនៅថ្មី​របស់ពួកគាត់នេះ បានញាំងឲ្យពួកគាត់រស់នៅ ហាក់បីដូចជាសត្វដែលគ្មាន«ទ្រនំ» មិនអាចនឹងធ្វើអ្វីមួយជាក់លាក់ ឬច្បាស់លាស់តាមប្រាថ្នាបាន។

បង្អាក់ជាមួយនឹងការដកដង្ហើមវែង អ្នកស្រីក៏បានបង្ហាញពីអារម្មណ៍ និងការព្រួយបារម្ភចំពោះ វេលាដែលចេះ​តែ​ខើចទៅៗ ឯលំនៅដ្ឋាន«ពិត»មួយ ក៏មិនត្រូវបានមើលឃើញយ៉ាងដូច្នេះថា «កូនកាន់តែធំៗ គ្រួសារក៏នឹងត្រូវ​បែក​ជាធាង វ័យក៏ឈានទៅរកភាពជរា។ «ហៅទៅមេឃ មេឃ(រដ្ឋាភិបាល)នៅឆ្ងាយ ហៅទៅផ្កាយ ផ្កាយ (អាជ្ញាធរ​ឃុំ​ស្រុក) មិនឆ្លើយ តើមានអ្វីជាទីពឹង សម្រាប់ប្រជាជនក្រីក្រ ឬត្រូវរស់នៅដោយយថាកម្មលុះថ្ងៃសូន្យទៅ»។

តបទៅនឹងការបារម្ភ របស់ប្រជាពលរដ្ឋខាងលើ មេឃុំក្បាលរមាសលោក វឿន សម្បត្តិ បាន បកស្រាយទៅ​នឹង​ចម្ងល់​របស់អ្នកស្រុក ថ្ងៃទី១៤ ខែមីនានេះថា ក្រុមការងារបានរៀបចំហើយ តែនៅមិនទាន់កំណត់ពេលវេលា ឬបានដាក់នូវ​ផែនការចុះមកដល់ទីតាំងជាក់ស្តែងនៅឡើយ។ លោកបានបកស្រាយថា ឃុំតែងតែមានកិច្ចប្រជុំនេះ​ជាមួយនឹងថ្នាក់​លើ (គណអភិបាលខេត្តស្ទឹងត្រែង) លើកយកពីបញ្ហាប្រជាពលរដ្ឋក្នុងឃុំក្បាលរមាសនេះ ដើម្បី​ពិភាក្សា។ យ៉ាងណា​ក៏ដោយ លោកមេឃុំបានទទួលស្គាល់ ពីភាពយឺតយ៉ាវរបស់ថ្នាក់លើ ក្នុងការដោះស្រាយរឿង​នេះ។

លោកមេឃុំ វឿន សម្បត្តិ បានបន្តរថា លោកជាមួយនឹងអភិបាលនៃគណអភិបាលខេត្ត ដែលមានលោក​អភិបាល​ជាប្រធាន បានរៀបចំផែនការបង្កើតនូងគណកម្មការចម្រុះមួយ នឹងធ្វើការចុះទៅដល់ទីតាំងជាក់ស្តែងជាបន្ទាន់។ តែមកទល់នឹងពេលនេះជាងមួយខែហើយ ចុះមកក៏មិនឃើញ ឯការឆ្លើយយ៉ាងណាមួយនោះក៏គ្មាន។ «មិនទាន់​បាន​ព័ត៌មានអីជជែកគ្នាឲ្យច្បាស់លាស់ទេ។ គ្រាន់តែថាក្នុងអង្គប្រជុំបង្កើតគណកម្មការនោះហើយ គណកម្មការនេះ​ត្រូវ​ចុះទៅដោះស្រាយបញ្ហានេះជាបន្ទាន់។ ឯថ្ងៃខែយ៉ាងម៉េចៗ យើងអត់មានទាន់បានទទួលទៀតទេ។ ហើយក៏មិន​បាន​ដឹងដែរថា គណកម្មការនោះ នឹងមានវិធានការដោះស្រាយយ៉ាងណាទេ។ យើងត្រឹមថ្នាក់ឃុំ និងមានសិទ្ធិ​សម្រេច​អី​ធំដុំនោះ។ រង់ចាំតែការសម្រេច និងបញ្ជាពីថ្នាក់លើប៉ុណ្ណោះ។»

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ពីលោកអភិបាលខេត្តស្ទឹងត្រែង បានទេក្នងថ្ងៃនេះ។ តែបើតាម​ការបញ្ជាក់ របស់លោកមេឃុំក្បាលរមាសខាងលើ លោកបានបញ្ជាក់ថាក្រោយពីកិច្ចប្រជុំនៅខេត្តម្តងៗ លោក​(អភិបាលខេត្ត) តែងតែលើកឡើងថា ក្រោយពីបង្កើតគណកម្មការចម្រុះនេះ នឹងធ្វើការដោះស្រាយជាបន្ទាន់។ លោកថា ឥឡូវនៅតែមិនទាន់ឃើញ ចុះមកដោះស្រាយនៅឡើយ ជាងមួយខែទៅហើយនោះ។ ទោះយ៉ាងនេះក្តី លោកបន្តថា ក្នុងចំណោមជាង៤០០គ្រួសារនេះ ១២គ្រួសារហើយដែលបានដោះស្រាយរួចរាល់ ជាប្រាក់សុទ្ធ។ ឯ​ជាង៤០០គ្រួសារផ្សេងទៀត នឹងធ្វើការដោះស្រាយនៅពេលក្រោយជាសរុបតែម្តង ព្រោះពួកគាត់ត្រូវទទួល​សំណង​ជាដីធ្លី។ ហើយយ៉ាងហោចណាស់ ប្រជាពលរដ្ឋក្នុងមួយគ្រួសារ ត្រូវទទួលបានដីយ៉ាងតិចប្រាំហិកតាជាដីកសិកម្ម ជាមួយនិងដីលំនៅដ្ឋានក្បាល២៥ម៉ែត្រ និងជម្រៅ៥០ម៉ែត្រ។

លោក ក្រូ យូរ ដែលជាមេភូមិប្រចាំភូមិក្បាលរមាសនេះ ក៏បានថ្លែងប្រាប់ទស្សនាវដ្តីក្នុងថ្ងៃទី១៤ ខែមីនានេះដែរថា លោកក៏មិនពេញចិត្តចំពោះការសន្យា របស់រដ្ឋាភិបាលនេះដែរ។ លោកចាត់ទុកថា ការសន្យារបស់រដ្ឋាភិបាលនេះ គ្មានការទទួលខុសត្រូវ គេចវេសពីភាពពិត មើលអើពើនឹងខុសទុក្ខរបស់រាស្រ្ត។ លោកក៏បានបញ្ជាក់ដែរថា មក​ទល់​និងពេលនេះនៅពុំទាន់ដឹងថា តើតំបន់ណា ដែលត្រូវយកពលរដ្ឋទៅនោះទេ។ តើតំនប់នោះ អាចនឹងដាំ​ដំណាំហូបផ្លែ​បានឬយ៉ាងណា?

លោក ក្រូ យូរ បញ្ជាក់ដួច្នេះថា ក្នុងនាមលោកជាមេភូមិបានមើលឃើញថា មានដីមួយកន្លែង ដែលឆ្ងាយពីទីនេះ​១៥​កីឡូម៉ែត្រ គ្មានគ្រួស គ្មានថ្ម អាចដាំដំណាំបាន និងមានអូរនៅជិត តែប្រហែលជាមិនគ្រប់ចំនួននឹងត្រូវចែកនោះទេ។ លោកក៏បន្ថែមថា ក្រៅពីតំនប់នោះ មានតែទីតាំងលំនៅដ្ឋានចាស់នេះទេ អាចរស់នៅបាន។ «ខុសពីតំនប់នេះ ប្រជា​ពលរដ្ឋមិនទៅទេ ប្រជាពលរដ្ឋសុខចិត្តស៊ូស្លាប់។ រដ្ឋាភិបាលគួធ្វើនូវអ្វី ដែលអាចផ្តល់ជាទំនុកចិត្តមកប្រជាពលរដ្ឋ កុំនៅស្ងៀម ហាក់ឃ្លាតឆ្ងាយ មិនអើពើនឹងប្រជាពលរដ្ឋនោះ»។

ក្រុមអង្គការសង្គមស៊ីវិល ដែលបានតាមដាននូវការវិនិយោគនេះ ក៏បានប្រតិកម្មចំពោះភាពយ៉ឺយ៉ាវ​ក្នុងការដោះ​ស្រាយ​នូវដីធ្លីជូនប្រជាពលរដ្ឋ។ យ៉ាងនេះក្តី សង្គមស៊ីវិលទាំងនោះទទួលគំនិតផ្ដួចផ្ដើមរបស់ រដ្ឋាភិបាល ក្នុងការ​អភិវឌ្ឍន៍ នឹងស្វែងរកអត្ថប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋ។ ប៉ុន្តែធ្វើយ៉ាងណា កាត់បន្ថយនូវបញ្ហាប្រឈម និងការ​អនុវត្តដោយសន្តិវិធី អហិង្សា យុត្តិធម៌ និងមានតម្លាភាព។

សូមរំលឹកថា គម្រោងជម្លៀស និងការផ្លាស់ទីប្រជាពលរដ្ឋ ពីលំនៅដ្ឋានចាស់ទៅតាំងទីថ្មី ដែលមានប្រជាពលរដ្ឋ​ប្រមាណជាង៧៩៧គ្រួសារ ព្រោះស្ថិតក្នុងតំបន់សាងសង់ទំនប់វារីអគ្គីសនីសាន្តក្រោម២។ វារីអគ្គិសនី​សេសាន​ក្រោម២ ស្ថិតក្នុងឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង នឹងមានថាមពលអគ្គីសនីជាង៤០០មេហ្គាវ៉ាត់ វារីអគ្គិសនី​នេះ​វិនិយោគតាមរូបភាព BOT (សាងសង់ ដំណើរការ និងផ្ទេរ) ក្នុងរយៈពេល៤៥ឆ្នាំ។ ៥ឆ្នាំសម្រាប់ធ្វើការសាងសង់ និង៤០ឆ្នាំសម្រាប់ធ្វើអាជីវកម្ម។

គម្រោងសាងសង់ស្ថានីយវារីអគ្គីសនីសេសាន្តក្រោម២ ត្រូវបានវិនិយោគរួមគ្នា​រវាងក្រុមហ៊ុនខ្មែរ-ចិន-​វៀតណាម លើគម្រោងទឹកប្រាក់ជាង៧៨១លានដុល្លារអាមេរិក របស់ក្រុមហ៊ុនហាយដ្រូ ផៅវ័រឡូវើសេសានពីរ។ នេះបើ​យោង​តាមការប្រជុំ អនុម័ត របស់គណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១២៕

--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១៤ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...