អគ្គីភ័យ​ឆាប​ឆេះ​ពីរ​កន្លែង​នៅ​ភ្នំពេញ ក្នុង​យប់​តែ​មួយ

នៅយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ មានករណីអគ្គីភ័យឆាបឆេះ ពីរកន្លែងផ្សេងគ្នា នៅរាជធានីភ្នំពេញ ទី​មួយ ​គឺឆាបឆេះក្នុងរោងចក្រមួយ នៅខណ្ឌសែនសុខ និងទីពីរ ឆាបឆេះនៅធនាគារ​មួយកន្លែង ក្នុង​ខណ្ឌ​ដូនពេញ។ ហេតុការណ៍​ទាំង​ពីរ​ខាងលើ គេនៅមិនទាន់ដឹងពីមូលហេតុ នៃការឆេះពិតប្រាកដនោះទេ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២៥ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 27, 2015
  • ប្រធានបទ: គ្រោះអគ្គិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ករណីឆាបឆេះទីមួយ នៅក្នុងខណ្ឌសែនសុខនោះ បានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១៨ និង៣០​នាទី​ល្ងាចថ្ងៃទី ២៤ ខែសីហាឆ្នាំ២០១៥។ ទីតាំងរោងចក្រ «កាត់ដេរ ស៊ឹងហាយ ហង ហ្កាមេន ខូ អិលធីឌី» នេះ ដែល​រងអគ្គិភ័យនេះ ស្ថិតក្នុងក្រុមទី៦ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងពេល​កើត​ហេតុ ក្រុមពន្លត់អគ្គីភយ័ រាជធានីភ្នំពេញ សហការជាមួយក្រុមពន្លត់អគ្គីភ័យ ង ៧០ ប្រើប្រាស់រថយន្តពន្លត់ អស់​ចំនួន២៣គ្រឿងក្នុងនោះ រថយន្ដពីអង្គភាព ង ៧០ មានចំនួន៦គ្រឿង។ ចំណែកឡានទឹក របស់អង្គភាព​អគ្គីភ័យ រាជធានីភ្នំពេញ ត្រូវបានប្រើប្រាស់ ចំនួន១៧គ្រឿង។

តាមប្រសាសន៍របស់លោក ព្រំ យ៉ុន អ្នកទទួលបន្ទុក ផ្នែកពន្លត់អគ្គីភ័យ រាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុង​ហេតុកាណ៍នេះ មិនទាន់បានទទួលតុល្យភាព លើកការខូចខាត ថាអស់ប៉ុន្មាននៅឡើយ តែសំភារៈ ក្នុង​រោង​ចក្រ​ខូចខាត ប្រមាណ៨០ភាគរយ។ ដោយឡែកក្រុមកម្មករ ប្រមាណ៤០០ ទៅ៥០០នាក់ មិនមាន​បញ្ហា​អ្វី​នោះ​ទេ ព្រោះភ្លើងឆេះ នៅពេលចប់ម៉ោងការងារ។ លោកបានសន្និដ្ឋានជាបឋមថា អគ្គីភ័យទំនង ជាបង្ករពីចរន្ត​អគ្គីសនី ខុសបច្ចេកទេស។ ក្រុមអ្នកពន្លត់ បានឲ្យដឹងទៀតថា ប្រមាណជាម៉ោង ជាង១៩យប់ ថ្ងៃដដែល ភ្លើង​ត្រូវបានពន្លត់ស្ទើទាំងស្រុង ក៏ប៉ុន្តែ អ្វីដែលមានការលំបាក ចំពោះអ្នកពន្លត់ ដោយសាររោងចក្រនេះ មានច្រក​សង្គ្រោះ​តែមួយ។

ដោយឡែក អគ្គីភ័យមួយកន្លែងទៀត នៅកំឡុងម៉ោងប្រមាណ១៩ និង៤០នាទីនេះដែរ បានឆាបឆេះ ធនាគារ​សហពាណិជ្ជ (UCB) ជាន់ទី២។ ក្នុងហេតុការណ៍ស្របពេលនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៤​គ្រឿង។ មន្រ្តីនគរបាលខណ្ឌដូនពេញ បានបញ្ជាក់ថា ទីតាំងកន្លែងកើតហេតុ នៅជាន់ទី២ នៃធនាគារ​សហ​ពាណិជ្ជ (UCB) ស្ថិតនៅផ្លូវលេខ១១៣ កែង១៣០ ម្តុំពេទ្យអង្គឌួង ក្នុងខណ្ឌដូនពេញ។ ដូចគ្នានេះដែរ គេនៅ​មិន​ទាន់ទទួលបានមូលហេតុ នៃការឆេះធនាគារនេះជាក់លាក់ នៅឡើយទេ ប៉ុន្តែអណ្តាតភ្លើង ត្រូវបានបាញ់ទឹក​ពន្លត់​ជាស្ថាពរហើយ នៅយប់កើតហេតុ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...