អគ្គិភ័យឆក់យកកាណូតមួយគ្រឿង ថ្លៃជិត៣លានដុល្លា
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៣ មីនា ២០១៦
- កែប្រែចុងក្រោយ: March 17, 2016
- ប្រធានបទ: គ្រោះអគ្គិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភាពស្ងប់ស្ងៀម នៃស្ថានសួគ៌លោកិយ៍ របស់ប្រជុំកោះ«Virgin Islands» របស់អាមេរិក (ដែលស្ថិតក្នុងសមុទ្រការ៉ាអ៊ីប ភាគអាគ្នេយ៍អាមេរិក) ត្រូវបានរំខាន ហើយត្រូវបានជំនួសមកវិញ ដោយការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារកាណូតឯកជនមួយគ្រឿង ដែលមានតម្លៃដល់ទៅជិត៣លានដុល្លា បានរងអគ្គិភ័យឡើង យ៉ាងសន្ធោសន្ធៅ។
កាណូត«Positive Energy» ដែលមានបណ្ដោយប្រមាណជា២៣ម៉ែត្រ បានឆេះជាអណ្ដាតភ្លើងឡើង យ៉ាងខ្មួលខ្មាញ់ ខណៈកាណូតនេះបានចូលមកចត នៅក្នុងកំពង់ផែ «Charlotte Amalie» នៃកោះ «Saint Thomas»។
បើតាមសារព័ត៌មាន «St Thomas Source» បានឲ្យដឹងថា ក្រុមឆ្មាំសមុទ្រ «US Coast Guard» បានជួយកងកម្លាំងនគរបាល និងក្រុមអ្នកជួយសង្គ្រោះឲ្យរំកិលកាណូតនេះ ទៅកាន់កន្លែងមួយ ដែលមិនប៉ះពាល់ ដល់កាណូតដទៃទៀត ដែលកំពុងចតនៅក្បែរគ្នា មុននឹងចាត់វិធានការ ដើម្បីពន្លត់អគ្គិភ័យ។ គេនៅមិនទាន់ដឹងថា តើអគ្គិភ័យនេះ បានឆាបឆេះឡើងបណ្ដាលពីអ្វីឡើយ។
នៅក្នុងរបាយការណ៍ដំបូងនេះ មិនមានសេចក្ដីរាយការណ៍ណាមួយ អះអាងពីជនរងគ្រោះឡើយ។ អ្នកទទួលខុសត្រូវមួយរូប បានថ្លែងថា៖ «កាណូតដទៃទៀត ដែលមានវត្តមាននៅក្នុងកំពង់ផែ និងបណ្ដាជនរស់នៅជុំវិញ មិនមានផលប៉ះពាល់អ្វីឡើយ»៕
-----------------------