ផ្ទះថ្ពក់ខ្លួននឹងជញ្ជាំងភ្នំ បែរមុខទៅរកសមុទ្រ
- ដោយ: ដ. កែវ ដោយ ដ. កែវ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី១១ កញ្ញា ២០១៤
- កែប្រែចុងក្រោយ: September 11, 2014
- ប្រធានបទ: ស្ងាបត្យកម្មចម្លែក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ស្ថាបត្យករមួយក្រុម ដែលដាក់ឈ្មោះខ្លួនឯងថា ម៉ូដស្កេប (Modscape) ក្នុងក្រុងមែលប៊ន ប្រទេសអូស្ត្រាលី បានរកឃើញពីគំនិតនេះ ហើយបានផ្ដល់គម្រោងនេះ ទៅឲ្យអតិថិជនរបស់ខ្លួន ដែលចង់បានលំនៅដ្ឋាននៅក្នុងតំបន់ឆ្នេរ។ ស្ថាបត្យករទាំងនោះ បាននិយាយថា ខ្លួនបានសាងសង់ផ្ទះនោះ ដោយដកស្រង់តាម «កាយវិការរបស់សត្វបង្កងសមុទ្រ តោងឡើងគែមកាណូត»។
លំនៅដ្ឋានបែបថ្មី ដែលមានប្រាំជាន់នេះ មិនបានសង់ឡើងនៅពីលើកូនភ្នំនោះទេ តែវាត្រូវបានសង់ឡើង ដោយថ្ពក់ខ្លួននឹងជញ្ជាំង បែរមុខទៅរកសមុទ្រដ៏ល្វឹងល្វើយ។ ក្រុមស្ថាបត្យករបានថ្លែងទៀតថា៖ «សំណង់ផ្ទះ ដែលពួកយើងបានសង់ ជាការបណ្ដុះបន្ថែមទិដ្ឋភាពរបស់ជញ្ជាំងសមុទ្រ ប៉ុន្តែមិនបានប៉ះពាល់អ្វីទៅលើទេសភាពធម្មជាតិទេ។ រស់នៅដោយផ្ទាល់ជាមួយសមុទ្រ ជាអ្វីដែលយើងចង់បាន។»
ច្រកចូលរបស់ផ្ទះ ធ្វើនៅផ្ទៃខាងលើនៃកូនភ្នំ ដែលជាដំបូលនៃអាគារទាំងមូល ហើយក៏អាចចតរថយន្ដបានពីរគ្រឿងដែរ។ គេបានបង្កើតឡើង នូវទោងយន្ដមួយ ដើម្បីចុះឬឡើងនៅតាមជាន់នីមួយៗ ដោយមិនបានភ្លេចផងទេ ពីជណ្ដើរដើរដោយជើង។ ផ្នែកខាងក្នុងនៃលំនៅដ្ឋាន គេនៅមិនទាន់ឃើញការរៀបចំលំអរអ្វី ឲ្យបានប្រសើរខ្លាំងនៅឡើយ តែបានបំពាក់នូវសម្ភារៈដែលសំខាន់ៗជាច្រើន បូករួមនឹងទិដ្ឋភាពបែរទៅរកសមុទ្រ តាមបង្អួចកញ្ចក់ធំៗ នៅគ្រប់ជាន់។
ក្រុមស្ថាបត្យកររបស់ ម៉ូដស្កេប មិនបាននិយាយឲ្យដឹងពីតម្លៃ ដែលត្រូវសាងសង់ផ្ទះនេះ ថាអស់ប៉ុន្មាននោះទេ៕