តារា«ធ្មេញដែក» ក្នុងភាពយន្ដ«០០៧» បានលាចាកលោក ក្នុងអាយុ៧៤ឆ្នាំ (vdo)
- ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី១១ តុលា ២០១៤
- កែប្រែចុងក្រោយ: September 11, 2014
- ប្រធានបទ: តារា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពិភពភាពយន្ដ បានស្គាល់តារាភាពយន្ដរូបនេះ តាមរយៈទម្រង់មុខរបស់លោក ដែលមានលក្ខណៈដូច«ត្រីឆ្លាម» ហើយអាចឲ្យគេសម្គាល់បាន តាមរយៈការសម្ដែង ជាតួចិត្តអាក្រក់ជាច្រើន។ តួអង្គដែលបានធ្វើឲ្យលោកល្បីខ្លាំង រហូតជាប់ចំណាត់ថ្នាក់ពិភពលោកនោះ នៅក្នុងការសម្ដែងជាតួ«ធ្មេញដែក» ក្នុងភាពយន្ដហូលីវូដ ០០៧។ លោកមានឈ្មោះថា រីឆាដ ឃែល (Richard Kiel)។
លោក ឃែល បានលាចាកលោក នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៤នេះ ក្នុងអាយុ៧៤ឆ្នាំ ក្នុងមន្ទីរពេទ្យ ស៊ាំងអាញ៉ែស (Saint-Agnes) នៃទីក្រុង ហ្វ្រេណូ (Fresno) ផ្នែកកណ្ដាលនៃរដ្ឋកាលីហ្វ័រនី សហរដ្ឋអាមេរិក។
មានកំណើតនៅក្នុងក្រុង ឌីទ្រ័រ (Detroit) រដ្ឋមឈឺហ្គែន (Michigan) តារាភាពយន្ដ រីឆាដ ឃែល មានកំពស់ខ្ពស់ដាច់គេ រហូតដល់ទៅ ២,១៨ម៉ែត្រ។ ដោយសារតែហេតុនេះហើយ ទើបសមិទ្ធិករភាពយន្ដជាច្រើន តែងតែនឹកឃើញដល់លោក នៅពេលដែលគេចង់រកតួសម្ដែងណាមួយ ដែលមានលក្ខណៈពិសេស ឬយកមកធ្វើជាតួចិត្តអាក្រក់ ជាពិសេសដូចជានៅក្នុងភាពយន្ដស៊ើបអង្កេត ជេម ស្ប៊ន ដែលលោកបានធ្វើជាតួអង្គមានធ្មេញដែកខាំដែកដាច់យ៉ាងផុយ ថតនៅឆ្នាំ១៩៧៧ និងភាពយន្ដដដែលមួយទៀត ថតនៅឆ្នាំ១៩៧៩។
ប៉ុន្តែនៅក្នុងភាពយន្ដ០០៧ ទាំងពីររឿងនោះ តួអង្គ«ធ្មេញដែក»មិនបានធ្វើឲ្យលោក ក្លាយជាមនុស្សអាក្រក់ណាស់ណានោះទេ។ លោក រីឆាដ ឃែល ធ្លាប់បាននិយាយប្រាប់សារព័ត៌មាន Hollywood Reporter កាលពីឆ្នាំ២០០៩ ថា៖ «ខ្ញុំបានបញ្ចុះបញ្ចូលផលិតករភាពយន្ដ ថាតួអង្គ"ធ្មេញដែក" ត្រូវតែមានសភាវៈជាមនុស្ស ដើម្បីឲ្យស្មើគ្នាជាមួយនឹង ធ្មេញដែក។ ខ្ញុំគិតថាខ្ញុំបានសម្ដែងជ្រុលក្នុងរឿងនោះ។ ខ្ញុំមានប្រជាប្រិយខ្លាំងពេក រហូតដល់មានមនុស្សចង់សម្លាប់ខ្ញុំ។»
ដើម្បីដឹងថាយ៉ាងដូចម្ដេច សូមទស្សនាវីដេអូខាងក្រោម ដែលបង្ហាញពីវគ្គធ្មេញដែក សម្ដែងដោយលោក រីឆាដ ឃែល ដូចតទៅ៖