កុំស្មានបងភ្លេច៖ ភាពយន្ដឯកសារ ស្ដីពី«ខ្មែរបាត់បង់តន្ត្រីរ៉ុក»
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ១៦ មេសា ២០១៥
- កែប្រែចុងក្រោយ: April 18, 2015
- ប្រធានបទ: ភាពយន្ដ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«កុំស្មានបងភ្លេច» ឬ«Don’t Think I’ve Forgotten» ជាភាពយន្ដឯកសារ ដែលនឹងនាំយើង ឲ្យទៅកាន់ពិភពមួយ ដែលយើងបានភ្លេច នៅក្រោយរយៈពេល ដ៏ខ្លោចផ្សារមួយ៖ នោះគឺឈុតឆាកសម្ដែង នៃតន្ត្រីខ្មែរ នៅចុងទសវត្សន៍ឆ្នាំ៥០ រហូតមកដល់ របបអាវខ្មៅ បីឆ្នាំប្រាំបីខែម្ភៃថ្ងៃ ដ៏រន្ធត់ខ្លោចផ្សារ នៃទសវត្សន៍ឆ្នាំ៧០។ ភាពយន្ដឯកសារ ដែលផលិតឡើងដោយ ផលិតករជាតិអាមេរិក លោក ចន ភីរ៉ូហ្សី (John Pirozzi) នេះ ជាការរំលឹកឡើងវិញ នូវប្រវត្តិដ៏ស្រងេះស្រងោច នៃតន្ត្រីសម័យខ្មែរ ដែលបានអង្រួនរាជធានីភ្នំពេញ អស់ជាច្រើនទសវត្សន៍ មុននឹងសិល្បតន្ត្រីខ្មែរ ត្រូវបានផ្ដាច់ឫសគល់ទាំងស្រុង រាប់ទាំងអ្នកចម្រៀង តន្ត្រីករ អ្នកនិពន្ធ... ដោយក្រុមខ្មែរក្រហមកុម្មុយនីស។
លោក ភីរ៉ូហ្សី បាននាំមកបង្ហាញ នូវសាក្សីរស់ និងសំណល់ឯកសារជាច្រើន ក្រោយការផុតរលត់ នៃរបបអាណានិគមបារាំង និងពីអ្វីដែលជាសោភ័ណ្ឌភាព ក៏ដូចជាក្ដីសុបិន្ដ របស់ក្រុមយុវវ័យខ្មែរ នាសម័យនោះ។ គ្រប់ចម្រៀង គ្រប់រចនាបទ បង្កើតឡើងដោយក្រុមយុវជនខ្មែរខ្លួនឯង និងខ្លះទៀតនាំចូលពីបរទេស ដូចយ៉ាងពីចិន ពីអ៊ឺរ៉ុប ពីអាមេរិក ឬពីគុយបា... ហើយត្រូវបានយកទៅបង្ហើយ ដោយបង្ហើរជាសំនៀង យ៉ាងគ្រលួច នៃតារាចម្រៀងខ្មែរល្បីៗ នាពេលនោះ ដូចយ៉ាង លោក ស៊ីន ស៊ីសាមុត និងនាង រស់ សេរីសុទ្ធា ជាដើម។
សាក្សីនៅក្នុងភាពយន្ដឯកសារ បានលើកឡើង ពីរយៈកាលដ៏ជូរចត់ ដែលតន្ត្រីសម័យខ្មែរ ត្រូវបានចាត់ទុកជា «ខ្មាំង» ប្រឆាំង«អង្គការ» ហើយតួអង្គជាច្រើន នៅក្នុងវស័យនេះ ត្រូវបានចាប់ចង ធ្វើទារុណកម្ម យកទៅសម្លាប់ និងខ្លះទៀត បានបាត់ខ្លួន ទាំងមិនដឹងមូលហេតុ រហូតមកទល់បច្ចុប្បន្ន។ និយាយជារួម សិល្បៈតន្ត្រីខ្មែរ បានរងគ្រោះលិចលង់ ទៅជាមួយ នឹងជីវិតរបស់ប្រជាជនកម្ពុជា ប្រមាណជា ១លាន៧សែននាក់ ក្រោមរបបវាលពិឃាត ប្រល័យពូជសាសន៍ឯង ដែលគ្មានពីរក្នុងលោក។
ភាពយន្ដឯកសារ ត្រូវបានបញ្ចាំងរួចខ្លះៗហើយ នៅក្នុងប្រទេសកម្ពុជា កាណាដា បារាំង និងអាមេរិក។ ប៉ុន្តែគម្រោងដាក់បញ្ចាំង នៅមានជាច្រើនទៀត នៅតាមបណ្ដារដ្ឋនានា ក្នុងសហរដ្ឋអាមេរិក ដែលគេអាចរកឃើញកម្មវិធី តាមរយៈគេហទំព័រជាផ្លូវការ នៅទីនេះ៕
» ចង់ដឹងបន្ថែម ពីសមិទ្ធិករ លោក ចន ភីរ៉ូហ្សី នៅក្នុងកិច្ចសម្ភាសមួយទៀតឬទេ? សូមទស្សនា៖