បាក់ធ្លាក់ជញ្ជាំងសំយាបថ្មនៅជាន់ទីពីរ បង្កការភ្ញាក់ផ្អើល
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១៦ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 22, 2015
- ប្រធានបទ: គ្រោះថ្នាក់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សំយាបផ្ទះ ដែលបានបាក់ធ្លាក់នេះ ស្ថិតនៅមុខផ្ទះលេខ ៧៥E2 នៅជាន់ទីពីរ ស្ថិតនៅតាមបណ្តោយ ផ្លូវលេខ១០៧ ក្នុងសង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ថា នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ដំបូងឡើយ គ្មានភ្លៀងខ្យល់អ្វីទាំងអស់ ស្រាប់តែមានសម្រិប ផ្ទុះចេញពីជញ្ជាំង បន្ទាប់មកអ្នកដំណើរ នៅតាមផ្លូវ មើលឃើញមានផ្ទាំងថ្ម ធ្លាក់ចុះមកជាបន្តបន្ទាប់។ ភ្លាមនោះៗ អ្នកនៅក្នុងផ្ទះ បាននាំកូនចៅរត់ប្រសាច ចេញពីក្នុងមកក្រៅផ្ទះ ខ្លាចថ្មបាក់រលំសង្កត់។ តែក្រោយ ពីការភ្ញាក់ផ្អើល ប្រមាណ៣០នាទី ទើបពលរដ្ឋទាំងនោះ ជឿជាក់ថា ផ្ទាំងថ្មសំយាបផ្ទះខាងលើ ឈប់ធ្លាក់មកទៀត។
អ្នកនៅជិតទីតាំងកើតហេតុ បានប្រាប់ឲ្យដឹងថា ផ្ទះមួយនេះ មានអាយុកាលចំណាស់ណាស់ហើយ ជាពិសេស គឺនៅជាន់ទីពីរនេះតែម្តង។ នៅថ្ងៃកើតហេតុ គ្មានអ្នកណាម្នាក់ ធ្វើសកម្មភាពអ្វី ឬមានភ្លៀងខ្យល់ អ្វីខ្លាំងនោះទេ។
អ្នករស់នៅម្តុំនោះ និយាយទាំងភ័យផងអរផង នៅពេលថ្មឈប់បាក់ថា សូមផ្តាំដល់ប្រជាពលរដ្ឋ ដែលមានផ្ទះចាស់ៗទាំងអស់ មេត្តាប្រុងប្រយ័តឲ្យបានខ្ពស់ ដើម្បីសុវត្តិភាពក្នុងគ្រួសារ៕