ចៅ​អធិការ​វត្ត​នៅ​កម្ពុជា​ក្រោម​ទាំង​អស់ នឹង​ត្រូវ​​យួន​បន្តុប​ឡើង?

នៅក្នុងទឹកដីកម្ពុជាក្រោម នាពេលអនាគត មានវត្តអារាម តែនឹងគ្មានពុទ្ធបរិស័ទ្ធធ្វើបុណ្យ គ្មានកន្លែង​បង្រៀន​ភាសា​ខ្មែរ គ្មាន​កូន​ចៅ​ទៅ​បួស​រៀន ជាព្រះសង្ឃ គ្មានចៅអធិការដែលមានគំនិត ជា​ខ្មែរ​ក្រោម​ទៀត​ឡើយ។ នេះ​ជា​​ការ​បង្ហើប​ឲ្យ​ដឹង របស់​ចៅ​អធិការ​វត្ត​សាមគ្គីរង្ស៊ី ព្រះតេជគុណ ថាច់ ហាសំអាង។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី១៥ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 22, 2015
  • ប្រធានបទ: ខ្មែរក្រោម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ព្រះតេជគុណ ថាច់ ហាសំអាង ចៅអធិការវត្តសាមគ្គីរង្សី ក្នុងរាជធានីភ្នំពេញ បានបង្ហើបឲ្យដឹង នូវនូវចេតនា​នយោបាយថ្មី របស់រដ្ឋាភិបាលវៀតណាមបច្ចុប្បន្ន ដើម្បីគ្រប់គ្រងវត្តអារាមនានា ក្នុងទឹកដីខ្មែរកម្ពុជាក្រោម ដោយ​ធ្វើការផ្លាស់ប្តូរ ថ្នាក់ដឹកនាំកំពូលរបស់វត្ត (ចៅអធិការវត្ត) ចាស់ចេញ និងជំនួសមកវិញ ដោយចៅ​អធិការ ដែលស្និតឬមកពីគណបក្សកុម្មុយនីសតែម្ដង។ ព្រះអង្គមានសង្ឃដីកាថា វៀតណាមកំពុងសម្លុត គម្រាម​កំហែង ដល់ចៅអធិការវត្តអង្គណាមួយ ដែលប្រឆាំងនឹងខ្លួន ជាមួយនឹងការចាប់ផ្សឹក ហើយជំនួស​មក​វិញ នូវ​ចៅ​អធិការ​ថ្មី ដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់ខ្លួន។

ថ្លែងក្នុងកម្មវិធី «លើកកម្ពស់ការយល់ដឹង និងការគោរពសិទ្ធិខ្មែរក្រោម ជាជនជាតិដើម» នាវត្តសាមគ្គីរង្សី រាជធានី​ភ្នំពេញ ដែលជាការរំលឹកខួបលើកទី៨ នៃសេចក្តីប្រកាស របស់អង្កគារសហប្រជាជាតិ ស្តីពីសិទ្ធិ​ជន​ជាតិដើម កាលពីថ្ងៃ១៣ ខែកញ្ញា កន្លងមកនេះ ព្រះសង្ឃ ថាច់ ហាសំអាង បានសម្ដែងសង្ឃដីកា​ព្រួយបារម្ភ​ថា ខ្មែរកម្ពុជាក្រោម កំពុងប្រឈមមុខពីការបាត់បង់ នូវវប្បធម៌ សាសនា ភាសាខ្មែរ និងក៏ឈប់មានជំនឿ ពី​ប្រជា​ពលរដ្ឋខ្មែរ បន្ទាប់ពីវត្តអារាម នៅទីនោះ នឹងត្រូវស្ថិតក្រោមការគ្រប់គ្រង របស់ចៅអធិការវត្ត ដែល​ស្ថិតក្រោម​សម្ភាធ ឬនយោបាយ របស់រដ្ឋាភិបាលវៀតណាម។

ក្នុងឱកាសនោះ ព្រះសង្ឃ ថាច់ ហាសំអាង បានសុំបិណ្ឌបាទ ទាំងព្រះសង្ឃ និងពលរដ្ឋ ខ្មែរកម្ពុជាក្រោម​និង​ខ្មែរកណ្តាល ដើម្បីរួមគ្នាការពារនូវវប្បធម៌ខ្មែរ ទាមទារនូវសិទ្ធិសេរីភាពខាងសាសនា សិទ្ធិសេរីភាព​ខាង​នយោបាយ សិទ្ធិសេរីភាព ក្នុងការរស់រានមានជីវិត ស្របតាមច្បាប់អន្តរជាតិ។

សូមស្តាប់ការបកស្រាយទាំងស្រុងដូចខាងក្រោម៖

តំណាងរាស្ត្រ​មកពីគណបក្សសង្គ្រោះជាតិ លោក យន្ត ថារូ បានថ្លែងគាំទ្រទៅនឹងការអះអាង និងការតាំងចិត្ត របស់ខ្មែរកម្ពុជាក្រោមទាំងអស់ ដែលកំពុងមានការព្រួយបារម្ភ ចំពោះបញ្ហាប្រឈម ដែលអាចនឹងកើតឡើង ដោយការដាក់ ឲ្យមាននូវរចនាសម្ព័ន្ធថ្មី ក្នុងការគ្រប់គ្រងវត្តខ្មែរកម្ពុជាក្រោម ស្ថិតក្រោមការគ្រប់គ្រង និង​ចាត់​តាំង ដោយរដ្ឋាភិបាលវៀតណាម។ ក្នុងនាមជាប្រធាន មជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម លោក យន្ត ថារូ បានធ្វើការអំពាវនាវជាថ្មី ដល់ខ្មែរក្រោមទាំងអស់ ត្រូវមានការខិតខំស្វែងយល់ ពីសិទ្ធិរបស់ខ្លួន ក្នុងនាម​ជា​ជន​ជាតិដើមភាគតិច ជាមួយនឹងការរួមសាមគ្គីគ្នា ដើម្បីការពារនូវសិទ្ធិ និងសេរីភាព ក្នុងការរស់នៅមានតម្លៃ​ជា​មនុស្ស។

សូមស្តាប់ការបកស្រាយទាំងស្រុងដូចខាងក្រោម៖

ឯលោក តាំង សារៈ ប្រធានក្រុមប្រឹក្សាភិបាល នៃមិត្តសមាគមខ្មែរកម្ពុជា បានបង្ហាញនូវទស្សនៈផ្ទាល់ខ្លួនថា តាមអនុសញ្ញា និងសិទ្ធិសញ្ញាអន្តរជាតិនានា ជនជាតិដើមទាំងអស់ លើពិភពលោក មានសិទ្ធិគ្រប់គ្រាន់ ក្នុង​ការទាមទារយកមកវិញ នូវសិទ្ធិសេរីភាពខាងសាសនា វប្បធម៌ សិទ្ធិរស់នៅ ដោយសមរម្យ។ តែផ្ទុយមកវិញ ខ្មែរកម្ពុជាក្រោមមិនទទួលបានសិទ្ធិណាមួយ ដូចដែលមានចែង នៅក្នុងច្បាប់អន្តរជាតិទាំងនោះឡើយ។ លោក​ថា មិនត្រឹមតែប៉ុណ្ណឹង ខ្មែរកម្ពុជាក្រោម ថែមទាំងទទួលរង នូវការគម្រាមកំហែង មិនចេះចប់មិនចេះហើយ ពី​សំណាក់រដ្ឋាភិបាល នៃប្រទេសវៀតណាម  គ្មានថ្ងៃស្រាកស្រានទៀត រហូតដល់បច្ចុប្បន្ន។

សូមស្តាប់ការបកស្រាយទាំងស្រុងដូចខាងក្រោម៖

បច្ចុប្បន្ន កម្ពុជាក្រោម មានវត្តចំនួន៦៦៥វត្ត ស្ថិតក្នុងខេត្តទាំង២៣ ដោយមានព្រះសង្ឃសរុប ប្រមាណជាង​ពីរម៉ឺន​អង្គ។ កាលពីថ្មីៗនេះ អង្គការសហប្រជាជាតិ ក៏បានបញ្ចេញតួរលេខរបស់ខ្លួនមកថា ជនជាតិដើម ដែល​បាននឹងកំបុងរស់នៅ ក្នុងប្រទេសជាសមាជិកអង្គការសហប្រជាជាតិនោះ ប្រមាណ៣៧០លាននាក់ លើ​ពិភព​លោក។ តួលេខដដែលបានលើកឡើងថា ពួកគេក៏កំពុងប្រឈម នឹងបញ្ហាជាច្រើន ជាពិសេសក្នុងនោះ បញ្ហា​ដែលចំបង គឺការបាត់បង់សិទ្ធិសេរីភាព បាត់បង់សិទ្ធិកាន់កាប់ដីធ្លី សិទ្ធិវប្បធម៌ សិទ្ធិក្នុងការទទួលយក​ភាសា​ជាតិ​កំណើត និងប្រពៃណីមួយចំនួនទៀត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...