បណ្តាញព្រះសង្ឃឯករាជ្យ ព្រមានធ្វើធម្មយាត្រាទូទាំងប្រទេស រឿងដី«ពុទ្ធសាសនបណ្ឌិត្យ»
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទងង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៧ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 17, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការយកដីវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ លក់ទៅឲ្យក្រុមហ៊ុន ណាហ្គាវើល ដោយមិនមានការឯកភាព ពីសម្ដេចសង្ឃទាំងពីរគណៈរបស់កម្ពុជា និងព្រះសង្ឃពាក់ព័ន្ធ តែមានតែការចុះហត្ថលេខា របស់រដ្ឋមន្រ្តីក្រសួងធម្មការ និងកិច្ចការសាសនានោះ ត្រូវបានបណ្តាញព្រះសង្ឃឯករាជ្យ គម្រាមធ្វើមហាធម្មយាត្រាទូទាំងប្រទេស ដើម្បីប្រគល់ដីនោះមកឲ្យវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ គ្រប់គ្រងជាបន្តវិញ។
ពុទ្ធសាសនបណ្ឌិត្យនៅពីក្រោយការដ្ឋានរបស់ក្រុមហ៊ុនណាហ្គាវើល។ (រូបថត សហការី)
ពុទ្ធសាសនបណ្ឌិត្យ - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ប្រធានបណ្តាញព្រះសង្ឃឯករាជ្យ បានមានសង្ឃដីកាថា ព្រះអង្គ និងបណ្តាសង្ឃរាប់រយអង្គទៀត នឹងរួមគ្នាធ្វើបាតុកម្ម ឬធម្មយាត្រានៅទូទាំងប្រទេស ប្រឆាំងទៅនិងលោក ប៊ិន ឃិន រដ្ឋមន្រ្តីក្រសួងធម្មការ និងកិច្ចការសាសនា ដែលបានចុះហត្ថលេខាដោះដូរ ឬលក់ដីដែលជាកម្មសិទ្ធិព្រះពុទ្ធសាសនា ធ្វើជាមុខរបររកស៊ីរបស់ខ្លួន។
ជាមួយគ្នានេះ ព្រះអង្គក៏បានចោទប្រកាន់ទៅលើរដ្ឋមន្រ្តីរូបនេះថា បានរៀបចំគម្រោងឯកសារពាក់ព័ន្ធនឹងវិទ្យាស្ថាន រួចគម្រាមទៅមន្រ្តីការងារក្រោមឱវាទរបស់ខ្លួន ឲ្យចុះហត្ថលេខាជួយដឹងលឺក្នុងរឿងនេះ។ ព្រះអង្គបន្តថា ក្រោយមកទៀតក៏បានចាត់ចែងធ្វើសន្និសិទសារព័ត៌មានមួយ ជាមួយនឹងថ្នូរជាប្រាក់មួយចំនួន ដោយមិនចុះផ្សាយពីការដោះដូរ ឬវាយកម្ទេចក្លោងទ្វាវិទ្យាស្ថាននោះ។ ការវាយកម្ទេច យកដីទំហំ៣០គុណនិង១០០ នៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ក្រោមរូបភាពធ្វើការអភិវឌ្ឍន៍ ព្រះអង្គក៏បានចោទជាសំនួរថា តើការយកដីព្រះពុទ្ធសាសនា ដោយគ្មានការឯកភាពអ្វីទាំងពីបណ្តាព្រះសង្ឃភាគច្រើននោះ ទៅធ្វើជាមេភ្លើង ក្នុងការផ្គត់ផ្គង់ទៅដល់ក្រុមហ៊ុនណាហ្គាវើល និងកោះពេជ្រនោះ វាគ្មានផលចំណេញអ្វីដល់ប្រជាពលរដ្ឋខ្មែរឡើយ។
ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានថ្លែងថា៖ «ទ្រព្យសម្បត្តិពុទ្ធសាសនបណ្ឌិត្យ ជារបស់ព្រះសង្ឃ។ គ្រាន់តែព្រះសង្ឃធ្វើធម្មតា្រស្នើឲ្យបញ្ឃប់ បែរជាយកកងកម្លាំងជាតិ ប្រដាប់ដោយកាំភ្លើង មករាំរាំង នោះហើយជាការមើលស្រាលដល់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។»
ដូចគ្នានេះដែរ ព្រះតេជគុណ បូរ បេត មន្រ្តីបណ្តាញព្រះសង្ឃឯករាជ្យ បានបញ្ជាក់ថា បើករណីនេះគេ (ក្រុមហ៊ុនណាហ្គាវើល) នៅតែសាងសង់ មិនព្រមបញ្ឃប់ការសាសសង់ទេ ព្រះអង្គក៏ដូចជាព្រះសង្ឃអង្គដទៃទៀត នឹងចូលរួមក្នុងការដង្ហែរធម្មយាត្រា បើទោះជាមានការរារាំង ពីកងកម្លាំងអាជ្ញាធររបស់កម្ពុជាក៏ដោយ។ ព្រះអង្គបានបន្តថា ការតវ៉ា និងការទាមទារទាំងនេះ អនុវត្តឡើងដោយអហិង្សា ទៅតាមបែបព្រះពុទ្ធសាសនា ដើម្បីការប្រគល់ត្រឡប់មកវិញនូវដីរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យនេះ។ «យើងធ្វើការទាមទារ ព្រោះមិនចង់ឲ្យមានការលប់បំបាត់ នូវពុទ្ធសាសនបណ្ឌិត្យ ព្រោះកន្លែងនេះជាមជ្ឈមណ្ឌលនៃពុទ្ធសាសនាធំ និងក៏ជាបេះដូងនៃព្រះពុទ្ធសាសនា។»
ល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤នេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំប្រតិកម្មតបពីការចោទប្រកាន់ខាងលើ ដោយក្រសួងធម្មការ និងកិច្ចការសាសនាបាននោះទេ។ តែបើយោងតាមលិខិតចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៤ ដែលចុះហត្ថលេខាដោយលោក ប៊ិន ឃិន ដាក់ទៅប្រធានក្រុមហ៊ុនណាហ្គាវើល បានស្នើសុំឲ្យក្រុមហ៊ុននោះជួយកែសម្រួល និងរុះរើក្លោងទ្វាខាងជើង របស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ក្រោមមូលហេតុ ដើម្បីសុវត្ថិភាព នៃការបាក់ធ្លាក់ អំឡុងពេលការកសាងផ្លូវក្រោមដី។ ក្នុងលិខិតនោះ ក៏បានសរសេរដោយការសម្រេចដូច្នេះថា៖ «អនុញ្ញាតិឲ្យរុះរើរបង និងក្លោងទ្វា ពុទ្ធសាសនបណ្ឌិត្យខាងជើង ដើម្បីសម្រួលដល់ការសាងសង់ផ្លូវក្រោមដីដោយសុវត្តិភាព។ ក្រុមហ៊ុមណាហ្គាវើល ត្រូវសាងសង់នូវរបង និងក្លោងទ្វាថ្មីឡើងវិញ តាមរចនាបទដើមក្រោយពីបញ្ចប់ការរដ្ឋានរបស់ខ្លួន។»
ទោះយ៉ាងណាក៏ដោយ បណ្តាញព្រះសង្ឃឯករាជ្យ នៅតែធ្វើការទាមទារឲ្យក្រសួងធម្មការ និងកិច្ចលការសាសនាបញ្ជាក់ និងបង្ហាញនូវហេតុផលពាក់ព័ន្ធមួយចំនួនឲ្យ បានច្បាស់លាស់ និងទាមទាឲ្យមានការប្រកាសជាសាធារណៈ និងមានការឯកភាពជាទូទៅ ជាមួយនឹងបណ្តាព្រះសង្ឃ ឬស្ថាប័នមួយចំនួនដែលពាក់ព័ន្ធ មុននឹងឈានទៅដល់ការវាយកម្ទេចដោយស្ងៀមស្ងាត់នេះ។
ជាការរំលឹកប្រវត្តិសាស្ត្រឡើងវិញ ក្នុងឆ្នាំ១៩៥៣ ដល់ឆ្នាំ៩៧៥ បណ្ណាល័យវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ត្រូវបានប្ដូរ ពីបណ្ណាល័យកម្ពុជា ដែលបានស្ថាបនាឡើងដោយព្រះបាទស៊ីសុវត្ថិនៅក្នុងឆ្នាំ១៩២១ (ដែលត្រូវបានកែឈ្មោះ នៅឆ្នាំ១៩២៥ ជារាជបណ្ណាល័យ)។ ចាប់ពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ក្នុងរបបខ្មែរក្រហម បណ្ណាល័យវិទ្យាស្ថាននេះត្រូវបានបិទ។ នៅក្នុងរាជាណាចក្រកម្ពុជាទីពីរ (ចាប់ពីឆ្នាំ១៩៩៣មក) វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ត្រូវបានបើកឡើងវិញ និងមានទីតាំងបណ្ដោះអាសន្ន នៅក្នុងបរិវេណវត្តឧណ្ណាលោម។ ដោយមានការឧបត្ថម្ភ ពីគណៈកម្មការ ជួយសង្គ្រោះជប៉ុនសូតូសូ (JSRC) និង Heinrich Boell Foundation (HBF) នៃប្រទេសអាល្លឺម៉ង់ បណ្ណាល័យនៃវិទ្យាស្ថាននេះបានចាប់ផ្ដើមបើកដំណើរការឡើងវិញ ដើម្បីបម្រើដល់អ្នកអានស្រាវជ្រាវចាប់តាំងពីពេលនោះមក។ វិទ្យាស្ថាននេះបានផ្លាស់ទី ទៅកាន់អគារថ្មី ដែលត្រូវបានសាងសង់ក្រោមការជួយឧបត្ថម្ភពីសំណាក់ Risho Kosei-Kai នៃប្រទេសជប៉ុន នៅជាប់នឹងសួនច្បារសម្ដេចហ៊ុនសែន ក្នុងរាជធានីភ្នំពេញនាឆ្នាំ១៩៩៨៕