កម្មករធ្វើការងារតាមផ្ទះ៖ «បើខ្ញុំមានជម្រើស...»
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 17, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភាគច្រើននៃកម្មករធ្វើការងារតាមផ្ទះ គឺជាស្រ្តី ហើយជាពិសេសគឺស្រ្តីវ័យក្មេងៗមិនទាន់គ្រប់អាយុ ដែលបានធ្វើចំណាកស្រុកពីតំបន់ដាច់ស្រយាល ដោយសារតែមិនមានជម្រើស មិនមានចំណេះដឹង ក្នុងការស្វែងរកការងារធ្វើសមរម្យ និងកត្តាខ្វះខាតជីវភាព។ ខាងក្រោមនេះ ជាកិច្ចសម្ភាសមួយរបស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ជាមួយអតីតអ្នកបំរើការងារតាមផ្ទះមួយរូប ដែលបច្ចុប្បន្នជាអនុប្រធាន បណ្តាញកម្មករធ្វើការងារតាមផ្ទះ ដើម្បីដឹងថាតើកម្មករដែលបំរើការងារតាមផ្ទះ ត្រូវជួបបញ្ហាលំបាកអ្វីខ្លះ?
រូបថតជំនួស បង្ហាញពីក្មេងស្រីអនីតិជន រងគ្រោះមួយរូប។ (រូបថតឯកសារ)
សម្ភាសកម្មករបម្រើការតាមផ្ទះ - «ផលលំបាកនៃអ្នកធ្វើការងារតាមផ្ទះគឺលំបាកមែនទែន ជាក់ស្តែងដូចខ្ញុំបានធ្វើការងារតាមផ្ទះឱ្យគេនៅទីក្រុងភ្នំពេញ អញ្ចឹងខ្ញុំត្រូវទទួលការគាបសង្កត់ពីម្ចាស់ផ្ទះ ហើយនឹងទទួលរងការបំពានពីថៅកែប្រុស និងប្អូនថ្លៃម្ចាស់ផ្ទះ មានការប៉ុនប៉ងរំលោភបំពានលើរូបរាងកាយយើងផងដែរ។ នេះហើយ ដែលធ្វើឱ្យយើងជាមនុស្សម្នាក់ ដែលមានការឈឺចាប់ តស៊ូនៅក្នុងការងារ»។ នេះការលើកឡើងរបស់របស់អ្នកស្រី យឹម សុធី អនុប្រធានបណ្តាញកម្មករធ្វើរតាមផ្ទះ ដែលអ្នកស្រីត្រូវរ៉ាប់រង ការលំបាកនានាក្នុងអំឡុងពេលដែលអ្នកស្រីជាកម្មករបំរើការងារតាមផ្ទះ ឱ្យគ្រួសារដែលរស់នៅក្នុងរាជធានីភ្នំពេញ។ អ្នកស្រីនិយាយថា គឺបទពិសោធន៍ជីវិត និងកម្លាំងចិត្តជំនះទាំងនោះហើយ ដែលតម្រូវឱ្យអ្នកស្រីត្រូវតែតស៊ូ ធ្វើការទាមទារដើម្បីសិទ្ធិរបស់កម្មករក្នុងវិស័យនេះ។
អ្នកស្រីបានឱ្យដឹងថា របស់រហូតមកដល់ពេលនេះ មានស្រ្តីដែលជាអ្នកបំរើការងារតាមផ្ទះចំនួន២៤ម៉ឺននាក់ហើយ នៅក្នុងទីក្រុងភ្នំពេញ។
អនុប្រធានបណ្តាញកម្មករធ្វើរការតាមផ្ទះរូបនេះបាន ពន្យល់ថា ដោយសារតែ«គ្មានជម្រើស» ទើបធ្វើឱ្យស្រ្តីធ្លាក់ខ្លួនធ្វើការបំរើគេទាំងវ័យក្មេង។ «គ្មានជម្រើស» ដែលធ្វើឱ្យមកស៊ីឈ្នួលធ្វើការងារតាមផ្ទះនៅទីក្រុងភ្នំពេញ ព្រោះ៖
ទី១. កត្តាជីវភាពខ្វះខាតរបស់គ្រួសារពួកគាត់ ដែលភាគច្រើន ច្រើនតែជាស្រ្តីមេម៉ាយ មានកូនច្រើនត្រូវទទួលបន្ទុក ដូចនេះមានតែជម្រុញពួកគាត់ជាម្តាយ ត្រូវយកកូនមកផ្ញើឱ្យធ្វើការងារនៅតាមផ្ទះ ដើម្បីដោះស្រាយជីវភាព។
ទី២. ដោយសារតែឪពុកម្តាយខ្ចីលុយគេ នៅពេលដែលគ្មានលុយសងគេ ដំណោះស្រាយដែលសមរម្យមានតែត្រូវយកកូនឱ្យធ្វើការបំរើគេ ដើម្បីយកប្រាក់មកដោះស្រាយបំណុល។
តំណាងស្ត្រីធ្វើការតាមផ្ទះ។ (រូបថត សហការី)
នៅកម្ពុជា ដោយសារតែកំណើននៃតម្រូវការកម្មករធ្វើការងារតាមផ្ទះ បានទាក់ទាញស្រ្តីវ័យក្មេងៗ ដែលអ្នកខ្លះមិនទាន់ទាំងគ្រប់អាយុ ដើម្បីធ្វើការងារផងនោះ បានធ្លាក់ខ្លួនចូលក្នុងវិស័យការងារជាស្រ្តីបំរើការងារតាមផ្ទះនេះ។ បើទោះបីជាការអនុម័តច្បាប់ កាលពីឆ្នាំ១៩៩៧ បានផ្តល់និយមន័យឱ្យអ្នកធ្វើការងារតាមផ្ទះក៏ដោយ ប៉ុន្តែច្បាប់នេះមិនបានដាក់បញ្ចូលកម្មករធ្វើការតាមផ្ទះ ឱ្យស្ថិតក្រោមកិច្ចការពារដោយច្បាប់នោះទេ។ កម្មករធ្វើការតាមផ្ទះ មិនមានសិទ្ធិដូចកម្មករនៅវិស័យផ្សេងទៀត ពិសេសក្នុងការទទួលបានប្រាក់ខែសមរម្យ និងសិទ្ធិក្នុងការធ្វើការងារក្នុងមួយថ្ងៃ៨ម៉ោងនោះឡើយ។ ដោយសារហេតុនេះហើយ ទើបធ្វើឱ្យកម្មករក្នុងវិស័យនេះ ងាយធ្លាក់ខ្លួនទៅក្នុងស្ថានភាពកេងប្រវ័ញ្ច និងរំលោភបំពានពីម្ចាស់ផ្ទះ។
«បង្ខំឱ្យស៊ីកំអួតខ្លួនឯង ...»
ករណីនៃការរំលោភសិទ្ធិនេះដែរ អ្នកស្រី យឹម សុធី បានលើកយកករណីក្មេងស្រីម្នាក់ ដែលបំរើការងារឱ្យម្ចាស់ផ្ទះ ដែលស្ថិតនៅម្តុំផ្លូវវ៉េងស្រេងមកបញ្ជាក់ថា នៅពេលដែលក្មេងស្រីម្នាក់នោះ ធ្វើការស៊ីឈ្នួលតាមផ្ទះយូៗទៅ រហូតដល់ម្តាយមានការជំពាក់បំណុល យកប្លង់ដីមកបញ្ចាំម្ចាស់ផ្ទះ បានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់នាងជាខ្លាំង ធ្វើការទាំងមិនសប្បាយចិត្ត។ ដល់ថ្ងៃមួយ ពេលដែលនាងមិនស្រួលខ្លួន នាងត្រូវបានម្ចាស់ផ្ចះបង្ខំឱ្យធ្វើការ នាងបានក្អួត។ ប៉ុន្តែថៅកែចិត្តអាក្រក់ បានបង្ខំឱ្យនាងស៊ីកំអួតខ្លួនឯង។
អ្នកស្រីពន្យល់បន្ថែមថា៖ «ទាក់ទងនឹងករណីទាំងអស់នេះ ក្រុមបណ្តាញរបស់យើងនឹងតស៊ូដើម្បីអី? គឺដើម្បីឱ្យពួកគាត់ជាអ្នកធ្វើការងារតាមផ្ទះ ឱ្យមានប្រាក់សមរម្យ ដូចជាកម្មករក្នុងវិស័យផ្សេងផងដែរ។ ពួកយើងនឹងចូលរួមទាំងអស់គ្នា ឱ្យបានច្រើន ដើម្បីសុំឱ្យរដ្ឋាភិបាលផ្តល់សច្ចាប័នលើអនុសញ្ញាលេខ១៨៩។ ប្រសិនជាអនុសញ្ញានេះ បានចេញដោយច្បាប់ហើយ អញ្ចឹងអ្នកធ្វើការងារតាមផ្ទះ ពួកគាត់នឹងទទួលបានអត្ថប្រយោជន៍ច្រើន ទាក់ទងនឹងការងារ មានកំណត់ម៉ោងច្បាស់លាស់ ថ្ងៃសម្រាក និងមានទទួលខុសត្រូវពីរបបថែទាំសុខភាព។»៕