រ៉ុង ឈុន៖ GMAC គួរ​រៀបចំ​ខ្លួន​​ឆ្លើយ​ចំពោះ​មុខ​រដ្ឋសភា

«មើលសេចក្តីថ្លែងការណ៍ខ្ញុំឲ្យច្បាស់ ហើយចាំធ្វើសេចក្តីថ្លែងការណ៍ប្រតិកម្មតប។ យើង​មិន​មែន​ចេះ​តែ​ចោទ​ប្រកាន់​អ្នកណា ឥត​មូលដ្ឋាន​ទេ។» នេះជាការឆ្លើយតប របស់លោក រ៉ុង ឈុន ទៅនឹងសេចក្តីថ្លែងការណ៍ របស់សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា (GMAC)។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៤ វិច្ឆិការ ២០១៤
  • កែប្រែចុងក្រោយ: November 04, 2014
  • ប្រធានបទ: ១ពាន់លានដុល្លារ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន បាន​ស្នើ​សុំ​ឲ្យ​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា GMAC នោះ ត្រឡប់​ទៅ​មើល​សេចក្តី​ថ្លែងការណ៍​របស់​លោក​ឲ្យ​បាន​ច្បាស់ មុន​នឹង​ធ្វើ​ប្រតិកម្ម​មក​រូប​លោក។ ក្នុង​កិច្ច​សម្ភាស​ជា​មួយ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ លោក​បាន​រំលឹក​ថា អ្វី​ដែល​លោក​បាន​លើក​ឡើង ក្នុង​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ទី២៨ ខែតុលា​នោះ ជា​ការ​អះអាង​របស់ GMAC ដោយ​ផ្ទាល់​ខ្លួន​ឯង ជា​មួយ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ កាល​ពី​ដើម​សប្តាហ៍​មុន។

លោក រ៉ុង ឈុន បាន​និយាយ​ថា៖ «យើង​មិន​ចេះ​តែ​ចោទ​ប្រកាន់​អ្នកណា ឥត​មាន​មូលដ្ឋាន​ទេ។ សេចក្តី​ថ្លែងការណ៍​នេះ គ្រាន់​តែ​យើង​ដក​ស្រង់ ពី​សារព័ត៌មាន​ក្នុង​ស្រុក​មួយ ដែល​បាន​ចុះ​របាយការណ៍​ហិរញ្ញវត្ថុ​របស់ GMAC។ ក្នុង​របាយការណ៍​នោះ បាន​ចង្អុល​បង្ហាញ​ថា បាន​ផ្តល់​លុយ​ទៅ​ក្រសួង​ពាណិជ្ជកម្ម ៥០០០ (ប្រាំ​ពាំន់​ដុល្លារ​អាមេរិក) និង​អាវ​យឺត​ទាហ៊ាន​មួយ​ពាន់​លាន​ដុល្លា។»

ការថ្លែងរបស់លោក រ៉ុង ឈុន បានធ្វើឡើង បន្ទាប់ពីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានចេញ​សេចក្តី​ថ្លែងការណ៍ កាលពីថ្ងៃទី៣ ខែវិច្ឆិកាម្សិលម៉ិញនេះ ប្រតិកម្មតបទៅនឹង សេចក្តីថ្លែងការណ៍របស់ ប្រធាន​សហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ដែលបានលើកឡើងថា ទឹកប្រាក់ប្រមាណមួយពាន់លានដុល្លារ ទៅកាន់ស្ថាប័នរដ្ឋមួយចំនួននោះ ជាឧបសគ្គដល់ការ តំឡើងប្រាក់ឈ្នួលកម្មករអប្បរមាន ១៧៧ដុល្លារ ក្នុង​មួយខែ។

«ឆ្កួតវងេ្វង»

សេចក្តីថ្លែងការណ៍ថ្ងៃទី៣ ខែវិច្ឆិកាដដែលរបស់ GMAC បានជំរុញឲ្យ លោក រ៉ុង ឈុន ដកចេញនូវ​សេចក្តី​ថ្លែងការណ៍នោះ ដោយចាត់ទុកថា ការអះអាងមិនមែនជាការពិត និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ GMAC។ GMAC បានចោទប្រកាន់ទៅលោក រ៉ុង ឈុន ចំៗថា៖ «សេចក្តីថ្លែងការណ៍នេះ មិនត្រឹមតែជាការមិនពិត និង​មានចេតនាបង្ខូចកេរ្តិ៍ឈ្មោះប៉ុណ្ណោះទេ តែថែមទាំងមានលក្ខណៈឆ្កួតវង្វេង គួរឲ្យអាម៉ាសបំផុត។»

ទាក់ទិននឹងលើកឡើងក្នុងរបាយការណ៍ GMAC ការចោទប្រកាន់ខាលើនេះ លោក រ៉ុង ឈុន បានបញ្ជាក់ថា «GMAC ចេញសេចក្តីថ្លែងការណ៍ ដើម្បីលាងខ្លួនហើយ។ (...) រឿងនេះធំណាស់ ដោយសាតែមានទំនាក់​ទំនង​យ៉ាងស្អិតរមួតរវាង GMAC និងមន្រ្តីរដ្ឋាភិបាល ស្ថាប័នរដ្ឋមួយចំនួន។ នេះជាឧបសគ្គ ដល់ការតម្លើង​បៀរវត្ស។»

ប្រធានសហភាពសហជីពកម្ពុជា បានឲ្យខាង GMAC រៀបចំខ្លួន ដើម្បីឆ្លើយនៅចំពោះមុខរដ្ឋសភា ពីករណី​លុយ ប្រមាណជាងមួយពាន់លានដុល្លានោះ។ លោកថា ក្រៅពីសេចក្តីថ្លែងការណ៍នេះ ក្រុមការងារ​សហព័ន្ធ​ទាំងប្រាំបី ក៏បានស្នើលិខិតមួយទៅកាន់រដ្ឋសភា កាលពីសប្តាហ៍មុនរួចរាល់ហើយ ដើម្បីស្នើសុំធ្វើការកោះហៅ មកសាកសួរ និងបំភ្លឺ។ លោកបានបញ្ជាក់ទៀតថា៖ «រឿងនេះមិនត្រឹមតែថ្លែងការណ៍ទេ យើងបានដាក់ទៅ​រដ្ឋសភាមួយទៀត ក្នុងនាមសហព័ន្ធឃ្លាំមើល ដែលមានសហព័ន្ធចំនួនប្រាំបី ចុះហត្ថលេខា ដើម្បីស្នើ​សុំឲ្យ​ធ្វើការ​សាកសួរ។ សូមថ្នាក់ដឹកនាំ GMAC រៀបចំខ្លួនឲ្យហើយទៅ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...