សម្ភាស៖ រ៉ុង ឈុន ព្រមាន GMAC បើ​«ដំបៅ»​តូច​កុំ​យក​ឈើ​«ចាក់»

ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន បានថ្លែងព្រមាន GMAC ថារឿងខ្លះ គួរធ្វើមិនដឹងមិនលឺល្អជាង ព្រោះ«ដំបៅតូច បើយកឈើរុក នាំឲ្យដំបៅនោះរីកធំធាត់។»
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៤ វិច្ឆិការ ២០១៤
  • កែប្រែចុងក្រោយ: November 04, 2014
  • ប្រធានបទ: ១ពាន់លានដុល្លារ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

របាយការណ៍ហិរញ្ញវត្ថុរបស់ GMAC ដែល​បាន​ចង្អុល​បង្ហាញ​យ៉ាង​ច្បាស់​ថា បាន​ផ្តល់​ឬ​ចំណាយ​លុយ រហូត​ដល់​«មួយ​ពាន់​លាន​ដុល្លា​អាមេរិក» លើ​គម្រោង​ផលិត​«អាវ​យឺត»​សម្រាប់​ទាហ៊ាន​នោះ ជា​គម្រោង​មួយ​ដ៏​ខ្ពស់ «ខុស​ពី​ធម្មតា» និង​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​មិន​ប្រក្រតី ហើយ​ក៏​អាច​មាន​អំពើ​ពុក​រលួយ​នៅ​ក្នុង​នោះ។ នេះ​ជា​ការ​ថ្លែង​របស់​លោក រ៉ុង ឈុន ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា នៅ​ក្នុង​កិច្ច​សម្ភាស​ធ្វើ​ដាច់​ដោយ​ឡែក​មួយ ជា​មួយ​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ

ប្រធានសហព័ន្ធសហជីពកម្ពុជារូបនេះ បាន​បញ្ជាក់​បន្ថែម ពី​ក្នុង​របាយ​ការណ៍​ហិរញ្ញវត្ថុ​នោះ ថា​ខាង GMAC លើក​ឡើង​ដោយ​ខ្លួនឯង៖ «ស្ថាប័ន​រដ្ឋ បាន​ស្នើ​មក​សុំ​លុយ​ពី​ខាង GMAC គ្រប់​ពេល​វេលា និង​គ្រប់​ស្ថាប័ន​រដ្ឋ។ (…) ចង់​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើការ​ស្រាវ​ជ្រាវ និង​អង្កេត​ជុំ​វិញ​បញ្ហា​ទាំង​អស់​នេះ។»

លោកបានចាត់ទុកថា ទង្វើទាំងអស់នោះ ជាការផ្តល់នូវសំណូក និងប្រព្រឹត្តអំពើពុករលួយ ដែលនាំឲ្យរំខាន ដល់ការតម្លើងប្រាក់បៀរវត្សអប្បបរមា១៧៧ ដុល្លា របស់កម្មករ។ លោកបន្តថា៖ «បើ GMAC ឆ្លាត ធ្វើ​មិន​ដឹង​មិនលឺ អាហ្នឹងបែបជាល្អជាង។ ដំបៅតូច បើយកឈើរុកនាំឲ្យដំបៅនោះរីកធំធាត់។»

ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន នៅតែបង្ហាញជំហររបស់ខ្លួនថា ការចំណាយប្រាក់ដ៏ច្រើន​លើសលុបរបស់ GMAC ក្នុងការទិញអាវយឺតទាហ៊ាននេះអាចចាត់ទុកថា ជាអាវុធ«មុខពីរ» មួយការទិញ​ទឹក​ចិត្ត ឬផ្តល់ការទុកចិត្ត ឬការគាំពារពីខាងមន្រ្តីនៃរដ្ឋាភិបាលមកលើខ្លួន និងមួយទៀតជាការបំបាក់ទឹកចិត្ត​ដល់​ក្រុមសហជីព ដែលធ្វើការទាមទារតំឡើងប្រាក់ឈ្នួលកម្មករ ដល់១៧៧ដុល្លារក្នុងមួយខែ សុំត្រឹមតែរស់​បាន​សមរម្យក្នុងសង្គមប៉ុណ្ណោះ។

ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ មានការចេញសេចក្តីថ្លេងការណ៍ឆ្លើយឆ្លងគ្នា រវាងប្រធានសហភាពសហជីព​កម្ពុជា លោក រ៉ុង ឈុន និង តំណាង GMAC ស្របពេលដែលក្រសួងការងារ កំពុងពិភាក្សាលើការដំឡើងប្រាក់​ខែ​គោលអប្បបរមា។ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០១៤ ក្នុងកិច្ចប្រជុំបញ្ចប់ជំនួបត្រីភាគី ក្នុងរយៈពេល១០ថ្ងៃនេះ នៅមិនទានមានលទ្ធផល ឬការកំណត់តួលេខប្រាក់ឈ្នួលអប្បរមាកម្មករនិយោជិក សម្រាប់ឆ្នាំ២០១៥ នៅឡើយ បើទោះជាខាង ភាគីតំណាងរដ្ឋាភិបាលកំណត់យកលេខ១២១ដុល្លារ ភាគី​ថៅកែ​រោងចក្រតម្លើងបានត្រឹមតែ ១១០ដុល្លារ ហើយភាគីសហជីពបានចុះតួរលេខរបស់ខ្លួន ពី១៧៧ដុល្លា មកត្រឹម​លេខ១៤០ ដុល្លារក៏ដោយ។

បើយោងតាមសេចក្តីថ្លែងការណ៍របស់ GMAC ចេញផ្សាយថ្ងៃទី៣ ខែវិច្ឆិកា ម្សិលម៉ិញនេះ បានលើកឡើងថា៖ «GMAC បាននឹងកំពុងធ្វើការចូលរួមដោយសុឆន្ទៈ និងសេចក្តីស្មោះត្រង់បំផុត ជាមួយភាគីទាំងអស់ ក្នុងកិច្ច​ពិភាក្សាពាក់ព័ន្ធ និងកម្រិតប្រាក់ឈ្នួលអប្បបរមាថ្មីនេះ។ GMAC តែងតែគិតពិចារណាដល់ប្រយោជន៍ជាតិ និងវិស័យកាត់ដេរទាំងមូលអស់ពីបេះដូង។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...