ប្រាក់​ខែ​កម្មករ៖ សហជីព​ស្នើរ​$១៦៨ តែ​និយោជក​ឲ្យ​ត្រឹម​$១៣៤

កិច្ចពិភាក្សា ស្តីពីការតម្លើងប្រាក់ឈ្នួលអប្បបរមារ របស់កម្មករនយោជិក ផ្នែកវាយនភ័ណ្ឌ កាត់ដេរ និង​ផលិត​ស្បែក​ជើង សម្រាប់​ឆ្នាំ​២០១៦ ដោយភាគីសហជីពទាំង១៦ សម្រេចយកតួរលេខរួមមួយ ចំនួន​១៦៨ដុល្លា​អាមេរិក ខណៈ​ភាគី​និយោជក​ឯកភាព លើចំណុចមួយ ចំនួន១៣៤ដុល្លា ដើម្បីដាក់ចចារ ជា​ត្រី​ភាគី​នា​ពេល​ខាង​មុខ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២៩ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: October 08, 2015
  • ប្រធានបទ: កម្មករ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានលើកឡើងថា ខាងភាគីនិយោជក បានសម្រេចឡើង ត្រឹម​៣.៧ភាគរយ ស្មើនឹង៦ដុល្លា ថែមលើប្រាក់ខែគោល ក្នុងឆ្នាំ២០១៥។ ឯខាងភាគីសហជីព ទាំង១៦ បាន​ឯកភាព​លើចំណុចរួមមួយ គឺ ១៦៨ដុល្លា ជាប្រាក់ខែគោលឆ្នាំ២០១៦។

ថ្លែងបន្ទាប់ពីបញ្ចប់ កិច្ចប្រជុំក្រុមការងារបច្ចេកទេស ត្រីភាគី ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមារ របស់​កម្មករ​និយោជិក ផ្នែកវាយនភ័ណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៦ លោក ហេង សួរ បាន​បញ្ជាក់​ថា៖ «តួរលេខនេះ នៅមិនទាន់ចុងក្រោយទេ។ ចាំមើលពេលរសៀល អាចមានការតម្លើងបន្ថែម ឬយ៉ាងណា​នោះ។ រូបមន្ត ឬយន្តការដែលយើងបានកំណត់ ទាំងភាគីសហជីព និងនិយោជក ឃើញថាមានដំណើរការល្អ បើ​​ទោះ​បី​ជាពេលចាប់ផ្តើម មានគោលជំហរផ្សេងគ្នាក៏ពិតមែន។ ពេលចូលចរចា អនុវត្តនូវយន្តការដូចគ្នា ដោយ​ឲ្យភាគី​សម្តែងគោលជំហររៀងៗខ្លួន បន្ទាប់មក ទើបស្វែករកគោលជំហររួម។ ហើយគោលចំហររួមនេះ យក​ទៅដាក់​ចរចា និងចាប់ផ្តើមបន្ធូរបន្ថយម្តងបន្តិចៗ។ យើងមានសង្ឃឹម នូវលទ្ធផលច្រើន។»

» សូមស្តាប់ការបកស្រាយបន្ថែម របស់លោក ហេង សួរ ដូចខាងក្រោម៖

ប្រធានសហព័ន្ធសហជីព ចលនាកម្មករលោក ប៉ាវ ស៊ីណា បានថ្លែងឡើងថា ក្នុងប្រវត្តិសាស្រ្ត នៃការទាមទារ​តម្លើងប្រាក់ខែ មិនដែលមានការឯកភាពគ្នាទាំងស្រុង រវាងសហជីពទាំងអស់ លើចំណុចរួមមួយឡើយ។ ក្នុង​កិច្ច​សម្ភាស ជាមួយអ្នកសារព័ត៌មាន លោក ប៉ាវ ស៊ីណា បាននិយាយថា ថ្ងៃនេះជាលើកទីមួយហើយ ដែល​​សហជីព​ទាំង១៦ រួមមានសហជីពលោក ជួន មុំថុល និងសហជីពលោក សោម អូន បានឯកភាពទទួលយក ចំណុច​រួម​មួយ​នៃ​ប្រាក់ខែ គឺ ១៦៨ ដុល្លាអាមេរិក ដើម្បីពិភាក្សាជាត្រិភាគី នាពេលបន្ទាប់។ លោកថា ១៦៨​ដុល្លា​នេះ មាន​កំណើន​ប្រហែលជា៣២% ដែលជាតួលេខខ្ពស់ជាងឆ្នាំមុន។ យ៉ាងណា តួរលេខខាងលើ នៅមិន​ទាន់​​សម្រេច​​នៅ​ឡើយ​ទេ ដោយរង់ចាំជជែក ជាមួយភាគីនិយោជក នាពេលបន្តបន្ទាប់ខាងមុខទៀត។

លោក ស៊ីណា បានបន្តថា ការសម្រេចត្រូវបានធ្វើឡើងជាក្រុម មិនអាចធ្វើតែម្នាក់ឯងបានទេ។ លោកបានថ្លែង​ឲ្យដឹងថា៖ «ប្រសិនការតម្លើងណាមួយសមរម្យ ខ្ញុំគិតថាប្រហែលជាមិនមានទេ។ តែបើសិនជាគម្លាតនោះ វា​ឆ្ងាយ​​ពីការស្នើសុំនោះ វាអាចដែរ យើងកំពុងរង់ចាំមើល។ (...) ឆ្នាំនេះ នឹងមានតួរលេខណាមួយសមរម្យ ដោយ​មិន​​ចាំ​បាច់ មានការតវ់ាមានលក្ខណៈជាទ្រង់ទ្រាយធំ។ ហើយការចារចារឆ្នាំនេះ នឹងមានលក្ខណៈល្អប្រសើរ ជាង​​ឆ្នាំ​មុនៗ។»

» សូមស្តាប់ការបកស្រាយបន្ថែម របស់លោក ប៉ាវ ស៊ីណា ដូចខាងក្រោម៖

លោក សោម អូន ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ដែលគេស្គាល់ថា ជាសហជីពមាននិន្នាការ​ខាង​រដ្ឋាភិបាល បានបង្ហាញនូវទស្សនៈថា ក្រុមការងារលោក ទទួលយកការឯកភាពគ្នា លើទួរលេខមួយ ដែលពី​មុន​មក សម្រាប់​សហជីពទាំងអស់មិនដែលមាន។ សម្រាប់លទ្ធផលយ៉ាងណានោះ នៅមិនទាន់មានការកំណត់ ច្បាស់​​លាស់​ឡើយ ព្រោះក្រុមការងារបច្ចេកទេស នឹងបន្តពិភាក្សាគ្នា ពេញមួយសប្តាហ៍នេះ។ យ៉ាងណាលោក​បាន​បង្ហាញ​ថា ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥នេះ ក្រុមប្រឹក្សាការងារ នឹងយកលទ្ធផលនៃកិច្ចប្រជុំរួមនេះ ទៅ​សម្រេច ឯការថាតម្លើងបានប៉ុន្មាននោះ នៅមិនទាន់មានទូរលេខ នៅឡើយ តែអាស្រ័យលើការជជែកគ្នា បន្ត​ទៀត។ យ៉ាង​​ណា​លោក សង្ឃឹមថាកិច្ចប្រជុំនេះ នឹងមានរូបមន្តណាមួយ ដែលលអាចតម្លើងបានសមស្រប ។ លោក​បញ្ជាក់​​ថា៖ «បើឡើងទាបពេក អាចប់ះពាល់ដល់ជីវភាពកម្មករ បើឡើងខ្ពស់ពេក វាអាច​ប៉ះពាល់​ដល់​វិស័យ​​កាត់​ដេរ របស់​យើង។ ការឡើងកម្រិតណាមួយនោះ យើងនឹងអាចមានច្រកចេញ វាមិនមែន​ជា​លើក​ទីមួយ​ទេ ព្រោះ​យើង​ធ្លាប់​មាន​បទពិសោធ៧ ឬ៨លើកមកហើយ។ (...) ដំណោះស្រាយនឹង​មាន​ចុងក្រោយ។»

» សូមស្តាប់ការបកស្រាយបន្ថែមរបស់លោក សោម អូន ដូចខាងក្រោម៖

ឯប្រធានសម្ព័ន្ធសហជីពជាតិលោក ហ្វា សាលី បានដាក់ក្តីសង្ឃឹមច្រើន លើតួរលេខថ្មី ១៦៨ដុល្លាអាមេរិក ក្រោម​​ការ​ឯកភាពគ្នា នៃសហជីពទាំង១៦ ដែលពីមុនមកមិនដែលមាន។ លោកបន្តថា សហជីពកន្លងមក ធ្លាប់​តែ​ប្រទាញ​ប្រទង់ មិនត្រូវគ្នា តែថ្ងៃនេះ សហជីពទាំងអស់បានរួមគ្នាជាធ្លុងមួយ ដូច្នេះផលវិជ្ជមាន សម្រាក់​ការ​ពិភាក្សា លើប្រាក់ឈ្នួលឆ្នាំ២០១៦នេះ ក៏នឹងអាចកើនឡើង ជាងឆ្នាំមុនច្រើនដែរ។ លោកបានបន្តថា យ៉ាង​​ណា​ក្នុងឆ្នាំ២០១៣ ឡើងបាន២៥% ឆ្នាំ២០១៤ បាន២៨% និងឆ្នាំ២០១៥នេះ មានចំនួន៣២% ដែល​កើន​ឡើង ពី​ឆ្នាំ​ចាស់​ត្រឹមតែ៤%ប៉ុណ្ណោះ។ ជាជំហររបស់សហជីព លោកបានឲ្យដឹងថា៖ «ចង់បានប្រាក់ឈ្នួល​​​កម្មករ​​ឆ្នាំ​​​នេះ​ឡើង ឲ្យបានប្រហាក់ប្រហែលនឹងឆ្នាំមុន។ (...) ដោយចង់បានតួរលេខមួយរួម សហជីពដែល​គាំទ្ររដ្ឋាភិបាល ក៏​ព្រម​យកតួរលេខរួមមួយនេះដែរ ព្រោះមិនអាចយកលេខបីរ ឬបីសម្លេង ទៅដាក់ជជែក​ជា​មួយ​និយោជក​​បាន​ទេ។ (...) (សហជីព) ត្រូវបង្ខំចិត្តយកលេខមួយជាកណ្តាល មិនប្រកាន់យកខាងណា​ទាំងអស់។»

ប្រធានសម្ព័ន្ធសហជីពជាតិរូបនេះ បន្ថែមថា សហជីពទាំង១៦ ដើមឡើយមានភាពចម្រាសគ្នា លើតួរលេខ​ចំនួន​បីផ្សេងៗគ្នា ខ្លះសម្រេចយក១៦២ដុល្លា, ខ្លះយក១៦៦ដុល្លា និងខ្លះទៀតយក១៧៨ដុល្លា ។ លោកថា បន្ទាប់​មក​សហជីពទាំង១៦ បានសម្រេចយកតួរលេខទាំងបីនោះ បូកបញ្ចូលគ្នា រួចចែកនឹងពីរ ដើម្បីបានតួរ​លេខរួម​មួយ ក្នុងការសម្រេចយក (១៦២+១៦៦+១៧៨)*៣= ១៦៨ដុល្លា។

សូមស្តាប់ការបកស្រាយបន្ថែម របស់លោក ហ្វា សាលី ដូចខាងក្រោម៖

សម្រាប់ភាគីខាងនិយោជក មិនបានបង្ហាញនូវជំហររបស់ខ្លួន ក្នុងការកំណត់យកតួរលេខមួយ ដើម្បីដាក់ចរចា​ជា​ត្រីភាគី នាពេលបន្តបន្ទាប់នោះឡើយ។ តំណាងនិយោជក មិនបានផ្តល់កិច្ចសម្ភាស ជាមួយ​អ្នក​​សារព័ត៌មាន ឬទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ពីចំណុចរួមមួយនៃតួរលេខ ដែលខាងនិយោជក (ក្រុមហ៊ុន) បាន​​ឯកភាព​​គ្នា​នោះ​ឡើយ។ តែតាមការងះអាង របស់លោក ហេង សួរ ង្នកនាំពាក្យក្រសួងការងារ បានលើកឡើងថា ក្នុងកិច្ច​ពិភាក្សា​​​ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ នាទីស្តីការក្រសួងការងារនេះ សម្រេចទទួលតម្លើងបានត្រឹមតែ ៣.៧% សម្រាប់​​ឆ្នាំ២០១៦ ខាងមុខ។ លោកថាចំនួននេះ កើនបានប្រហែលជា ៦ដុល្លាប៉ុណ្ណោះ។

តាមការអះអាងខាងលើ គេមើលឃើញថា ចំនួននេះបើបូកបន្ថែម លើប្រាក់ឈ្នួលក្នុងឆ្នាំ២០១៥ ១២៨ដុល្លា + ៦ដុល្លា = ១៣៤ដុល្លា ប៉ុណ្ណោះ។ យ៉ាងណា ចំនួនដែលជាផ្លូវការ និងសម្រេចយកជាត្រីភាគគី នោះមិនទាន់​មាន​លទ្ធផល ហើយត្រូវបានប្រកាសចេញ នៅឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...