អ្នកនាំពាក្យក្រសួងការងារ ថាប្រាក់ឈ្នួលអប្បបរមាកម្មករ នឹងប្រកាសនៅថ្ងៃទី៣០ តុលា
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៨ តុលា ២០១៤
- កែប្រែចុងក្រោយ: October 29, 2014
- ប្រធានបទ: វិបត្តិកម្មករ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងកិច្ចសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន កាលពីយប់ថ្ងៃទី២៧ ខែតុលានេះ លោក ហេង សួរ បានលើកឡើងថា ជំនួបលើកទីប្រាំនេះ ក្រៅពីចំណុចនីតិវិធី ក៏នៅមានការពិភាក្សា លើចំណុចមួយចំនួនទៀត ដែលជាសំណូមពរ ទាំងភាគីកម្មករនិយោជិក និងខាងនិយោជក ក្នុងការដាក់បញ្ចូល ទៅក្នុងរបាយការណ៍លទ្ធផល ដើម្បីដាក់ជូនគណៈកម្មការប្រឹក្សាការងារ ពិនិត្យ និងពិភាក្សាបន្ថែម។
យ៉ាងណាក៏ដោយ លោក ហេងសួរ នៅមិនទាន់បញ្ជាក់ ពីតួរលេខនៃចំនួនប្រាក់ឈ្នួលនោះនៅឡើយ មកទល់ពេលនេះ ដោយលោកលើកឡើងថា វាកំពុងស្ថិតនៅក្នុង«ជម្រើស»ពីរ ដែលធាតុពិត នៃសំណល់ចុងក្រោយ មានតម្លៃស្មើគ្នា។ លោកបានបញ្ចាក់ នូវជម្រើសទាំងពីរយ៉ាងដូច្នេះថា «មួយវិធីឲ្យទៅហើយ ដកមកវិញ និងវិធីមួយទៀត ដកចេញទាំងអស់ ឃើញសំណល់តែម្តង។ តាមការពិតសំណល់ចុងក្រោយ នៅដូចគ្នា។ តែតួរលេខប៉ុន្មាន យើងសុំមិននិយាយទៅចុះ យ៉ាងហោចណាស់ ក៏យើងបានថ្លឹងថ្លែង សម្រាប់ភាគីទាំងសងខាង។»
អ្នកនាំពាក្យរូបនេះ បានបន្តថា ថ្វីបើខាងភាគីនិយោជន នៅតែប្រកាន់ជំហររបស់ខ្លួន ក្នុងតួរលេខមួយ តែក្នុងនាមជាអ្នកសម្របសម្រួល លោកបានស្នើឲ្យមានការបន្ថូបន្ថយ និងតម្លើង ស្របទៅតាមតម្រូវការចាំបាច់ប្រចាំថ្ងៃ របស់កម្មករនិយោជិក។ បើអ្វីដែលជាតម្រូវការ របស់កម្មករនិយោជិក ដែលលើសពីលទ្ធភាពរបស់និយោជកផ្តល់ឲ្យ នោះរាជរដ្ឋាភិបាលក៏នឹងមាន«វិធានការ ឬយន្តការកែសម្រួលមួយចំនួន»។
យ៉ាងណាក៏ដោយលោកសង្ឃឹមថា ភាគីនិយោជក និងទទួលយកសំណើររបស់រដ្ឋាភិបាល ក្នុងការសម្របសម្រួល និងធានាបាន នូវប្រាក់ខែអប្បបរមា សម្រាប់កម្មករនិយោជិក ដែលស្ថិតនៅលើបន្ទាត់នៃភាពក្រីក្រ។ លោកនិយាយទៀតថាថា ជំនួបចុងក្រោយនេះ នឹងទទួលបានលទ្ធផលជាវិជ្ជមានមួយ ដែលអាចទទួលយកបាន ព្រោះថា «ការកំណត់ប្រាក់ឈ្នួលអប្បរមា សម្រាប់ឆ្នាំ២០១៥នេះ ជាតួរលេខមួយ ដោយផ្អែកលើបច្ចេកទេស វិទ្យាសាស្រ្ត និងមានការស្រាវជ្រាវ គាំទ្រពីស្ថាប័នមួយចំនួនហើយ។ តួរលេខនេះ ក៏នឹងធ្វើឲ្យកេរ្តិ៍ឈ្មោះទំនាក់ទំនងវិជ្ជាជីវៈ មានភាពប្រសើរឡើង និងក៏អាចទាញកម្លាំងចិត្ត អ្នកបញ្ជាទិញមួយចំនួនត្រឡប់មកវិញ។»
អគ្គលេខាធិកា នៃសម្ព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរកម្ពុជា លោក គង់ អាទិត្យ បានគាំទ្រចំពោះលទ្ធផលនៃកិច្ចប្រជុំថ្ងៃនេះ ដែលបង្ហាញនូវលទ្ធផល ច្រើនជាងកិច្ចប្រជុំមុនៗ។ លោកបន្ថែមថា មានការគាំទ្រច្រើនពីភាគីរដ្ឋាភិបាល និងនិយោជក ដើម្បីការទទួលបាននូវសន្តិភាព សម្រាប់កម្មករនិយោជិក ក៏ដូចជាប្រទេសជាតិទាំងមូល ទៅអនាគត។
យ៉ាងណាក៏ដោយតំណាងនិយោជក មិនបានផ្តល់នូវចំណាប់អារម្មណ៍យ៉ាងណានោះទេ ចំពោះលទ្ធផលនៃកិច្ចប្រជុំលើកទីប្រាំនេះ។ តែតំណាងខាងនយោជនរូបនោះ គ្រាន់តែបញ្ជាក់ថា រង់ចាំលទ្ថផលនែកិច្ចប្រជុំបញ្ចប់ នាថ្ងៃទី៣០ ខែតុលា ខាងមុខនេះ។
សូមទស្សនាកិច្ចសម្ភាសន៍តំណាងត្រីភាគីដូចខាងក្រោម៖