ការ​លើក​ឡើង​ពី​លទ្ធផល​នៃ​ជំនួប​កំពូល​បក្ស​ទាំង​ពីរ មិន​ដូច​គ្នា

មានមតិពីផ្ទុយគ្នា ចំពោះលទ្ធផលនៃកិច្ចប្រជុំកំពូល នៃប្រធានក្រុមតំណាងរាស្រ្ត មតិភាគតិច និង​ភាគ​ច្រើន​នៃ​រដ្ឋសភា កាលពីល្ងាចម៉ោងប្រាំថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥។ សារព័ត៌មានមួយចំនួន បានស្រង់​ប្រភព​ពី​អង្គ​ប្រជុំ​នោះ មក​បញ្ជាក់​ថា កិច្ចប្រជុំនេះ មិនមានលទ្ធផលអ្វីឡើយ។ ឯសារព័ត៌មានមួយចំនួនទៀតថា មានលទ្ធផលច្រើន។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២ តុលា ២០១៥
  • កែប្រែចុងក្រោយ: October 08, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កិច្ចប្រជុំតែមួយ តែសារព័ត៌មានបានស្រង់ព័ត៌មាន យកមកផ្សាយ មានពីរប្រភេទ។ ក្រុមសារព័ត៌មានមួយ ថា​កិច្ច​ប្រជុំនេះ គ្មានលទ្ធផលអ្វីទេ ខណៈក្រុមសារព័ត៌មានមួយទៀត អះអាងថា មានលទ្ធផលច្រើនណាស់។ អត្ថបទរបស់វិទ្យុអាស៊ីសេរី ដែលបានដាក់ចំណងជើងរបស់ខ្លួនថា «ជំនួបកំពូលរវាងបក្សទាំងពីរ ផ្ដោត​លើ​វិសោធនកម្ម បទបញ្ជាផ្ទៃក្នុង មិនមានលទ្ធផល» បានសរសរថា៖ «ជំនួបកំពូលរវាងបក្សកាន់អំណាច និង​បក្ស​ប្រឆាំង ដែលផ្ដោតជាសំខាន់ ទៅលើការធ្វើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុងរដ្ឋសភា កាលពីល្ងាចថ្ងៃទី១ ខែ​តុលា បានបញ្ចប់ទៅ ដោយគ្មានលទ្ធផលអ្វីទាំងអស់។ ក្រុមមន្ត្រីនៃគណបក្សទាំងពីរ នឹងលើកទៅប្រជុំ នៅ​សប្ដាហ៍​ក្រោយ​ទៀត។»

ឯកាសែតភ្នំពេញប៉ុស្តិ៍ ក៏បានសរសេរ ដោយដាក់ចំណងជើងដែរថា «ជំនួបបក្សជាប់ឆ្នោត មិនទាន់ឃើញ​លទ្ធផល»។ ការសែតនេះបានបញ្ជាក់យ៉ាងដូច្នេះថា «មេដឹកនាំគណបក្សកាន់អំណាច លោកឧបនាយក​រដ្ឋមន្ត្រី ស ខេង និងមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី នៅតែមិនទាន់អាច ឈានទៅដល់​ការ​ធ្វើ​សេចក្តី​សម្រេច ជាក់លាក់ណាមួយ លើការធ្វើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុងរដ្ឋសភា នៅឡើយទេ បន្ទាប់ពី​កិច្ចប្រជុំ​បិទ​ទ្វារ អស់រយៈពេលពីរម៉ោងនៅរដ្ឋសភា កាលពីព្រលប់ម្សិលមិញ។

ដោយឡែក សារព័ត៌មានដើមអំពិល បានសរសេរ ដោយយោងការលើកឡើង របស់លោក អេង ឆៃអ៊ាង (មក​ពីគណបក្សសង្គ្រោះជាតិ) ថាជំនួននេះ ទទួលបាននូវមានភាពវិជ្ជមានច្រើន តែក៏មិនបានបង្ហាញ ពី​លទ្ធផល​នោះដែរ។ សារព័ត៌មាននេះ បានស្រង់សំដីលោក អេង ឆៃអ៊ាង មកបញ្ជាក់ថា៖ «មានចំណុច ដែលយើង​ឯកភាព​គ្នាច្រើន។ ប៉ុន្តែយើងមិនអាចយក មកធ្វើអត្ថាធិប្បាយអស់ទេ ហើយចំណុចដែលសេសសល់ហ្នឹង មិន​មែន​ជាចំណុច ដែលហៅថា តានតឹងទេ។ មិនមែនទេ និយាយឲ្យខ្លីទៅ បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាហ្នឹង វា​ខុស​គ្នា នឹងច្បាប់បោះឆ្នោតឃុំ-សង្កាត់។»

ចំពោះសារព័ត៌មានកម្ពុជាថ្មី វិញ បានស្រង់យកសំដីលោក អេង ឆៃអៀង និយាយថា គណៈកម្មការចំពោះកិច្ច របស់រដ្ឋសភា ដឹកនាំដោយលោក ប៉ែន បញ្ញា និងលោក អេង ឆៃអ៊ាង បានឯកភាពគ្នា ស្ទើរតែទាំងស្រុង។ ក្រោម​ចំនងជើងរបស់ខ្លួន ដែលបានសរសេរថា «ថ្នាក់ដឹកនាំក្រុមតំណាងរាស្ត្រ សំឡេងភាគតិចភាគច្រើន មិន​អាច​បញ្ចប់ ការធ្វើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុងរដ្ឋសភា» សារព័ត៌មាននេះបានសរសេរថា៖ «ការធ្វើ​វិសោធនកម្ម បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ហើយជាលទ្ធផល គណបក្សទាំងពីរបានស្តាប់ នូវរបាយការណ៍ ដែល​គណៈកម្មការចំពោះកិច្ច របស់រដ្ឋសភាក្នុងសិក្សាស្រាវជ្រាវ និងធ្វើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុងនៃ​រដ្ឋសភា ដែលដឹកនាំដោយលោក ប៉ែន បញ្ញា និងលោក អេង ឆៃអ៊ាង បានឯកភាពគ្នា ស្ទើរតែ​ទាំង​ស្រុង។ ហើយ​នៅ​សល់ ចំណុចបន្តិចបន្តួច ដែលថ្នាក់ដឹកនាំ បានប្រគល់ឲ្យគណៈកម្មការចំពោះកិច្ច យកទៅកែសម្រួល និង​យក​ទៅពិនិត្យឡើងវិញ នៅសប្ដាហ៍ក្រោយ ហើយលើក យកមកឲ្យថ្នាក់ដឹកនាំ ពិនិត្យសំរេចចុងក្រោយ។»

ប៉ុន្តែចំពោះទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដែលបានចុះទៅយកព័ត៌មានដែរនោះ មិនចង់ធ្វើការបកស្រាយ ថា​មាន​លទ្ធផល ឬគ្មាននោះទេ ប៉ុន្តែវីដេអូទាំងបីថតផ្តិត ដោយអ្នកសារព័ត៌មានរបស់ទស្សនាវដ្ដី នឹងជម្រាបជូន​មិត្ត​អ្នក​អាន ឲ្យជ្រាបទាំងស្រុង។ តាមទស្សនាដូចតទៅ៖




សូមជម្រាបជូនដែរថា ជំនួបប្រជុំកំពូល មានសមាជិកចូលរួម ៧រូប ទាំងសងខាង។ ខាងគណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំដោយលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ប៉ែន បញ្ញា, លោក សក់ សេដ្ឋា, លោក ហ៊ី សោភា, លោក អាយ ខន, លោក កើត រិទ្ធិ និងអ្នកស្រី ក្រូច សំអាង។ រីខាងគណបក្សសង្គ្រោះជាតិ ដឹកនាំ​ដោយ​លោក សម រង្ស៊ី ប្រធានគណបក្ស, លោក កឹម សុខា, លោក យឹម សុវណ្ណ, លោក អេង ឆៃអៀង, លោក យ៉ែម ប៉ុញ្ញឬទ្ធិ, លោក អ៊ូ ច័ន្ធរិទ្ធិ និងលោក សុន ឆ័យ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...