ជម្លោះព្រំដែន៖ «ហេង សំរិន ដឹកនាំរដ្ឋសភាបែបកុម្មុយនីស»
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី១៩ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 19, 2015
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«រដ្ឋសភាពុំបានចេញ លិខិតបេសកកម្មឲ្យឯកឧត្តម ចុះធ្វើកិច្ចការនេះទេ។ ដូច្នេះខ្ញុំមិនអនុញ្ញាត ឲ្យធ្វើសន្និសីទកាសែត នៅវិមានរដ្ឋសភាទេ។» នេះជាអ្វី ដែលគេអាចអានបាន នៅលើចំណារ ដោយផ្ទាល់ដៃ របស់លោក ហេង សំរិន ប្រធានរដ្ឋសភា ក្នុងការបដិសេធតំណាងរាស្ត្រកម្ពុជា មិនឲ្យធ្វើសន្និសីទការសែត នៅវិមានរដ្ឋសភា ទាក់ទងនឹងករណីព្រំដែនកម្ពុជា-វៀតណាម។ ការបដិសេធរបស់លោក ហេង សំរិន ពីការប្រើប្រាស់ផ្នែកណាមួយ នៃរដ្ឋសភាជាតិ ដោយអ្នកតំណាងរាស្ត្រ ដើម្បីបញ្ហា«ជាតិ»នេះ ត្រូវបានក្រុមអ្នកតំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិប្រតិកម្មខ្លាំងៗ ដោយបានចាត់ទុកការសម្រេចចិត្តនោះ ថាជាការយកវិមានរដ្ឋសភា ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ឬជារបស់បក្សពួកខ្លួន។
លោកតំណាងរាស្ត្រ ម៉ៅ មុនីវណ្ណ អនុប្រធានគណកម្មការទី៧ នៃរដ្ឋសភា មកពីគណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ក្នុងរដ្ឋសភាប្រជាធិបតេយ្យ ប្រធានរដ្ឋសភា មានសិទ្ធិត្រឹមតែ ដឹកនាំអង្គប្រជុំប៉ុណ្ណោះ។ ការបដិសេធរបស់លោក ហេង សំរិន ដោយយោងទៅលើលិខិត «បញ្ជាបេសកកម្ម» គឺជាការអនុវត្តតាមបែបផែន«កុម្មុយនីស» ដែលអ្វីៗ ត្រូវចាំបាច់មានអនុញ្ញាត ពី«អគ្គលេខាធិការមជ្ឈឹមបក្ស»។
កាលពីថ្ងៃទី១៧ ខែមិថុនា លោក ហេង សំរិន ប្រធានរដ្ឋសភា បានបដិសេធជាផ្លូវការភ្លាមៗ នូវស្នើសុំយកបន្ទប់ណាមួយ ក្នុងវិមានរដ្ឋសភា ដើម្បីធ្វើជាកន្លែង សម្រាប់សន្និសិទ្ធិសារព័ត៌មានមួយ របស់ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំង ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-វៀតណាម ដែលជាបញ្ហារបស់ជាតិ។ ចំណាររបស់អតីតប្រធាន «ក្រុមប្រឹក្សាបដិវត្តប្រជាជន (សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា)» លើលិខិតចុះថ្ងៃតែមួយនោះ មិនបានបង្ហាញ នូវហេតុផលជាក់លាក់ណាមួយ ដែលពាក់ព័ន្ធ នឹងការបដិសេធរបស់លោក ក្រៅតែពីពាក្យថា «រដ្ឋសភា ពុំបានចេញលិខិតបេសកកម្ម ឲ្យឯកឧត្តម ចុះធ្វើកិច្ចការនេះទេ» នោះឡើយ។
លោក ម៉ៅ មុនីវណ្ណ តំណាងរាស្ត្រមណ្ឌលកំពង់ចាម បានថ្លែងបន្តថា ការបដិសេធរបស់ប្រធានរដ្ឋសភា នាពេលនេះ បានបង្ហាញថា ប្រធានរដ្ឋសភា កំពុងប្រើប្រាស់នូវអំណាចជ្រុល ហួសពីអ្វីដែលបានកំណត់ ក្នុងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា និងថែមទាំងកំពុងរំលោភ លើរដ្ឋធម្មនុញ្ញទៀតផង។ លោកបានបញ្ជាក់ថា៖ «វិមានរដ្ឋសភា តំណាងរាស្រ្ត អាចមានសិទ្ធិប្រើប្រាស់ស្មើៗគ្នា។ បើខ្ញុំប្រើមិនបាន តែតំណាងរាស្រ្តបក្សកាន់អំណាចប្រើបាន (...) នោះមិនមែនជាសភាជាតិទេ ទៅជាសភាបក្សទៅវិញហើយ។ (...) តំណាងរាស្រ្ត ជាតំណាងឲ្យប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស តំណាងរាស្រ្តអាចចុះទៅគ្រប់ទីកន្លែង នៅទូទាំងប្រទេស។ (...) មិនចាំបាច់មានលិខិតបេសកម្មទេ តំណាងរាស្រ្តនោះ ក្នុងព្រះរាជាណាចក្រកម្ពុជា ចុះទៅកន្លែងណាក៏បានដែរ។ រឿងលិខិតបញ្ជាបេសកម្មហ្នឹង កុម្មុយនីសតើ? ចុះទៅណា ទាល់តែមានការអនុញ្ញាត ពីអគ្គលេខាធិការមជ្ឈឹមបក្ស (...) នោះជាជំនាន់កុម្មុយនីសទេ កុំចេះតែនឹកឃើញទៅរក ទាញៗទៅរកសភាកុម្មុយនីសនោះពេក។»
សម្រាប់តំណាងរាស្រ្តមណ្ឌលសៀមរាប លោក អ៊ុំ សំអាន មកពីគណបក្សសង្គ្រោះជាតិដូចគ្នា ក៏បានលើកឡើងប្រហែលគ្នានេះដែរ។ លោកបានអះអាងថា៖ «លិខិតបេសកកម្ម លែកលែងទៅ ក្នុងនាមគណកម្មការរដ្ឋសភា នោះជារឿងផ្សេង។ តែនេះយើងទៅ មិនមែនក្នុងនាមគណកម្មការសភាទេ ទៅក្នុងនាមតំណាងរាស្រ្ត។ ប្រជារាស្រ្តមានទុក្ខទីណា យើងមានសិទ្ធិអាចចុះទៅមើលបាន។»
លោក អ៊ុំ សំអាន បានបន្ថែមទៀតថា៖ «សភាជា សភារបស់ជាតិ មិនមែនរបស់សម្តេច ហេង សំរិន ឬរបស់គណបក្សប្រជាជនកម្ពុជាទេ។ អ្នកតំណាងរាស្រ្ត មានសិទ្ធិប្រើប្រាស់កន្លែងសភា សម្រាប់ផ្តល់ព័ត៌មាន ដល់ប្រជាពលរដ្ឋ សង្គមស៊ីវិល និងអ្នកសារព័ត៌មានបាន។ (...) ការសម្រេចរបស់គាត់ មានភាពលំអៀង ព្រោះប្រសិនជាតំណាងរាស្រ្តគណបក្សប្រជាជន គាត់ប្រាកដជាឲ្យកន្លែងហ្នឹង ធ្វើសន្និសីទការសែត។»
ប្រធានកម្មវិធីសិទ្ធិការងារ នៃមជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍ លោក មឿង តុលា បានបង្ហាញការយល់ឃើញរបស់ខ្លួនថា តំណាងរាស្រ្ត ជាតំណាងដែលត្រូវ មើលការខុសត្រូវ និងសុខទុក្ខរបស់រាស្រ្តទាំងអស់ ដែលមានទុក និងជួបបញ្ហានានា។ លោកបានសរសេរ នៅលើជញ្ជាំងហ្វេសប៊ុករបស់លោកថា៖ «ប្រជាពលរដ្ឋបានបោះឆ្នោត ជ្រើសរើសតំណាងរបស់ខ្លួន នៅក្នុងរដ្ឋសភា។ ហើយបើម្ចាស់ឆ្នោតមានទុក្ខ តំណាងរាស្ត្រចង់ទៅជួយ តែប្រធានសភាមិនព្រម ហើយមិនអាចជួយម្ចាស់ឆ្នោតបាន តើនេះមិនទៅជារឿងវ៉ល់ៗទៅហើយ!»
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបង្ហាញ និងបញ្ជាក់បន្ថែមពីអ្នកនាំពាក្យរដ្ឋសភាបានទេ នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥នេះ ដោយទូរស័ព្ទរបស់លោក ពុំមានអ្នកទទួល។ ហើយគេនៅពុំយល់ពីហេតុអ្វី ក៏ការសុំទីកន្លែងមួយ ក្នុងវិមានរដ្ឋសភា សម្រាប់ធ្វើសន្និសីទសារព័ត៌មាន ក្រុមតំណាងរាស្ត្រចាំបាច់ត្រូវធ្វើការសុំការអនុញ្ញាត ពីប្រធានរដ្ឋសភាបែបនេះឬ? សំនួរបានបន្តចោទទៀតថា បើប្រធានរដ្ឋសភា មានអំណាចគ្រប់គ្រងលើដំណើរការទូទៅ របស់រដ្ឋសភា ចុះលេខាធិការដ្ឋានរដ្ឋសភា ដែលត្រូវបានបង្កើតមកនោះ មានតួនាទីជាអ្វីទៅ?
សម្រាប់លោក លោក ម៉ៅ មុនីវណ្ណ ក៏ដូចជាក្រុមតំណាងរាស្រ្ត គណបក្សសង្គ្រោះជាតិ នៅតែរក្សាជំហរ ក្នុងការធ្វើសន្និសីសារព័ត៌មាន ស្តីពីបញ្ហា ព្រំដែនកម្ពុជា-វៀតណាមនេះដដែល។ ក្រុមតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ នឹងជួបពិភាក្សាគ្នាជាថ្មី លើការសម្រេចស្វែងរកទីតាំងដ៏សមគួរ សម្រាប់សន្និសីទសារព៍ត៌មាននេះ នាពេលខាងមុខ៕