កែម ឡី៖ នៅទីផ្សារថ្លៃ៣រយរៀល តែរដ្ឋទិញ ៥ពាន់រៀល!
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ១៣ -ភ្នំពេញថ្ងៃទី មីនា ២០១៥
- កែប្រែចុងក្រោយ: March 14, 2015
- ប្រធានបទ: ពុករលួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រៅពីឯកសារសំងាត់ ពាក់ព័ន្ធនឹងសន្តិសុខរបស់ជាតិ គ្មានឯកសារណាមួយ ដែលរដ្ឋត្រូវលាក់ការណ៍នោះទេ។ បើសិនជាលាក់ការណ៍ មានន័យថា ឯកសានោះ មានភាពមិនប្រក្រតី និងអំពើពុករលួយ កើតឡើងហើយ។ នេះជាការថ្លែង របស់លោក កែម ឡី អ្នកឃ្លាំមើល និងស្រាវជ្រាវផ្នែកសង្គម ក្នុងកិច្ចសម្ភាសជាមួយ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ។ លោក កែម ឡី បានថ្លែងឡើងថា៖ «វាមិនមានអ្វីត្រូវលាក់លៀមទេ ត្រូវតែឲ្យសារធារណៈជនឃើញ។ បើលាក់លៀមនោះ ជារបបកុម្មុយនីស។ (...) ក្នុងនាមតំណាងឲ្យរដ្ឋ ត្រូវមានការទទួលខុសត្រូវឲ្យរដ្ឋ។ ត្រូវមានគោលការតម្លាភាព ដោយដាក់តាំងបង្ហាញ តាមគេហទំព័រ ចែកចាយតាមសារព័ត៌មាន និងអនុញ្ញាត ឲ្យអ្នកសង្ស័យណាម្នាក់ ចូលមើលតាមចិត្ត។»
ការលើកឡើង របស់លោក កែម ឡី បានធ្វើឡើង តាមការសាកសួររបស់ទស្សនាវដ្ដី ទាក់ទងទៅនឹងការបដិសេធជាលើកទីពីរ របស់លោក ជាម យៀប តំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា ជំទាស់នឹងការចោទប្រកាន់ របស់លោក សុន ឆ័យ ដែលថា សភាបានប្រើប្រាស់ថវិកា អស់ចំនួនប្រមាណ ជាង១១លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៤កន្លងមកនេះ។ ថ្លែងបដិសេធ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥ ម្សិលម៉ិញនេះ លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា (គណៈកម្មាធិការទី២នៃរដ្ឋសភា) បានចាត់ទុកការស្រាវជ្រាវ និងការចោទប្រកាន់ របល់លោក សុន ឆ័យ តំណាងរាស្ត្រពីគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានរបសលោកនោះ ថាគ្មានភស្តុតាងត្រឹមត្រូវឡើយ។
លោក សុន ឆ័យ បានលើកឡើង កាលពីថ្ងៃទី១១ ខែមីនាថា ក្នុងឆ្នាំ២០១៤កន្លងទៅនេះ រដ្ឋសភាបានប្រើប្រាស់ថវិកាប្រមាណជាង ១១លានដុល្លាអាមេរិក លើការងារផ្សេងៗ។ ហើយចំណាយទាំងនោះ គ្មានការត្រួតពិនិត្យពីមន្រ្តីពាក់ព័ន្ធ នៃរដ្ឋសភា ឲ្យបានត្រឹមត្រូវនោះទេ។ មន្រ្តីគណបក្សប្រឆាំងរូបនេះ បានបញ្ជាក់ថា៖ «ការបាត់លុយក្នុងរដ្ឋសភា ព្រោះតែករណីពីរយ៉ាង។ ទីមួយ ពាក់ព័ន្ធនឹងការចំណាយលើសវនកម្ម ដូចជា រដ្ឋសភាទទួលភ្ញៀវ មកទស្សនាក្នុងប្រទេស បេសកម្មមន្រ្តីរដ្ឋសភា ទៅក្រៅប្រទេសជាដើម ពិតជាបានចំណាយខ្ជះខ្ជាយខ្លាំងមែន។ និងទីពីរ ការចំណាយលើសម្ភារៈ និងការសាងសង់រដ្ឋសភាជាដើម។ លោកបន្តថា ចំណាយទាំងនោះ ពិតជាអស់ពី១១ ទៅ១២ លានដុល្លា។»
សូមរំលឹកដែរថា កាលពីថ្មីៗនេះ លោក សុន ឆ័យ ធ្លាប់បានសាកសួរ បញ្ហាចំណាយនានារបស់រដ្ឋសភា លើបុគ្គលិករដ្ឋសភា និងបញ្ហាគ្រួសារនិយម ធ្វើការក្នុងរដ្ឋសភាពីលោក ឡេង ប៉េងឡុង ដែលជាអគ្គលេខាធិការនៃរដ្ឋសភា។ ប៉ុន្តែករណីនេះ ក៏ត្រូវបានប្រកាស ឲ្យបិទការស៊ើបអង្កេត ដោយប្រធានរដ្ឋសភា លោក ហេង សំរិន។
ឯកសារចំណាយទាំងអស់ត្រូវបានលោក ឡេង ប៉េងឡុង អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា មិនបង្ហាញ និង មិនឆ្លើយបំភ្លឺ និងបានផ្តល់ឯកសារពាក់ព័ន្ធនឹងការចំណាយ និងបញ្ជីនានា ពាក់ព័ន្ធនឹងការចំណាយ ដល់គណៈកម្មការទី២រដ្ឋសភានោះទេ។ នេះបើតាមការបន្ថែម របស់លោក សុន ឆ័យ។
ឯលោក ឡេង ប៉េងឡុង និងលោក មិត្ត ការ៉េន បានគេចមិនផ្តល់កិច្ចសម្ភាស ដល់អ្នកសារព័ត៌មាន និងមិននិយាយអ្វីឡើយ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ជាមួយក្រុមការងារ កាលពីថ្ងៃទី១០ ខេមីនា ឆ្នាំ២០១៥នេះ។ នៅក្នុងកិច្ចប្រជុំនោះ បើតាមលោក សុន ស័យ បានបញ្ជក់ថា លោក ឡេង ប៉េងឡុង មិនហ៊ានឆ្លើយ ឬពន្យល់អ្វីពីការចំណាយ របស់រដ្ឋសភានោះទេ។ លោក សុន ឆ័យ បានបញ្ជាក់ជូនទៅលោក មិត្ត ការ៉េន ក្នុងកិច្ចប្រជុំថា «អំពើលួចថវិកាជាតិ ជាអំពើឧក្រិដ្ឋ។ ការតែងតាំងបុគ្គលិក ជាគ្រួសារ ឬដោយសំណូក នៅក្នុងតួនាទី ជាអំពើឧក្រិដ្ឋ មានចែងក្នុងក្រមព្រហ្មទណ្ឌ»។
លោក សុន ឆ័យ បានលើកឡើងថា «សមាជិកគណៈកម្មការទី២ បានទៅអង្កេតការដេញថ្លៃ គម្រោងទង់ជាតិកំណត់ ក្នុងសំណើរចំណាយថវិកា ក្នុងតម្លៃ៣៥០០០ដុល្លារ ក្នុងដងទង់ជាតិមួយ។ (…) យើងទៅឃើញមានភាពមិនប្រក្រតី។ គណៈកម្មការទី២រដ្ឋសភាហ្នឹង មានភារកិច្ចសវនកម្មដែរ ប៉ុន្តែខាងអគ្គលេខាធិការ គាត់លាក់ឯកសារ។ យើងក៏បានប្រាប់ ឲ្យអគ្គលេខាធិការដ្ឋានហ្នឹង យល់ឲ្យបានច្បាស់ថា មានភាពមិនប្រក្រតីច្រើនណាស់ តាំងពីការដាក់ក្រុមគ្រួសារក្នុងតួនាទី ការចាយវាយពាក់ព័ន្ធ នឹងការទទួលភ្ញៀវ និងបេសកកម្មដែលមានទំហំទឹកប្រាក់ ១១លានដុល្លារកន្លះ ក្នុងមួយឆ្នាំ ក្នុងនោះមានការទិញរថយន្ត ការទិញម៉ាស៊ីនថតចម្លង អីហូរហែហ្នឹង គឺសុំឲ្យគាត់ផ្តល់ឯកសារ។»
អ្នកឃ្លាំមើល និងស្រាវជ្រាវផ្នែកសង្គម លោក កែម ឡី បានពន្យល់លើករណីខាងលើថា ក្នុងសង្គមកម្ពុជា ត្រូវបានគេមើលឃើញជាទូទៅថា រាល់របាយការណ៍ថវិការ ដែលចេញដោយរដ្ឋ ក្នុងការបញ្ជាទិញអ្វីមួយនោះ តែងតែដាក់តម្លៃលើស ពីតម្លៃទីផ្សារ រាប់រយដងទៅទៀត។ ដូច្នេះ ដងទង់ជាតិមួយ មានតម្លៃជាងបីម៉ឺនដុល្លានោះ មិនមានអ្វីចំឡែកឡើយ។ លោក បានថ្លែងឲ្យដឹងថា៖ «គ្រប់ខ្ទង់ថវិការរបស់រដ្ឋភាគច្រើន មានតម្លៃខ្ញស់ជាង ទីផ្សារ ដប់ម្ផៃ ឬរាប់រយដង។ (...) ជាការកេងប្រវ័ញ្ចតែម្តង។ (...) ឧទាហរណ៍ថ្នាំប៉ារ៉ា លើទីផ្សារតម្លៃត្រឹមតែបី ឬបួនរយរៀលទេ តែរដ្ឋ(ក្រសួងពាក់ព័ន្ធ)ដាក់តម្លៃទិញ ពីរពាន់ រហូតដល់ប្រាំពាន់រៀល ក៏មាន។ (...) ឯអចលនៈទ្រព្យវិញ ក៏គ្មានអ្វីចំឡែកដែរ ដូចតែគ្នាហ្នឹង..។ (...) ចង់ដឹងច្បាស់ យកតារាងតម្លៃអចលនៈទ្រព្យ កំណត់ដោយរដ្ឋ មកផ្ទៀងតម្លៃលើទីផ្សារ ជាក់ស្តែងឃើញអំពើពុករលួយ ដ៏សម្បើមអស្ចារ្យបាត់ទៅហើយ។»
លោក កែម ឡី បានបន្ថែមថា ការស្រាវជ្រាវរបស់លោក សុន ឆ័យ ជារឿងល្អ បើនេះជាការពិត ក្នុងការស្វែងរកប្រយោជន៍សម្រាប់ជាតិ។ លោកបន្តថា ព្រោះមាន អ្នកនយោបាយភាគច្រើន តែងប្រើប្រាស់អ្វី ដែលមានផលប្រយោជន៍សម្រាប់ខ្លួនឯងដូចជា ការបកស្រាយ ឬចោទប្រកាន់គឺ ដើម្បីផលចំណេញ ខាងផ្នែកនយោបាយរបស់ខ្លួនប៉ុណ្ណោះ។ ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាល ឬរដ្ឋសភា អាចជួលសវនកម្មឯករាជ្យ មួយមកធ្វើការ សវនកម្ម ហើយយករបាយការណ៍នោះ មកធ្វើ្កការពិភាក្សា ទើបស្វែងរកការពិតឃើញ៕