«អ្នកយកភាស៊ីចល័ត ចេញមួយចូលមួយ នៅផ្សារដើមគ!»
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១១ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 21, 2015
- ប្រធានបទ: ជ្រុងមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកយកភាស៊ី នៅផ្សារដើមគ មានវិធីសាស្ត្រមកយកភាស៊ី តាមបែបចល័តគ្នា យ៉ាងពិសេស ចេញមួយចូលមួយ បន្តគ្នាមិនចេះដាច់។ នេះបើតាមការរអ៊ូរទាំ របស់ក្រុមអាជីវករមួយចំនួន នៅទីនោះ។
ស្រ្តីអាជីវករម្នាក់ នៅលើបណ្ដោយផ្លូវ ៣៣៦ បានរៀបរាប់ ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា អ្នកស្រីលក់មិនបានចំណេញប៉ុន្មានទេ ព្រោះត្រូវចំណាយប្រាក់ សម្រាប់ភាស៊ីប្រចាំថ្ងៃច្រើនហួស ។ នេះ អ្នកស្រីនៅមិនទាន់និយាយ ដល់ថ្ងៃខ្លះ ដែលលក់មិនដាច់នោះផង។ អ្នកស្រី បានលើកឡើងថា អ្នកយកភាស៊ីម្នាក់ ដើរចេញមិនទាន់ផុត ពីកន្លែងលក់ផង ស្រាប់តែមានម្នាក់ទៀត មកយកបន្តពីក្រោយ។
អ្នកស្រីមិនដឹងថា អ្នកយកភាស៊ីទាំងនោះ មកពីខាងណាឲ្យច្បាស់ទេ ព្រោះមានអ្នកខ្លះ ពាក់ឯកសណ្ឋាន ហើយអ្នកខ្លះ គ្មានឯកសណ្ឋានទេ គឺស្លៀកពាក់ស៊ីវិល។ អ្នកខ្លះខុសកន្លែង ក៏មកយកភាស៊ីដែរ បើទោះជាកន្លែងនេះ មិនមែនជាទីតាំង របស់ខ្លូនក៏ដោយ។
អ្នកលក់រូបនេះ បានបញ្ជាក់ទៀតថា មួយថ្ងៃអ្នកស្រីចំណាយ លើថ្លៃអ្នកដើរយកភាស៊ីនេះ ប្រមាណ ៥ពាន់រៀល ទៅ៧ពាន់រៀលហើយ។ អ្នកស្រីអះអាងថា មានថ្ងៃខ្លះ មិនមានចំណេញអ្វីទាំងអស់ ខណៈដែលលក់មិនដាច់ហើយ ត្រូវបង់ថ្លៃភាស៊ីឲ្យរដឹកទៀតនោះ។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបំភ្លឺ ពីលោកអភិបាលរង ខណ្ឌទួលគោកបានទេ ពាក់ព័ន្ធនឹងករណីអ្នកយកភាស៊ី មានចំនួនច្រើន រហូតដល់អាជីវកររអ៊ូនេះ ដោយទូរស័ព្ទរបស់លោក មិនអាចទាក់ទងបាន។ តែយ៉ាងណា អាជីវករបានសំណូមពរថា សូមឲ្យអ្នកដែលពាក់ព័ន្ធ មេត្តាដោះស្រាយបញ្ហានេះផង ព្រោះអាជីវករខ្លះ មិនមានប្រាក់ចំណូលគ្រប់គ្រាន់ សម្រាប់បង់ថ្លៃភាស៊ី ដែលបានចល័តជាប់គ្នា ឲ្យរដឹកដូច្នេះឡើយ៕