ចុង២០១៥ អង្គការ​៦​នឹង​ទទួល​វិញ្ញាបន​បត្រ​​ផ្នែក​អភិបាល​កិច្ច​ល្អ

សង្គមស៊ីវិលចំនួនយ៉ាងហោចប្រាំមួយ ក្នុងចំណោមសង្គមស៊ីវិលជាងសែសិប លើវិស័យផ្សេងៗគ្នា នៅ​កម្ពុជា នឹង​ទទួល​បាន​វិញ្ញាបនបត្រ ខាងកម្មវិធីអភិបាលកិច្ច និងការប្រតិបត្តិ ប្រកបដោយវិជ្ជាជីវៈ ហៅ​កាត់​ថា ជីភីភី (GPP) សម្រាប់​ឆ្នាំ​២០១៥។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី១២ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 21, 2015
  • ប្រធានបទ: អភិបាលកិច្ច
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដោយផ្អែកលើការវាយតម្លៃមួយដ៏សមរម្យ ភាពត្រឹមត្រូវ មានឯករាជ្យ និងយុត្តិធម៌ ជាមួយនឹង​ជំនាញខាង​វិជ្ជា​ជីវៈ ចុងឆ្នាំ២០១៥ ខាងមុខនេះ យ៉ាងហោចណាស់ អង្គការសង្គមស៊ីវិលចំនួនប្រាំមួយ ដែលនឹងត្រូវទទួល​បាន នូវវិញ្ញាបនបត្រ ខាងអនុវត្តការងារល្អប្រចាំឆ្នាំ។ តំណាងគណៈកម្មាធិការកម្មវិធី អភិបាលកិច្ច និងការប្រតិបត្តិ ប្រកបដោយវិជ្ជាជីវៈ បានលើកឡើងថា GPP ជាប្រព័ន្ធវិញ្ញាបនបត្រស្ម័គ្រចិត្តមួយ ដែលធ្វើការដាក់ពិន្ទុ ទៅលើ​អង្គការសង្គមស៊ីវិលណា ដែលស្នើសុំ ដើម្បីធ្វើការវាស់ស្ទង់កម្រិត នៃការអនុវត្តរបស់ខ្លួន។

លោក ឈន វឌ្ឍនៈ ប្រធានកម្មវិធីអភិបាលកិច្ច និងការប្រតិបត្តិប្រកបដោយវិជ្ជាជីវៈ បានបង្ហាញថា អង្គការ​ណា​ក៏ដោយ អាចធ្វើការស្នើសុំ ធ្វើការវាស់ស្ទង់បាន ប្រសិនបើអង្គការនោះចង់ដឹងថា តើអង្គការរបស់ខ្លួន ដែលកំពុង​ដំណើរការបច្ចុប្បន្ននេះ មានលក្ខណៈប្រកបដោយវិជ្ជាជីវៈ ឬយ៉ាងណា? អង្គការទាំងនោះ មិនចាំបាច់​ចំណាយ​ថវិការ ហើយក៏មិនបានទទួលថវិការអ្វី ពីកម្មវិធីរបស់លោកនោះដែរ។ លោកបានឲ្យដឹងថា សុពលភាពក្នុង​ការ​ប្រើប្រាស់ នូវវិញ្ញាបនបត្រនេះ នឹងត្រូវសើរើ ត្រួតពិនិត្យ និងវាយតម្លៃឡើងវិញ ក្នុងរយៈពេលបីឆ្នាំម្តង ដោយ​ឈរ​លើគោលការណ៍សំខាន់ ចំនួន៥យ៉ាង៖

១) ប្រព័ន្ធអភិបាលកិច្ចល្អ តើគាត់បានប្រតិបត្តិបានត្រឹមត្រូវហើយឬនៅ?
២) សម្ព័ន្ធភាព និងការទំនាក់ទំនងទាំងថ្នាក់ដឹកនាំ ជាមួយនឹងការឲ្យតម្លៃលើបុគ្គលិក។
៣) ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ តើមានប្រព័ន្ធ និងគោលនយោបាយផ្នែកនេះ បានត្រឹមត្រូវ ឬនៅ?
៤) តើមានគណនេយ្យភាព និងតម្លាភាពកម្រិតណា?
៥) តើគាត់មានប្រព័ន្ធគ្រប់គ្រង គុណភាពរបស់អង្គការគាត់ មានប្រសិទ្ធភាពឬអត់?

លោក វឌ្ឍនៈ បានសង្កត់ធ្ងន់ថា វិញ្ញាបនបត្រនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់សង្គមស៊ីវិល ទាំងទំនុកចិត្ត ពី​ម្ចាស់ជំនួយ និងនិរន្តរភាពរបស់ខ្លួន និងដើម្បីបង្ហាញពីការគ្រប់គ្រងល្អ របស់អង្កការទាំងនោះ ថាគ្មានអំពើ​ពុករលួយ មានតម្លាភាពជាដើម។

ខាងក្រោមនេះ ជាការបកស្រាយទាំងស្រុង របស់លោក ឈន វឌ្ឍនៈ៖

ការប្រកាសថាអង្គការសង្គមស៊ីវិលទាំង៦ ដែលនឹងទទួលវិញ្ញាបនបត្រនេះ ត្រូវបានធ្វើឡើង នៅក្នុងវេទិការ​អង្គការ​​មិនមែនរដ្ឋាភិបាលមួយ ស្តីពី«អភិបាលកិច្ច និងការផ្តល់ហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍ របស់​អង្គការ​សង្គមស៊ីវិល» កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥ កន្លងមកនេះ។ អង្គការសង្គមស៊ីវិលទាំង៦ រួមមាន៖ គណៈ​កម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា, អង្គការកម្ពុជាប្រឆាំងទុរភិក្ស និងហិង្សា, អង្គការក្រុមទ្រទ្រង់ភូមិ, អង្គការ​អ្នកក្សេត្រសាស្ត្រ, អង្គការយុវតារា, អង្គការអភិវឌ្ឍន៍ស្ត្រីក្រីក្រក្នុងទីក្រុង, និងអង្គការសត្វគ្មានព្រំដែន។

អង្គការសង្គមស៊ីវិលទាំង៦ បានដាក់ការរំពឹងរបស់ខ្លួន ថាវិញ្ញាបនបត្រ ដែលខ្លួន នឹងបានទទួលនោះ នឹងដើរ​តួនាទីយ៉ាងសំខាន់ ដើម្បីចូលរួមលើកកំពស់ គ្រប់អង្គការសង្គមស៊ីវិលទាំងអស់ ឲ្យមានអភិបាលកិច្ចល្អ ប្រកប​ដោយតម្លាភាព មានគណនេយ្យភាព និងការប្រតិបត្តិស្របដោយវិជ្ជាជីវៈ។

អ្នកស្រី ស៊ុំ សាម៉ុន នាយិកាប្រតិបត្តិ នៃអង្គការអភិវឌ្ឍន៍ស្ត្រីក្រីក្រក្នុងទីក្រុង ហៅកាត់ជាភាសាអង់គ្លេសថា UPWD បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា វិញ្ញាបនបត្រនេះ អាចជាកម្លាំងចិត្តមួយថ្មី សម្រាប់អង្គការ​ទាំង​អស់ ក្នុងការជម្រុញឲ្យការងាររបស់ខ្លួន អាចអនុវត្តទៅបាន ប្រកបដោយតម្លាភាព គណនេយ្យភាព និង​ពោរ​ពេញ​ដោយវិជ្ជាជីវៈ។

ក្នុងនាមអង្គការសង្គមស៊ីវិលមួយ ក្នុងចំណោមសង្គមស៊ីវិលទាំង៦ ដែលនឹងទទួលបាននូវវិញ្ញាបនបត្រ GPP នៅចុងឆ្នាំ២០១៥នេះ អ្នកស្រីបានថ្លែងឲ្យដឹងថា៖ «រាជរដ្ឋាភិបាល គួរតែយកចិត្តទុកដាក់ គិតគូរចំពោះ​សង្គម​ស៊ីវិល ដែលទទួលបានប្រព័ន្ធ GPP នេះ ដើម្បីជំរុញឲ្យសង្គមស៊ីវិលទាំងនោះ មានកម្លាំងចិត្ត ធ្វើការប្រកប​ដោយ​កិច្ចអភិវឌ្ឍសង្គមមួយ ដែលមានប្រសិទ្ធភាពខ្ពស់»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...