នរោត្តម រណឫទ្ធិ៖ ត្រូវមានច្បាប់ NGO តែ NGO ក៏ជាអ្នកសម្រេចដែរ
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី១៨ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 19, 2015
- ប្រធានបទ: ច្បាប់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រសិនបើសេចក្ដីព្រាងច្បាប់ ស្តីពី«សមាគម និងអង្គការក្រៅរដ្ឋាភិបាល» កំពុងត្រូវបានរដ្ឋសភាកម្ពុជា ទទួលយកមកពិនិត្យ បន្ទាប់រងនូវភាពចម្រូងចម្រាស រវាងរដ្ឋាភិបាល និងក្រុមអង្គការសង្គមស៊ីវិលនោះ ស្រាប់តែពេលនេះ គេបានឮប្រតិកម្មជាលើកដំបូង រស់ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ប្រធានគណបក្សហ្វុនស៊ីនប៉ិច ដោយព្រះអង្គបានគាំទ្រ ឲ្យមានច្បាប់នេះ នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែប្រធានគណបក្សហ្វុនស៊ីនប៉ិចអង្គនេះ បានមានបន្ទូលថា ក្រុមអង្គការសង្គមស៊ីវិល ក៏គួរជាអ្នកសម្រេច ទៅលើច្បាប់នេះដែរ។
ការលើកឡើងរបស់ព្រះអង្គ ត្រូវបានធ្វើឡើង នៅចំពោះមុខ ក្រុមអ្នកសារព័ត៌មាន នាស្នាក់ការគណបក្សហ្វុនស៊ីនប៉ិច កាលបីព្រឹកថ្ងៃទី១៨ ខេមិថុនា ឆ្នាំ២០១៥។ ព្រះរាជបុត្រ នៃអតីតព្រះមហារវក្សត្រ នរោត្ដម សីហនុ បានបង្ហាញ ពីការយល់ឃើញរបស់ទ្រង់ថា អង្គការក្រៅរដ្ឋាភិបាល មានតួនាទីធំធេង ក្នុងសង្គមកម្ពុជា។ ព្រះអង្គបានលើកឡើងថា ដើម្បី ថែរក្សានូវអ្វី ដែលជាតម្រូវការ របស់មនុស្សទាំងអស់គ្នា ដូចជាលិទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីធានា នូវអព្យាក្រិត្យភាពនយោបាយ (របស់អង្គការសង្គមស៊ីវិល) ជាដើម ជូនដល់ប្រទេសជាតិទាំងមូលនោះ អង្គការក្រៅរដ្ឋាភិបាលទាំងនោះ ត្រូវតែមានតួនាទីច្បាស់លាស់ អាចធានាដោយច្បាប់ ជាធរមាននៅកម្ពុជា។
ព្រះអង្គបានបង្ហាញនូវការសោកស្តាយ ដែលគណបក្សរបស់ព្រះអង្គ មិនមានវត្តមាននៅក្នុងរដ្ឋសភា ដើម្បីចូលរួម ធ្វើការជជែកដេញដោល ឬវិភាគលើច្បាប់មួយនេះ។ យ៉ាងណាក៏ដោយ ព្រះអង្គនៅតែបញ្ជាក់ ពីជំហរផ្ទាល់របស់ទ្រង់ថា ច្បាប់គ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាលនេះ សម្រាប់កម្ពុជាដាច់ខាតត្រូវតែមាន។ ប៉ុន្តែច្បាប់នេះទៀតសោត ដាច់ខាតក៏ត្រូវស្ថិត ក្រោមការត្រួតពិនិត្យ វាយតម្លៃ វែកញែក ពិភាក្សា និងសម្រេច ពីក្រុមអង្គការសង្គមស៊ីវិលដែរ។ តាមនយោបាយរបស់គណបក្សហ្វុនស៊ីនប៉ិច ព្រះអង្គបញ្ជាក់ថា៖ «ប្រគល់តួនាទីដ៏ធំបំផុត ដល់អង្គការក្រៅរដ្ឋាភិបាល (ដើម្បីពិនិត្យ ពិភាក្សា ផ្តល់យោបល់ និងសម្រេចលើច្បាប់មួយនេះ)»៕