បោះនុយនាំជ្រូកព្រៃឲ្យក្រពើខាំ ដើម្បីបង្ហាញទេសចរណ៍
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៩ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 20, 2015
- ប្រធានបទ: ហួសចិត្ត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រសិនបើក្រពើ ជាសត្វសាហាវ តែមនុស្សបានធ្វើ នូវអំពើសាហាវជាងសត្វក្រពើ រាប់សិបដង។ នៅក្នុងរដ្ឋ ល្វីសាន (Louisiane) សហរដ្ឋអាមេរិក ក្រុមអ្នកទេសចរណ៍ធម្មជាតិ បានទស្សនានូវឈុតឆាកដ៏រន្ធត់មួយ នៅពេលដែលពួកគេ ត្រូវបានដឹកតាមកាណូត ទៅក្នុងដំណើរកំសាន្ដ ឈ្មោះហៅថា «Pearl River Eco-Tours» នៅលើទន្លេ ភៀល ដែលសម្បូរទៅដោយសត្វព្រៃ ជាពិសេសសត្វក្រពើ។
ក្នុងពេលដែលហ្វូងជ្រូកព្រៃជាច្រើនក្បាល បានចូលមករកចំណី និងផឹកទឹកទន្លេនោះ នរណាក៏បានដឹងដែរថា នៅមិនឆ្ងាយពីទីនោះ មានសត្វក្រពើមួយក្បាល កំពុងតាមសង្កេតមើល ហ្វូងសត្វចតុបាតទាំងនេះ ដើម្បីរង់ចាំមើលឱកាសមកដល់។ ប៉ុន្តែមិនចាំបាច់ឱកាស ដែលនឹងកើតឡើង ដោយឯកឯងនោះឡើយ ព្រោះមគ្គទេសទេសចរណ៍មួយរូប ដែលស្ថិតនៅលើកាណូត បានបោះនុយជាចំណីជាច្រើន ទៅឲ្យជ្រូកព្រៃមួយក្បាល ដើម្បីឲ្យសត្វតិរច្ឆានមួយក្បាល ពីក្នុងចំណោមនោះ តាមមករកស៊ីចំណី និងរំកិលខ្លួន ឲ្យមកកៀកជាមួយសត្វក្រពើ។
បណ្ដាទេសចរណ៍ ដែលនៅលើកាណូត ដែលចង់មើលឈុតឆាកនេះ ពិតជាមិនខុសបំណងទេ ព្រោះសត្វក្រពើបានបើកមាត់របស់វា ហើយស្ទុះទៅត្របាក់យកសត្វជ្រូកព្រៃ ដូចការគ្រោងទុករបស់មគ្គុទេសនោះមែន។ មាត់ក្រពើ ដែលបានត្របាក់អ្វីមួយហើយ វាមានកម្លាំងខ្លាំងណាស់ ហើយមិនងាយនឹងព្រលែង ឬបើកវិញដោយស្រួលៗនោះឡើយ ហើយសត្វជ្រូកព្រៃ ដែលត្រូវបានក្រពើខាំយកនោះ ក៏ត្រូវបានសត្វដ៏សាហាវមួយនេះ ទាញនាំចូលទៅក្នុងទីទឹកជ្រៅបាត់ដែរ។
វីដេអូនេះ ត្រូវបានបង្ហោះនៅលើអ៊ិនធើណែត ហើយបានបង្កឲ្យមានប្រតិកម្មមិនតិចទេ ពីបណ្ដាមហាជនទូទៅ និងជាពិសេសពីសំណាក់ អ្នកការពារស្រឡាញ់សត្វ។ ប៉ុន្តែករណីនេះ មិនមែនជាលើកទីមួយទេ ព្រោះកាលពីសប្ដាហ៍មុន វីដេអូមួយទៀត ក៏ត្រូវបានគេបង្ហោះ ទៅលើអ៊ិនធើណែត មានលក្ខណៈស្រដៀងគ្នានេះដែរ។ នៅក្នុងអាងចិញ្ចឹមក្រពើមួយ ក្នុងក្រុង អ៊ីគីតូស (Iquitos) នៃប្រទេសប៉េរូ (ទ្វីបអាមេរិកខាងត្បូង) សត្វឆ្មារមួយក្បាល ត្រូវបានគេបោះចូលទៅ ក្នុងចំណោមហ្វូងក្រពើ ក្រោមសម្លេងសើចក្អាកក្អាយ ពីអ្នកបានឃើញឈុតឆាកនេះ។
ហេតុការណ៍បោះសត្វឆ្មារ ចូលទៅក្នុងអាងក្រពើនេះ ត្រូវបានសារព័ត៌មានជាច្រើន នៅប្រទេសប៉េរូ ធ្វើរបាយការណ៍អង្កេត ដោយបានអះអាងថា ម្ចាស់អាងចិញ្ចឹមក្រពើ ទំនងជាត្រូវបានអាជ្ញាធរសង្ស័យ ពីបទយកសត្វពាហនៈរបស់អ្នកស្រុក មកចិញ្ចឹមក្រពើរបស់ខ្លួន៕
» វីដេអូបោះឆ្មារ ចូលក្នុងអាងក្រពើ៖