ហ៊ុន សែន មានងារថ្មីថាជានាយករដ្ឋមន្ត្រីជំនាញ... ខាងផ្លូវភេទ
- ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី២១ មករា ២០១៧
- កែប្រែចុងក្រោយ: January 21, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«នាយករដ្ឋមន្ត្រីជំនាញ ខាងស៊ើបរឿងផ្លូវភេទ» ទំនងក្លាយជាងារថ្មីមួយ សម្រាប់លោក ហ៊ុន សែន បន្ទាប់ពីលោក បានសរសេរទម្លាយ នៅលើទំព័រហ្វេសប៊ុករបស់លោក នូវអាថ៌កំបាំងស្ត្រីយកប្ដីគេម្នាក់ ដែលលោកអះអាងថា ជារឿងអាស្រូវផ្លូវភេទ របស់មន្ត្រីស្រីខ្មែរកាត់បារាំង របស់អង្គការឃ្លាំមើលពិភពលោក ដែលហៅជាភាសាអង់គ្លេស «Global Witness»។
នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេររឿងរ៉ាវអាថ៌កំបាំងនេះ នៅក្នុងផ្នែកដាក់មតិយោបល់ នៃទំព័រហ្វេសប៊ុក ដូច្នេះថា៖ «រឿង Global Witness ចាប់ផ្តើមពីបុគ្គលិកស្រីម្នាក់ ខ្មែរកាត់បារាំង ទៅធ្វើការនៅកម្ពុជា ទៅលួចសាហាយជាមួយប្តីគេ ដល់ប្រពន្ធគេទៅតាមរករឿងដល់ផ្ទះ បែជាចោទថា អ្នករកសុីកាប់ឈើ ទៅរករឿង»។
លោក ហ៊ុន សែន នៅបានពន្យល់ថា បុគ្គលិកស្ត្រីរូបនោះ មានម្ដាយជាតិខ្មែរ និងឪពុកជាតិបារាំង។ លោកបានសរសេរបញ្ជាក់ទៀតថា៖ «ពេលនោះ ទូតអង់គ្លេសក៏ដឹងរឿងនេះ។ រឿងអាស្រូវផ្លូវភេទ គេបង្វែរទៅជារឿងផ្សេង ពិតជាថោកទាបមែន។»។
ការទម្លាយចេញ នូវរឿងរ៉ាវអាថ៌កំបាំងនេះ បានធ្វើឡើង បន្ថែមពីលើប្រតិកម្ម របស់លោកហ៊ុន សែន តបទៅអង្គការឃ្លាំមើលពិភពលោក ដែលបានរិះគន់លោកនាយករដ្ឋមន្ត្រី និងរបបដឹកនាំរបស់លោក ជាច្រើនដងថា ពោរពេញដោយអាថ៌កំបាំង ការបំផ្លិចបំផ្លាញធនធានធម្មជាតិ អំពើពុករលួយ បក្ខពួកនិយម ជាមួយនឹងការក្ដោបក្ដាប់ នៅក្នុងដៃនៃសមាជិកគ្រួសារត្រកូល «ហ៊ុន» នូវសរសៃឈាមសេដ្ឋកិច្ចជាតិកម្ពុជា។
សម្រាប់អ្នកប្រើប្រាស់បណ្ដាញសង្គមមួយផ្នែក ដែលមានជំហរគាំទ្ររដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា បានគិតថា ការទម្លាយចេញ ជាសាធារណៈ របស់លោក ហ៊ុន សែន នូវ«អាថ៌កំបាំងផ្លូវភេទ»នេះ គឺជាពន្លឺមួយ សម្រាប់ក្រុមប្រឆាំង«ផ្កាប់មុខ»ទាំងអស់ កុំឲ្យ«បរទេសនិយម» ជាជាងនិយម«មេដឹកនាំជាតិឯង» ដែលកំពុងដឹកនាំប្រទេស ពោរពេញដោយ«គតិបណ្ឌិត»។
ប៉ុន្តែមួយផ្នែកទៀត បានគិតថា លោក ហ៊ុន សែន កំពុងយករឿងជាតិ ប្រព័ន្ធគ្រប់គ្រង និងការដឹកនាំប្រទេស មកលាយឡំ នឹងរឿងឯកជនតូចមួយ។ អ្នកប្រើប្រាស់បណ្ដាញសង្គមមួយរូប បានសរសេរថា៖ «រឿងជីវិតឯកជនរបស់គេទេ ដូចអត់មានពាក់ព័ន្ធ រឿងគុណភាពកាងារ។ នាយករដ្ផមន្រ្តី មិនគួរហែកហួររឿងអាស្រូវផ្លូវភេទរបស់អ្នកដ៏ទៃឡើយ វាប៉ះពាល់កិត្តិយសគាត់ ទៅវិញទេ។»។
នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានថ្លែង ជាសាធារណៈ ពីរឿងរ៉ាវ«ផ្លូវភេទ»ដូច្នេះ ជាច្រើនដងរួចមកហើយ ជាពិសេសករណី ដែលគេជឿថា បានជាប់ទាក់ទងនឹងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ កាលពីប៉ុន្មានខែមុន បន្ទាប់ពីខ្សែអាត់សម្លេង ពោរពេញដោយមន្ទិលជាច្រើន ត្រូវបានយកមកបង្ហោះ នៅលើបណ្ដាញសង្គម។
ទំនងជាដោយសារ បានដឹងនូវរឿង«អាស្រូវផ្លូវភេទ» ដ៏ប្លែកៗជាច្រើនដូច្នេះហើយ ទើបក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាដាក់ងារឲ្យលោក ហ៊ុន សែន ដែលពូកែ«ទម្លាយ»រឿងទាំងអស់ ចេញជាសាធារណៈ ថាជានាយករដ្ឋមន្ត្រី ដែលមានជំនាញខាងផ្លូវភេទ ឬនាយករដ្ឋមន្ត្រី តាមដានផ្លូវភេទ។ ខ្លះទៀត បានហៅលោកថា ជា«លោកគ្រូផ្លូវភេទ»។
ម្ចាស់គណនេយ្យហ្វេសប៊ុក ឈ្មោះ «Hang Sambopiphoas » បានសរសេរចំអកថា៖ «គ្មានអ្វីនិយាយ នឹងតបតរ មានតែយករឿងកេរ្តិ័ខ្មាសគេ មកវាយបក... ប្រុសអន់ចរឹត តិចគេដាក់ឈ្មោះថ្មីឲ្យថា នាយករដ្ឋមន្ត្រីតាមដានផ្លូវភេទ»។ ខណៈលោក «Puth Noeun» បានសរសរថា៖ «មនុស្សយើង (បើ)ចូលចិត្តអី (គឺ)និយាយតែអាហ្នុង គេនិយាយរឿងជាតិ ឯងគ្មានអ្វីក្រៅ ពីបុគ្គល រឿងផ្លូវភេទទេ!»។
ខ្លះទៀត បានសួរចូលស៊ីជម្រៅថា រួចចុះលោក ហ៊ុន សែន ខ្លួនលោក មិនដែលមានរឿងអាស្រូវ«ផ្លូវភេទ»ទេឬ? ម្ចាស់គណនេយ្យ ឈ្មោះ «Hourtleng Heng» បានដាក់ជាសំនួរ តាមបែបបញ្ឆិតបញ្ឆៀងថា៖ «បងប្អូនស្គាល់អ្នកស្រី ពិសិដ្ឋ ពីលិការ ឬអត់?»៕