អំណោយរបស់ មេឡានី ត្រាំ បង្កភាពទើសទាល់ដល់ មីឆែល អូបាម៉ា
- ដោយ: ឈូករ័ត្ន ([email protected]) - ប៉ារីស ថ្ងៃទី២០ មករា ២០១៧
- កែប្រែចុងក្រោយ: January 21, 2017
- ប្រធានបទ: ប្រធានាធិបតីអាមេរិក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រឿងតូចមួយ នៅក្នុងចំណោមរឿងរ៉ាវធំៗ ជាច្រើន ដែលរាប់ចាប់តាំង ពីពេលមានយុទ្ធនាការ ស្វែងរកសម្លេងឆ្នោត សម្រាប់ការបោះឆ្នោត ប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦កន្លងមក។ ប៉ុន្តែរឿងតូចនេះ បានបង្កចំណាប់អារម្មណ៍ និងរហូតអាចធ្វើឲ្យផ្ទុះសំណើច សម្រាប់បណ្ដាអ្នកតាមដាន ព្រឹត្តិការណ៍ស្បថចូលកាន់តំណែង របស់លោក ដូណាល់ ត្រាំ (Donald Trump) ឲ្យក្លាយជាប្រធានាធិបតីអាមេរិក ពេញសិទ្ធិ នៅថ្ងៃទី២០ ខែមករានេះ។
តាមរបៀបរបបពិធីការ ដែលតម្រូវធ្វើ ក្នុងពិធីស្បថចូលកាន់តំណែងនេះ គឺត្រូវចាប់ផ្ដើមដំបូង ដោយការរង់ចាំ ពីសំណាក់គូស្វាមីភរិយា នៃប្រធានាធិបតីផុតតំណែង ដើម្បីទទួលស្វាគមន៍គូស្វាមីភរិយា នៃប្រធានាធិបតីថ្មី។ ប៉ុន្តែចំណុចមួយ ដែលមានកើតឡើង នៅក្រៅគម្រោង របស់ពិធីការនោះ គឺ«អំណោយ»របស់អនាគតស្ត្រីទីមួយអាមេរិក អ្នកស្រី ម៉េឡានី ត្រាំ (Mélania Trump - ភរិយាលោក ដូណាល់ ត្រាំ) ដែលប្រគល់ទៅឲ្យអ្នកស្រី មីឆែល អូបាម៉ា (Michelle Obama) ភរិយារបស់ប្រធានាធិបតីផុតតំណែង លោក បារ៉ាក់ អូបាម៉ា (Barack Obama)។
ជាមួយនឹងភាពទើសទាល់ផង អ្នកស្រី មីឆែល អូបាម៉ា បានឈរកាន់ប្រអប់អំណោយ ពណ៌ខៀវផ្ទៃមេឃនោះ និងងាកមើលឆ្វេងស្ដាំ ដោយមិនដឹងថា តើនឹងត្រូវទុកប្រអប់អំណោយ ដ៏ពិសេសនេះ នៅកន្លែងណា។ ប៉ុន្តែ នៅទីបំផុត គឺលោក បារ៉ាក់ អូបាម៉ា ដែលនៅតែបង្ហាញ ពីលក្ខណៈសម្បត្តិ ជាសុភាពបុរស របស់លោក ជាអ្នកកាន់យកប្រអប់អំណោយនេះ ដើរត្រឡប់យកទៅទុក ទៅខាងក្នុង មុននឹងដើរចេញមកវិញ ដើម្បីថតរូបជាផ្លូវការ រវាងគូស្វាមីភរិយាទាំងពីរ។
» សកម្មភាពទាំងនេះ ត្រូវបានថតផ្សាយផ្ទាល់ ដោយទូរទស្សន៍នានា នៅលើពិភពលោក ដោយចាប់ផ្ដើមដំបូង ដោយទូរទស្សន៍ «CNN» របស់អាមេរិកខាងក្រោមផង៖