អូបាម៉ា លែងនៅស្ងៀម និងអំពាវនាវឲ្យធ្វើបាតុកម្ម
- ដោយ: សុបិន្ដ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី ៣០ មករា ២០១៧
- កែប្រែចុងក្រោយ: January 31, 2017
- ប្រធានបទ: នយោបាយអាមេរិក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីបានចាកចេញពីសេតវិមាន អស់រយៈពេល១០ថ្ងៃ លោក បារ៉ាក់ អូបាម៉ា (Barack Obama) អតីតប្រធានាធិបតីអាមេរិក បានបញ្ចេញសម្លេងរបស់លោក ជាលើកទីមួយ ដើម្បីសំដែងសមានចិត្ត ទៅកាន់ពលរដ្ឋអាមេរិកាំង ដែលបាន និងមានបំណងចុះដើរ នៅតាមដងផ្លូវ ដើម្បី«អនុវត្តន៍សិទ្ធិជាពលរដ្ឋ» របស់ពួកគេ។
តាមរយៈសេចក្ដីប្រកាសព័ត៌មានមួយ លោក «Kevin Lewis» អ្នកនាំពាក្យរបស់អតីតប្រធានាធិបតី បានបញ្ជាក់ថា៖ «ការប្រើប្រាស់សិទ្ធិ របស់ពលរដ្ឋ ដែលមានចែង ក្នុងរដ្ឋធម្មនុញ្ញ ក្នុងការជួបប្រជុំគ្នា ការធ្វើបាតុកម្ម និងដើម្បីឲ្យអ្នកតំណាង ស្ដាប់ឮនូវបំណងរបស់ខ្លួន មានលក្ខណៈសមស្របទាំងស្រុង ទៅនឹងអ្វីដែលចង់ឃើញ នៅខណៈពេលដែលតម្លៃ នៃប្រជាជាតិអាមេរិក កំពុងរងផលប៉ះពាល់»។
ការលើកឡើងនេះ បានធ្វើឡើងស្របពេល នឹងបាតុកម្មជាច្រើន នៅពាសពេញសហរដ្ឋអាមេរិក បានកើតឡើងយ៉ាងខ្លាំងក្លា នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ដើម្បីប្រឆាំងនឹងក្រិត្យមួយ របស់ប្រធានាធិបតីថ្មី លោក ដូណាល់ ត្រាំ (Donald Trump) ដែលបានហាមឃាត់ ជនអន្តោប្រវេសន៍ និងពលរដ្ឋ មកពីប្រទេស ចំនួន៧ក្នុងលោក កុំឲ្យធ្វើដំណើរ ចូលមកក្នុងទឹកដីអាមេរិក សម្រាប់រយៈពេល៣ខែ។
អ្នកនាំពាក្យ បានបន្តបញ្ជាក់ទៀតថា៖ «ទាក់ទងនឹងការប្រៀបធៀប ដែលត្រូវបានធ្វើឡើង ជាមួយនឹងការសម្រេចចិត្តនានា នៃនយោបាយការបរទេស របស់ប្រធានាធិបតី អូបាម៉ា និងដូចដែលយើង បានស្គាល់ពីមុនមកហើយ គឺប្រធានាធិបតី (អូបាម៉ា) មានគោលការណ៍ជំទាស់ ទល់នឹងគំនិត ដែលនាំឲ្យមានការរើសអ៊ើង ប្រឆាំងនឹងបុគ្គលទាំងឡាយណា ដោយហេតុ មកពីជំនឿ ឬការប្រកាន់សាសនារបស់ពួកគេ»។
លោក បារ៉ាក់ អូបាម៉ា ធ្លាប់បានថ្លែងដោយផ្ទាល់ នៅពីរថ្ងៃ មុនថ្ងៃស្បថចូលកាន់តំណែង របស់ប្រធានាធិបតីថ្មី ថាលោកមានបំណង មិនចូលរួម ក្នុងការជជែកវែកញែក ផ្នែកនយោបាយណាទាំងអស់ លើកលែងតែដល់ដំណាក់កាលមួយ ដែលជ្រុលហួសហេតុ។ ដំណាក់កាល ដែលលោកចាត់ទុកថា បានដើរទៅជ្រុលហួសនោះ មានដូចជា ការរើសអ៊ើងដែលមានលក្ខណៈជាប្រព័ន្ធ - ឧបសគ្គទៅដល់សិទ្ធិបោះឆ្នោត - ការប៉ុនប៉ងដើម្បីបំបិតមាត់ក្រុមប្រឆាំង ឬសារព័ត៌មាន និងគំនិតដែលចង់បណ្ដេញចេញ ពីសហរដ្ឋអាមេរិក នូវកុមារដែលបានធំដឹងក្ដី នៅសហរដ្ឋអាមេរិកជាដើម៕